ភ្នំពេញៈ ឧបករណ៍​ឆក់​ត្រី​គ្រប់​ប្រភេទ​ចំនួន​៣០៨គ្រឿង​ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ ៨ ស្រុក​-ក្រុង​ ទូទាំង​ខេត្ត​កំពង់ឆ្នាំង ​ប្រគល់​ជូន​រដ្ឋអំណាច​មូលដ្ឋាន​ដោយ​ស្ម័គ្រចិត្ត ​បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​ពី​លោក ​ស៊ុន សុវណ្ណ​រិទ្ធ​ អភិបាល​ខេត្ត​កំពង់ឆ្នាំង​ កាលពី​ថ្ងៃ​ទី ៣០ ​មករា ​ឆ្នាំ ២០២២។

លោក​អៀរ ប៊ុនធឿន ​ស្នងការរង​ នៃ​ស្នងការដ្ឋាន​នគរបាល ​ខេត្ត​កំពង់ឆ្នាំង​ ដែលជា​អ្នកទទួល​បន្ទុក​អនុវត្ត​លើ​ការងារ​ប្រមូល​ឧបករណ៍​ឆក់​ត្រី​បានឱ្យដឹង​នៅ​ថ្ងៃ​ទី១០ ​កុម្ភៈ ​ថា ​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​ មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ចំនួន​៥ ​នៅ​ជាប់​ដង​ទន្លេសាប ​រួមមាន​ស្រុក​បរិបូរណ៍ ​ស្រុក​កំពង់លែង ​ស្រុក​រលាប្អៀរ ​ស្រុក​កំពង់ត្រឡាច ​និង​ស្រុក​ជលគិរី ​ព្រមទាំង​ស្រុក​ផ្សេងៗ​ទៀត ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បានប្រគល់​ឧបករណ៍​ឆក់​ត្រី​ចម្រុះ​ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​បាន​ចំនួន​៣០៨គ្រឿង​ហើយ​ គិត​ចាប់ពី​ថ្ងៃ​ទី៣១ ​មករា ​ឆ្នាំ២០២២ដល់​ថ្ងៃ​ទី៦ កុម្ភៈ។

លោក​បន្តថា ​ការដែល​ពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ឧបករណ៍​ឆក់​ត្រី​នេះ​ បន្ទាប់ពី​មាន​ការផ្សព្វផ្សាយ​របស់​លោក​ស៊ុន សុវណ្ណ​រិទ្ធ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់​ឆ្នាំង។ ការផ្សព្វ​ផ្សាយ​នេះ​លោក​អភិបាល​ខេត្ត​ក៏បាន​ដាក់​កំណត់​រយៈពេល​៧ថ្ងៃ​(ពីថ្ងៃ​ទី៣១ ​មករា ​ដល់ ​ថ្ងៃ​ទី៦ កុម្ភៈ) ​ដើម្បី​ទុកពេល​ឱ្យ​ពលរដ្ឋ​ភ្ញាក់រឭក​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ណា​មិន​អនុវត្ត​តាម​ការប្រកាស​ផ្សព្វផ្សាយ ​និង​បណ្តែត​បណ្តោយ​ឱ្យ​ហួស​កាលកំណត់​នោះ​ សមត្ថកិច្ច​ជំនាញ​ មាន​នគរបាល​នៅតាម​បណ្តា​ស្រុក​-ក្រុង ​នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ហើយ។

លោក​ថ្លែងថា​៖«លោក​អភិបាល​ខេត្ត​បានដាក់​បទបញ្ជា​ដាច់​ណាត់​ថា ​ទុកពេល​ឱ្យ​ពលរដ្ឋ​១​សប្តាហ៍​ចំពោះ​អ្នកមាន​ឧបករណ៍​ឆក់​ត្រី​ទាំង​ឆក់​ត្រជាក់​និង​ឆក់​ក្តៅ​ហ្នឹង​ត្រូវតែ​ស្ម័គ្រចិត្ត​ប្រគល់​ឱ្យ​រដ្ឋ​អំណាច។ បើ​ហួស​ពី​១សប្តាហ៍​ គឺ​នៅពេល​សមត្ថកិច្ច​ចាប់​បាន​ត្រូវ​អនុវត្ត​ច្បាប់​តែម្តង»។

បើ​តាម​លោក​អៀរ ប៊ុនធឿន ​ រយៈពេល​៦ថ្ងៃ​ នៃ​ការកំណត់​នេះ ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ឱ្យ​រដ្ឋអំណាច​នៅតាម​ស្រុក​-ក្រុង​ បាន​ចំនួន​៣០៨គ្រឿង ​លើ​ចំនួន​មនុស្ស​៣០៧នាក់។ ប៉ុន្តែ​គិត​ចាប់ពី​ថ្ងៃ​ទី៧ ​កុម្ភៈ ​រហូត​ដល់​ថ្ងៃ​ទី១០ ​កុម្ភៈ ​ឆ្នាំ២០២២ ​គឺ​បាន​ហួស​ឱសានវាទ​ថ្ងៃ​កំណត់​ហើយ។ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​របស់​លោក​មិនទាន់​ចាប់​បាន​នរណា​ម្នាក់​ដែល​ប្រើ​ឧបករណ៍​ឆក់​ត្រី​នេះ​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់ថា ​ចំពោះ​ឧបករណ៍​ឆក់​ត្រី​ ដែល​ពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ឱ្យ​រដ្ឋអំណាច​នោះ​មិនមែន​សំដៅ​លើ​តែ​ស្រុក​នៅតាម​ដង​ទន្លេ​សាប​ទេ​ គឺ​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​តែម្តង​ ដែល​មាន​ចំនួន​៨ស្រុក​-ក្រុង​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​តែ​ម្តង៕