សីហនុ/តាកែវ: ​យ៉ាងហោច​ណាស់​មាន​រថយន្ត ​២៥២​ គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ក្នុង​​ខេត្ត​ ២ គឺ​តាកែវ​ និង​ខេត្ត​ព្រះសីហនុ​ឃាត់​ និង​ផាកពិន័យ​ដោយសារ​មិនបាន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២១ ​ចាប់ពី​ថ្ងៃទី​ ៣ កុម្ភៈ ដល់​ថ្ងៃទី​ ១០ ​ខែកុម្ភៈ​។ ​នេះ​បើតាម​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ និង​តាកែវ​នៅ​ថ្ងៃទី ​១០ ខែកុម្ភៈ​។

លោក​ ចាន់ ប៊ន អនុប្រធាន​សាខា​ពន្ធដារ​ខេត្តតាកែវ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១០ ខែកុម្ភៈ ថា ចាប់ពី​ថ្ងៃ​ ៣ កុម្ភៈ រហូតដល់​ថ្ងៃ​​ទី​ ១០ ខែកុម្ភៈ សមត្ថកិច្ច​ចម្រុះ​បាន​ពិនិត្យឃើញ​រថយន្ត​ចំនួន​ ៧៦ ​គ្រឿង មិនបាន​បង់ពន្ធ​សម្រាប់​ឆ្នាំ​ ២០២១​។ ​លោក​ថា យានយន្ត​ទាំងនោះ​មាន​ចម្រុះ​ជាច្រើន​ដូចជា រថយន្ត​ដឹក​អ្នកដំណើរ រថយន្ត​ដឹកទំនិញ រថយន្តក្រុង និង​រថយន្ត​សម្រាប់​ធ្វើដំណើរ​លក្ខណៈ​គ្រួសារ​ជាដើម​។

លោក​បាន​បន្តថា ពលរដ្ឋ​បាន​សហការ​ល្អ​ក្នុងការ​បង់ពន្ធ​​លើ​មធ្យោបាយ​ដឹកជញ្ជូន​នៅ​​ពេល​សមត្ថកិច្ច​ឃាត់​រថយន្ត​។ អ្នកខ្លះ​បាន​ចូល​បង់ពន្ធ​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​ដល់​សមត្ថកិច្ច​ឃាត់​នោះទេ​។ ​ពលរដ្ឋ​ភាគច្រើន​បាន​ដោះសា​ថា ការដែល​មិនបាន​ទៅ​បង់ពន្ធ​ផ្លូវ​ទាន់ពេល​តាម​ការកំណត់​របស់​​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយសារ​តែ​ភ្លេច​ និង​មិនបាន​ចាប់​អារម្មណ៍ ព្រោះ​រវល់​ការងារ​។

ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​យានយន្ត​ដែល​មិនបាន​​បង់ពន្ធ​ផ្លូវ​នោះ សមត្ថកិច្ច​ចម្រុះ​ក៏បាន​រំឭក អប់រំ​ណែនាំ​បន្ថែម​ពី​ពេលវេលា​ដែល​ត្រូវ​បង់ពន្ធ​ផងដែរ​ ដើម្បី​កុំឱ្យ​មានការ​ភ្លេច​ ​ឬ​យឺត​ពេលដែល​នាំឱ្យ​ខាតបង់​ថវិកា​ដោយសារ​ការផាកពិន័យ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ ចាន់ ប៊ន​។

លោក​ថ្លែងថា​៖ «​ពេល​ពលរដ្ឋ​គាត់​បង់ថ្លៃ​ផាកពិន័យ​រួច​​កម្លាំង​យើង​បាន​រំឭក​គាត់​ថា ឆ្នាំ​ ២០២២ ​នេះ យើង​នឹង​ចាប់ផ្តើម​ទទួល​បង់ពន្ធ​ផ្លូវ​ពី​ខែ ​៦ រហូត​​ដល់​ខែ ​១១ សូម​បងប្អូន​កុំ​ភ្លេច​ទៀត​។ ​ពលរដ្ឋ​គាត់​ថា អ៊ីចឹង​គាត់​នឹង​ចាំ​ទុក ហើយ​ធ្វើយ៉ាងណា​មិនឱ្យ​ភ្លេច​ទៀត​ទេ ព្រោះនេះ​គឺជា​កាតព្វកិច្ច​មួយ​របស់​ពួកគាត់​» ។

លោក ប៉ែត ចក់ អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១០ ខែកុម្ភៈ​ដែរ​ថា សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​ពន្ធដារ​ខេត្ត​ព្រះសីហនុ​បាន​រកឃើញ​យានយន្ត​ចំនួន​ ១៧៦ ​គ្រឿង​ដែល​មិនបាន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ក្នុង​ឆ្នាំ​ ​២០២១​។ លោក​ថា​ពេល​រកឃើញ​យានយន្ត​មិន​បង់ពន្ធ​ផ្លូវ​សមត្ថកិច្ច​​ចម្រុះ​បានឱ្យ​ពលរដ្ឋ​បង់ថ្លៃ​ផាក​ពិន័យ​ភ្លាមៗ​នៅនឹងកន្លែង​។

លោក​បន្តថា ពលរដ្ឋ​បាន​លើក​ពី​បញ្ហា​កូវីដ ​១៩ ធ្វើឱ្យ​ពួកគាត់​ភ្លេច​មិនបាន​ទៅ​បង់ពន្ធ ប៉ុន្តែ​ការលើកឡើង​នេះ​អាច​គ្រាន់តែ​ជា​លេស​របស់​ពួកគាត់ ព្រោះ​ជាក់ស្តែង​មាន​ពលរដ្ឋ​ជាច្រើន​បានភ្ញាក់រឭក​ដឹង​ពី​កាតព្វកិច្ច និង​បាន​ទៅ​បង់ពន្ធ​ទាន់ពេល​។

លោក​ថ្លែងថា​៖ «​ភាគច្រើន​គាត់​ភ្លេច គាត់​ថា​កូវីដ​កើតឡើង អ៊ីចឹង​ទៅ​ក៏​អត់​បាន​ទៅ​បង់ពន្ធ អ៊ីចឹង​ដល់ពេល​គាត់​ភ្លេចៗ​ទៅ​វា​ក៏​ហួស​ថ្ងៃ​ទៅ​។ អ្នកមួយ​ចំនួន​គាត់​បាន​ស្វះស្វែង​យល់​អំពី​កាតព្វកិច្ច ប៉ុន្តែ​អ្នកមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មិនបាន​យល់​» ។

លោក​អនុប្រធាន​ពន្ធដារ​ខេត្ត​ព្រះសីហនុ​បានឱ្យដឹង​ទៀតថា អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រកាស​តម្រូវឱ្យ​ម្ចាស់​យានយន្ត និង​យានជំនិះ​គ្រប់​ប្រភេទ​ចូលខ្លួន​បង់ពន្ធ​ចាប់ពី​ថ្ងៃទី​ ១​ ខែមិថុនា រហូតដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ជា​រៀងរាល់ឆ្នាំ​។ ហេតុនេះ ដើម្បី​កុំឱ្យ​ខកខាន​ក្នុង​ការបង់ពន្ធ​សូម​ពលរដ្ឋ​គ្រប់រូប​ដែលមាន​កាតព្វកិច្ច​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ទៅ​បង់​ឱ្យបាន​ទាន់ពេល​កំណត់ ដើម្បី​ចៀសវាង​ការផាកពិន័យ ។

លោក​បាន​បញ្ជាក់ថា​៖ «​ទោះបី​គាត់​មិនបាន​បង់​នៅក្នុងពេល​ហ្នឹង​ក៏ដោយ ពេលដែល​យើង​ឈប់​ត្រួតពិនិត្យ​យើង​ឱ្យ​គាត់​ចូលខ្លួន​ទៅ​បង់​ក៏​នៅតែ​ត្រូវ​ពិន័យ​ដដែល​ទេ អត់​មាន​ពី​ណា​​មួយ​គេច​បានទេ យើង​រំឭក​តាំងពី​ឆ្នាំ ដែល​គាត់​ខាន​បង់​មករ​ហូត​» ។

បើតាម​លោក ប៉ែត ចក់ ការត្រួតពិនិត្យ​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២១ ធ្វើឡើង ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សារពើពន្ធ​ និង​អនុលោមភាព​នៃ​ការបង់ពន្ធ​លើ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​ដោយ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​ ១ កុម្ភៈ ឆ្នាំ ​២០២២ តទៅ​៕