សៀមរាបៈ​ ស្រុក​អង្គរ​ជុំនៃ​ខេត្ត​សៀមរាប​បាន​ក្លាយ​ជា​ស្រុក​ដំបូង​បំផុត​នៅក្នុង​ខេត្ត​សៀម​រាប​ ដែល​សម្រេច​បានជា​ស្រុក​បញ្ឈប់​ការបន្ទោបង់​ពាស​វាល​ពាស​កាល​ បន្ទាប់​ពី​មាន​ការ​ជំរុញ​និង​ផ្សព្វ​ផ្សាយ​រួមជា​មួយ​កិច្ច​សហ​ការ​ល្អ​រវាង​អាជ្ញា​ធរ​មូលដ្ឋាន​ សហ​គមន៍ និង​អ្នក​ពាក់​ព័ន្ធ​ក្នុង​រយៈ​ពេល​ ៤ ​ឆ្នាំ ​ដែល​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​​ក្នុង​ស្រុក​មាន​បង្គន់​ប្រើ​ប្រាស់​គ្រប់ៗ​គ្នា​។

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គការ​ភ្លែ​ន​អន្តរ​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី១០ ​ខែកុម្ភៈ​ បាន​ឲ្យ​ដឹងថា គណៈ​កម្មាធិ​ការ​វាយ​តម្លៃ​ដែល​មាន​សមាស​ភាព​មក​ពី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ មន្ទីរ​អភិវឌ្ឍន៍​ជន​បទ និង​តំណាង​ស្រុក​ជិត​ខាង បាន​វាយតម្លៃ​ស្រុក​អង្គរ​ជុំជា​ស្រុក​ដំបូង​បំផុត​ក្នុង​ខេត្ត​សៀម​រាប​ដែល​បញ្ឈប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល(ODF)ទាំង​ស្រុង​ កាល​ពីថ្ងៃទី​២៣​ ខែធ្នូឆ្នាំ​២០២១​ ។

អង្គការ​នេះ​បន្ត​ថា ស្រុក​អង្គរ​ជុំ​គឺជា​ស្រុក​មួយ​ក្នុង​ចំណោម​ក្រុង ស្រុក​ទាំង​១២ នៃ​ខេត្ត​សៀម​រាប មាន​ឃុំ​ចំនួន​៧​ឃុំ និង​៨៦​ភូមិ មាន​ប្រជា​ជន​រស់នៅ​ចំនួន​ជាង ​១៥ ៧០០​ខ្នង​ផ្ទះ។ ក្នុង​ឆ្នាំ​២០១៦ ​មានតែ៤៥% ​នៃ​គ្រួសារ​ទាំង​អស់​ប៉ុណ្ណោះ​ដែល​មាន​លទ្ធ ភាព​ប្រើ​ប្រាស់​បង្គន់​អនា​ម័យ​។

អង្គការ​ភ្លែ​ន​អន្តរជាតិ​បញ្ជាក់​ថា«ការ​យល់​ដឹង​របស់​ប្រជា​ជន​អំពី​សារៈ​សំខាន់​នៃ​ការ​អនុវត្ត​អនា​ម័យ​នៅ​មាន​កម្រិត​ទាប ​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​ជា​រឿង​ធម្មតា។ បន្ទាប់​ពី​ការ​ជំរុញ​និង​ផ្សព្វ​ផ្សាយ​ រួមជា​មួយ​កិច្ច​សហការ​ល្អ​រវាង​អាជ្ញាធរ​មូល​ដ្ឋាន សហ​គមន៍ និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ក្នុង​រយៈ​ពេល​៤​ឆ្នាំ ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ស្រុក​មាន​បង្គន់​ប្រើ​ប្រាស់​គ្រប់ៗ​គ្នា»​។

លក្ខ​ខណ្ឌ​ជំរុញ​ឱ្យ​ស្រុក​អង្គរ​ជុំ​បាន​ក្លាយ​ជា​ស្រុក​បញ្ឈប់​ការប​ន្ទោប​ង់​ពាស​វាល​ពាស​កាល​ទាំង​ស្រុង​ ដោយ​សារ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​នីមួយៗ​យល់​ដឹង​ខ្ពស់​ពី​បញ្ហា​អនា​ម័យ និង​មាន​ទម្លាប់​អនុវត្ត​អនា​ម័យ ក្រោយពី​បាន​ចូលរួម​យល់​ដឹង​អំពី​ការផ្សព្វ​ផ្សាយ​បំផុស​អំពី​អនា​ម័យ​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​អង្គ​ការ​ភ្លែន​អន្តរ​ជាតិ​។

លោក ​យី គីម​ថា​ន តំណាង​អង្គ​ការ​ភ្លែ​ន​អន្តរ​ជាតិ​កម្ពុជា​ថ្លែង​ថា ស្រុក​អង្គរ​ជុំ ក្លាយ​ជា​ស្រុក​ដំបូង​បំផុត​នៅ​ខេត្ត​សៀម​រាប​ដែល​បញ្ឈប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល(ODF) ក៏ដោយ​សារ​កិច្ច​សហ​ការ​ល្អ​ពី​អាជ្ញា​ធរ​ភូមិ​ ឃុំ ​ស្រុក​ ជាមួ​យ​ដៃគូ​អភិវឌ្ឍន៍​នានា។ ​ឃុំនិង​ស្រុក​បាន​លើក​របៀប​វារៈ​ការ​ងារ​ទឹក​ស្អាត និង​អនា​ម័យ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាប្រចាំ​ខែ ដោយ​មាន​ការ​គាំទ្រ​បច្ចេក​ទេស​ពី​ក្រសួងនិ​ង​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ ​អង្គការ​បណ្តុះ​កុមារ និង​អង្គការ​ភ្លែ​ន​អន្តរ​ជាតិ​ បាន​ចូលរួមនិង​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​អនា​ម័យ​នៅ​ក្នុង​ស្រុក​ ។

លោក​បញ្ជាក់​ទៀត​ថា៖«ការ​លើក​កម្ពស់​អនា​ម័យ​មិន​មែន​គ្រាន់​តែ​ជា​ការ​សាង​សង់​បង្គន់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ជាការ​អប់​រំដើម្បី​ផ្លាស់​ប្តូរ ទម្លាប់​បញ្ឈប់​ការ​បន្ទោ​បង់​ពាស​វាល​ពាសកា​ល ​ផឹកទឹក​ដែល​មាន​សុវត្ថិភា​ព និង​មាន​ទម្លាប់​លាង​សម្អាត​ដៃ​ជា​មួយ​សាប៊ូ​ជានិច្ច»​។

លោក​តំណាង​អង្គការ​ភ្លែ​ន​អន្តរជាតិ​លើក​ឡើង​ផងដែរ​ថា​ ការ​រក្សា​ស្ថាន​ភាព​បញ្ឈប់​ការ​បន្ទោ​បង់​ពាសវាល​ពាស​កាល​មាន​សារៈសំខាន់​បំផុត​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​និង​ភាព​ជា​អ្នក​ដឹក​នាំ​និង​សកម្ម​ភាព​យ៉ាង​សកម្ម​របស់​អាជ្ញាធរ​ខេត្ត ​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ មន្ទីរ​អភិវឌ្ឍ​ន៍ជន​បទ ខេ​ត្ត ស្រុក និង​ឃុំ ដើម្បី​ធានា​ថា​សមិទ្ធ​ផល​នេះ​មាន​ផល​ប៉ះពាល់​យូរ​អង្វែង​ដល់​ប្រជា​ពលរដ្ឋ។​

លោក ​ប៊ុ​យ ប៊ុន មេឃុំ​ នគរ​ភា​ស ស្រុក​អង្គ​រជុំ បានថ្លែង​នៅ​ថ្ងៃទី​១០​ ខែកុម្ភៈ​ថា ​អាជ្ញា​ធរ​ឃុំ​បាន​សម្រុក​ធ្វើការ​អប់រំ​ណែ​នាំ​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​យល់​ដឹង​ពី​បញ្ហា​អនាម័យ​ចាប់ពី​ឆ្នាំ​២០១៤​រហូត​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ឆ្នាំ​២០២១​។ លោក​ថា ការ​កែ​ប្រែ​ទម្លាប់​របស់​ប្រជា​ពលរដ្ឋ​មិន​មែន​ជា​កា​រងាយ​ទេ ​ត្រូវតែ​ធ្វើ​ហើយ​ធ្វើ​ទៀត ​រំឭក​ហើយ ​រំឭក​ទៀត​ និង​ចុះ​ទៅ​ដល់​មូល​ដ្ឋាន​ប្រជា​ពលរដ្ឋ​សង្កេត​មើល​ពីស​ភាព​ជា​ក់​ស្តែង​នៃ​ការ​យល់​ដឹងនិង​ការ​មាន​ធន​ធាន​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការរៀបចំ​ធ្វើ​បង្គន់​អ​នាម័យផង​ដែរ​។

លោក​ថ្លែង​ថា៖ «អ្វី​ណា​ដែល​យើង​មាន​សមត្ថ​ភាព​ជួយ​ យើង​ជួយ អ្វី​ណា​ដែល​គេ​ធ្វើ​ខ្លួនគេ​បាន​ យើង​ឲ្យ​គេ​ធ្វើខ្លួនឯ​ង​ទៅ​ ហើយ​យើង​មិន​បោះ​បង់​ចោល​ទេ​គឺ​យើង​តាម​ដាន​ជា​ប្រចាំ ​បើក​ប្រជុំ​ប្រចាំ​ខែ ​តាម​ដាន​ពិនិត្យ​មើល​ភូមិ​ណា​ធ្វើ​បាន​ផល​ ភូមិ​ណា​ធ្វើ​មិន​បាន​ផល មូល​ហេតុ​យ៉ាង​ម៉េច»​ ។

លោក​បញ្ជាក់​ថា ​ការចាប់​​ផ្តើម​ដំបូង​ពិបាក​បន្តិច​មែន​ ប៉ុន្តែ​ដល់​យូរៗទៅ ​ប្រជា​ពលរ​ដ្ឋ​ចាប់​ផ្តើម​មាន​ការ​យល់​ដឹង​និង​ភ្ញាក់​រឭក​ធ្វើ​បង្គន់​អនា​ម័យ ​រហូត​មកទល់​បច្ចុ​ប្បន្ន​នេះ​ ការធ្វើ​បង្គន់​អនា​ម័យ​សុទ្ធតែ​ទំនើប​ល្អ​ស្អាត​ហើយ​សុទ្ធ​តែមាន​អាង​ទឹក​ទៀត​ផង​ ខុស​ផ្ទុយកាល​ពី​៥​ ទៅ​១០​ឆ្នាំមុ​នដែល​ប្រជា​ពលរដ្ឋ​តែង​បន្ទោ​បង់​ពាស​វាល​ពាស​កាល​ ជះ​ក្លិន​មិន​ល្អ​នៅ​ដោយ​កន្លែង​នៃ​ភូមិ​នីមួយៗ។​

សូ​មជម្រាប​ថា ខេត្តស្វាយរៀ​ង ជា​​ខេត្ត​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជាដែល​បាន​ក្លាយ​ជា​ខេត្ត​បញ្ឈប់​ការ​បន្ទោ​បង់​ពាសវាល​​ពាស​កាល កាលពី​​ថ្ងៃទី​៣០​ខែតុលាឆ្នាំ​២០២១ ដោយ​សារ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ពី​អាជ្ញាធ​រខេត្ត​និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ក្នុងការ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជា​ពលរដ្ឋ​ដែល​ជោគ​ជ័យ​នេះ​មាន​ការ​ឧបត្ថម្ភ​ពី​អង្គ​ការ​ដៃគូ​ ​។ក្រៅពី​នោះ​កាល​ពីដើម​ខែកុម្ភៈ​ឆ្នាំ​២០២២នេះ​ រដ្ឋបា​ល​ខេត្ត​កណ្តាល​ក៏​បាន​ប្រកាស​ដាក់​ស្រុក​ចំនួន​៤ ​ជា​ស្រុក​បញ្ឈប់​ការ​បន្ទោ​បង់​ពាសវា​ល​ពាស​កាល​ផ​ងដែរ។ក្នុង​នោះ​រួមមាន​ ស្រុក​អង្គ​ស្នួល ស្រុក​កណ្តាល​ស្ទឹង ស្រុក​ខ្សាច់​កណ្តាល និង​ស្រុក​លើក​ដែក​៕ ​