ឧត្តរមានជ័យៈ ស្ថិតក្នុង​ស្ថានភាព​កូវីដ​ ១៩ អស់​រយៈពេល ២ ​ឆ្នាំ​មកនេះ សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ​បាន​បង្កើន​ការ​រឹតបន្តឹង​ក្នុងការ​បង្ក្រាប​បទល្មើស​នៅតាម​ព្រំដែន ជាពិសេស​នៅតាម​ច្រករបៀង ដោយ​អាជ្ញាធរ​ខេត្ត​នេះ​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ផ្អាក​ការធ្វើដំណើរ​ឆ្លងដែន​ខុសច្បាប់ ដែលមាន​ហានិភ័យ និង​ងាក​មក​ធ្វើការ​បង្កបង្កើនផល​ដាំដុះ​ក្នុងស្រុក​ជំនួស​វិញ​។

នេះ​ជា​ការលើកឡើង​របស់​អភិបាលរង​ខេត្ត​ឧត្តរមានជ័យ លោកស្រី មិន ធារី ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី “​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រុមប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ​” នៅ​ថ្ងៃទី​ ១០ ​កុម្ភៈ ឆ្នាំ​ ២០២២​។

លោកស្រី មិន ធារី បាន​លើកឡើងថា សម្រាប់​យុទ្ធសាស្ត្រ​របស់​ខេត្ត​ពិតមែន​តែ​បច្ចុប្បន្ន​ពលរដ្ឋ​មិនអាច​ចំណាកស្រុក​ស្របច្បាប់​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​គឺជា​ឱកាស​មួយ សម្រាប់​អាជ្ញាធរ​មូលដ្ឋាន បង្កើន​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ក្នុង​ស្រុក​ឱ្យ​គាត់​ផ្លាស់ប្តូរ​ផ្នត់គំនិត​ទៅ​ក្រៅប្រទេស​។

លោកស្រី​ថា​៖ «​គឺជា​រឿង​ល្អ មានន័យថា យើង​មានឱកាស​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ តាមរយៈ​វិស័យ​ផ្សេងៗ​ឱ្យ​គាត់​បង្កើន​ចំណូល​ជីវភាព​ឱ្យ​គាត់​គិត​ផ្លាស់ប្តូរ​ផ្នត់គំនិត​។ ខ្ញុំ​ទទួល​ស្គាល់​ថា អ្នក​ឧត្តរមានជ័យ​កន្លងមក ពលរដ្ឋ​មួយចំនួន​តូច គាត់​តែងតែ​គិតថា ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ចំណូល​ច្រើន ច្បាស់លាស់​អាច​ផ្ញើ​លុយ​ត្រឡប់មក​បងប្អូន​ធ្វើ​ផ្ទះសំបែង​បាន ជាក់ស្តែង​គាត់​ទទួល​បាន​ប្រាក់​កម្រៃ​មែន ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ស្ថានភាព​កូវីដ​នេះ មិនមែន​ជា​ស្ថានភាព​ល្អ​ទេ​»​។

ទន្ទឹមនឹង​នេះដែរ លោកស្រី​បាន​ថ្លែង​កោតសរសើរ​ចំពោះ​មន្ទីរ​កសិកម្ម​ខេត្ត ដែល​បាន​ខិតខំ​បង្កើត​មុខរបរ និង​បណ្តុះបណ្តាល​បច្ចេកទេស ផ្នែក​កសិកម្ម និង​ការចិញ្ចឹម​សត្វ​ដល់​ប្រជាកសិករ​ក្នុង​ខេត្ត​។ លោកស្រី​បញ្ជាក់ថា​៖ «​ក្រសួងកសិកម្ម​បាន​បង្កើន​ជីវភាព​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដូចជា​ការចិញ្ចឹម ត្រី មាន់ ទា និង​លើកទឹកចិត្ត​ឱ្យដាំ​ដុះ បង្កើន​ចំណូល​ប្រចាំថ្ងៃ ហើយ​ក្រុមការងារ​បង្កើតជា​បណ្តុំ​តាមដាន រក​ទីផ្សារ​។ ពិត​ថា ទីផ្សារ​បច្ចុប្បន្ន​មាន​ការលំបាក ប៉ុន្តែ​ក្នុងនាម​ជា​មន្ត្រី ដែល​បម្រើ​ប្រជាពលរដ្ឋ​ត្រូវ​រក​ទីផ្សារ ដើម្បី​បង្កើន​ចំណូល​»​។

លោកស្រី​បាន​គូសបញ្ជាក់​ថា ពលរដ្ឋ​ដែល​ប្រថុយប្រថាន​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ដើម្បី​ប្រាក់ចំណូល​ប្រចាំ​គ្រួសារ ប៉ុន្តែ​បើសិនជា​គាត់​មាន​ចំណូល​ជាក់លាក់​ក្នុង​មូលដ្ឋាន គាត់​មិន​ទៅ​ចំណាកស្រុក​ទេ គឺ​នឹង​នៅ​ជិត​គ្រួសារ ហើយ​មិន​បែកបាក់​គ្រួសារ ។

បើតាម​លោកស្រី មិន ធារី ខេត្ត​ឧត្តរមានជ័យ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៧៥ ​ភាគរយ​ជា​កសិករ​ដែល​ផ្ទៃដី​នៅ​ខេត្ត​នេះ គឺ​ភាគច្រើន​ពលរដ្ឋ​មាន​ដី​បង្កបង្កើន​ផល​។ លោកស្រី​បន្តថា​៖ «​អ៊ីចឹង​ក្រៅពី​ធ្វើស្រែ​ចម្ការ គាត់​អាច​ដាំ​ដំណាំ កសិផល បន្លែ ​រួមផ្សំ បង្កើន​ចំណូល​គ្រួសារ​ប្រចាំថ្ងៃ​បាន​»​។

ទាក់ទង​នឹង​យន្តការ​ខេត្ត​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​ វិញ​លោកស្រី​បញ្ជាក់ថា ៖ « យើង​មាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត យើង​មាន​កម្លាំង​សហប្រតិបត្តិការ​ខេត្ត កម្លាំង​គយ កម្លាំង​អន្តោប្រវេសន៍​មាន​ទាំង​ខាង​កម្លាំង​ការពារ​ព្រំដែន​រឹតបន្តឹង​ទៅលើ​បទល្មើស​ឆ្លងដែន​ការពារ​តាម​បន្ទាត់​ព្រំដែន ដែលមាន​ប្រវែង ២២៤ ​គីឡូម៉ែត្រ​»​។

ស្នងការរង​ទទួល​ការងារ​សេនាធិការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ លោក​ រៀម សរ មានប្រសាសន៍​ថា កន្លងមក​មាន​មេខ្យល់​បាន​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​ដោយសារ​ខេត្ត​នេះ មាន​ភូមិសាស្ត្រ​អំណោយផល​នៅជាប់​ព្រំដែន​ថៃ​ងាយស្រួល​ដល់​មេខ្យល់​។

លោក​បន្តថា​៖ «​មេខ្យល់​ទាំងអស់​នេះ​តែងតែ​ប្រើ​វិធានការ​លួងលោម​ដល់​ពលរដ្ឋ​ក្រីក្រ ទីទ័លក្រ អត់​មាន​មុខរបរ​ច្បាស់លាស់ ឬ​ពលរដ្ឋ​ខ្លះ មិនសូវ​ទទួលបាន​ការអប់រំ គាត់​ងាយ​រងគ្រោះ​ក្នុង​ការឆបោក​។ មេខ្យល់​នេះ​ពូកែ​បោក​ណាស់​ដោយ​សន្យាថា ធានា​ឱ្យមាន​ការងារ​ធ្វើ ទោះ​អត់​មានច្បាប់​ក៏ដោយ គាត់​នឹង​នាំ​ទៅតាម​ច្រករបៀង​ដែល​ស្ងាត់ ប៉ុន្តែ​ធាតុពិត​មិន​ពិត​នោះទេ គឺ​មានតែ​ទទួល​រងគ្រោះ ការកេងប្រវ័ញ្ច​ផ្នែក​កម្លាំងកាយ និង​កម្លាំង​ពលកម្ម​»​។ លោក​ថា ថ្មីៗ​កន្លងមកនេះ សមត្ថកិច្ច​បាន​បង្ក្រាប​មេខ្យល់ ៣ ​ករណី ហើយ​សមត្ថកិច្ច​បានធ្វើ​ការអប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ​លោក ស៊ី ប្រាសិទ្ធ បាន​ថ្លែងថា ខេត្ត​នេះ​មាន​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន​ ៣ រួមមាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ ស្ថិត​ក្នុងស្រុក​អន្លង់វែង ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរស្មាច់ ស្ថិតក្នុង​ក្រុង​សំរោង និង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជប់​គគីរ ស្ថិត​ក្នុង​ស្រុក​បន្ទាយអំពិល ដែល​ភាគច្រើន​បម្រើឱ្យ​គោលដៅ​ទេសចរណ៍ ការព្យាបាល​ជំងឺ និង​ការដោះដូរ​ទំនិញ​តិចតួច ច្រើនជាង​គោលដៅ​សេដ្ឋកិច្ច​។

លោក​បន្តថា ប៉ុន្តែ​ក្នុង​ដំណាក់កាល​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ ១៩ ច្រក​ទាំង​ ៣ ​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន លើកលែងតែ​ទំនិញ​ដែល​ស្ថិតក្រោម​ច្បាប់​បញ្ញត្តិ​ស្តីពី​គយ និង​ការឆ្លងដែន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​របស់​ពលករ​ខ្មែរ ខណៈ​ច្រក​ជប់​គគីរ​ត្រូវបាន​បិទ​ទាំងស្រុង​។ ជាមួយ​គ្នានេះ​ពលរដ្ឋ​ដែល​វិលត្រឡប់​មកពី​ថៃ មិន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅវិញ​ទេ​។

ខេត្ត​ឧត្តរមានជ័យ​មាន​ព្រំ​ប្រទល់​ខាងកើត​ជាប់​ខេត្តព្រះវិហារ​ខាងលិច​ជាប់​ខេត្ត​បន្ទាយមានជ័យ​ខាងត្បូង​ជាប់​ខេត្ត​សៀមរាប និង​ខាងជើង​ជាប់​នឹង​ខេត្ត ៣ របស់​ប្រទេស​ថៃ​គឺ​ខេត្ត​ប៊ុរីរ៉ាំ ស៊ុរិន្ទ និង​ស៊ីសាកេត​ដែល​លាតសន្ធឹង​តាម​ជួរ​ភ្នំ​ដងរែក ជាប់​ព្រំដែន​ប្រទេស​ថៃ ដែល​មាន​ប្រវែង ២២៤ ​គីឡូម៉ែត្រ​៕

វីដេអូ៖