ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក.ប.​ប​» ​ព្រមាន​ចាត់វិធានការ តាម​នីតិវិធី​ទៅលើ​ក្រុមហ៊ុន ឬ​អាជីវកម្ម ដែលមាន​ការផ្សាយពាណិជ្ជកម្ម​មិន​ពិត បំភាន់ ឬ​បោកបញ្ឆោត​អ្នកប្រើប្រាស់​នូវ​ផលិត​ទំនិញ​របស់ខ្លួន ដែល​វិធានការ​នេះ​នឹង​អនុ​វត្ត​នៅ​ដើមខែ​មីនា​ខាងមុខ​។

ការព្រមាន​នេះ​បាន​ធ្វើ​ឡើង ក្រោយពី​តំណាង​ក្រុមហ៊ុន​ចំនួន​ ២១ ក្នុងចំណោម ២៧ ​ក្រុមហ៊ុន បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​លោក ឌឹម ថេង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក.ប.ប​» ​ពាក់ព័ន្ធ​នឹង​ការផ្សាយពាណិជ្ជកម្ម​មាន​ភ្ជាប់​រង្វាន់​។ ទំព័រ​ហ្វេសប៊ុក​របស់​ «​ក.ប.ប​» ​បាន​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​នៅ​ស្នាក់ការ​កណ្ដាល​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន ដែល​ត្រូវបាន​អញ្ជើញ​ដោយ​អគ្គនាយកដ្ឋាន ក.ប.ប ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​ច្បាប់ ដែល​អគ្គនាយកដ្ឋាន ក.ប.ប នឹង​ចាត់វិធានការ​តាម​នីតិវិធី​ទៅលើ​ក្រុមហ៊ុន ឬ​អាជីវកម្ម ដែលមាន​ការផ្សាយពាណិជ្ជកម្ម​មិន​ពិត បំភាន់ ឬ​បោក​បញ្ឆោត​អ្នកប្រើប្រាស់​»​។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន «​ក.ប.ប​» បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​កាលពី​ថ្ងៃទី ​៩​ កុម្ភៈ​ថា ក្រុមហ៊ុន​ដែល​បាន​ជួប​ជាមួយ «​ក.ប.ប​» នៅពេលនេះ គឺ​មិនទាន់​ត្រូវបាន​រកឃើញថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ​នៅឡើយ​ទេ​។

លោក​បាន​បន្តថា ការជួបពិភាក្សាគ្នា​លើក​នេះ​ គឺធ្វើឡើង​ជា​លើកចុងក្រោយ មុននឹង «​ក.ប.ប​» អនុវត្ត​វិធានការ​តាមច្បាប់ បន្ទាប់ពី​ «​ក.ប.ប​» បាន​ជួប​ជាមួយ​បណ្តា​ក្រុមហ៊ុន​ទាំងនោះ​ចំនួន ​៣ ដង​រួចមកហើយ ដើម្បី​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការផ្សាយ​ពាណិជ្ជកម្ម​មិន​ពិត បំភាន់ ឬ​បោកបញ្ឆោត​អ្នកប្រើប្រាស់​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ជួប​ពួកគាត់​កន្លងមក​ក្នុង​ឆ្នាំ​ ២០២១ គឺ​ចំនួន ៣ ​លើក​ហើយ ដើម្បី​ជម្រាប​គាត់​ពី​ការផ្សព្វផ្សាយ​ទាំងឡាយ​ដែលមាន​ភ្ជាប់​រង្វាន់ គាត់​ត្រូវតែ​បង្ហាញ​ពី​ឯកសារយោង ដែល​បង្ហាញថា មាន​រង្វាន់​ពិតប្រាកដ​។ ការប្រើប្រាស់​ពាក្យពេចន៍​ណាមួយ​នោះ គឺ​ត្រូវ​ចាត់ទុកថា ជា​អំពើ​មិន​សុចរិត​ក្រោម​ច្បាប់​នោះ យើង​នឹង​ពិន័យ​ជា​អន្តរការណ៍​»​។

បើតាម​លោក ផាន អូន «​ក.ប.ប​» នឹង​អនុវត្ត​ពិន័យ​ជា​អន្តរការណ៍​ពាក់ព័ន្ធ​នឹង​ការប្រកប​អាជីវកម្ម​មិន​សុចរិត​ក្នុង​ការផ្សាយ​ពាណិជ្ជកម្ម​មិន​ពិត បំភាន់ ឬ​បោក​បញ្ឆោត​អ្នកប្រើប្រាស់​ទៅកាន់​បណ្តា​ក្រុមហ៊ុន​នានា​ទូទាំង​ប្រទេស នៅក្នុង​ខែមីនា​ខាងមុខ ដោយ​ទុកពេល​ឱ្យ​ក្រុមហ៊ុន​ទាំងនេះ​បាន​ត្រៀមខ្លួន​រយៈពេល ៣ ​សប្តាហ៍​បន្តទៀត​។

លោក​បាន​បន្តថា​៖ «​យើង​សង្ឃឹមថា ក្រុមហ៊ុន​ដែលមាន​ការផ្សាយ​ពាណិជ្ជកម្ម​ទាំងនេះ​នឹង​បំពេញ​តាមច្បាប់ ឬ​បំពេញ​តាម​ការផ្សាយ ដែល​មាន​សុចរិតភាព​សម្រាប់​ប្រជាពលរដ្ឋ​យើង​»៕