ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាលខេត្ត​មួយចំនួន​ចាប់ផ្តើម​ចេញ​វិធានការ​រឹតបន្តឹង​ការប្រមូលផ្តុំ និង​ជួបជុំ​ផឹកស៊ី​សាជាថ្មី ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ប្រភេទ​ថ្មី អូមីក្រុង ខណៈ​វីរុស​នេះ​កំពុង​វាយលុក​ក្នុង​សហគមន៍ ដែល​អ្នក​ឆ្លង​ថ្មី​កើន​ដល់​ខ្ទង់​ ២០០ ​នាក់​ក្នុង​ ១​ ថ្ងៃ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។

សេចក្តី​ណែនាំ​របស់​អភិបាល​រាជធានី​ភ្នំពេញ លោក​ ឃួង ស្រេង ចុះ​ថ្ងៃទី ​១០ កុម្ភៈ បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សង្កេតឃើញ​ថា ស្ថានភាព​វិវឌ្ឍន៍​នៃ​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ក្នុង​សហគមន៍​បាននិង​កំពុង​តែ​រីក​រាលដាល​រហូតដល់​មាន​កំណើន​លេខ​ ៣​ ខ្ទង់ (​រយ​នាក់​) ​ដែល​ប្រការនេះ​គួរឱ្យ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​។ តាម​ការសង្កេត​ជាក់ស្តែង ប្រជាពលរដ្ឋ​មួយចំនួន មានការ​ធ្វេសប្រហែស​ដោយ​មិនបាន​អនុវត្ត​វិធានការ​សុខាភិបាល​ពេញលេញ ដូចជា​មិនបាន​ពាក់​ម៉ាស់ មិន​រក្សា​គម្លាត​សុវត្ថិភាព និង​មិនបាន​លាងដៃ​នឹង​អាល់កុល​ ឬ​ជែល​។

ពលរដ្ឋ​មួយចំនួន​នៅ​កន្លែង​ជួបជុំ​មនុស្ស​ច្រើន​ដូចជា​មង្គលការ បុណ្យទាន ភោជនីយដ្ឋាន ផ្សារ រោងចក្រ រោង​សិប្បកម្ម កន្លែង​កម្សាន្ត​ផ្សេងៗ និង​តាម​ទីសាធារណៈ​ជាដើម​។ ដូច្នេះ ដើម្បី​ចៀសវាង​នូវ​សោកនាដកម្ម​នៃ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ទៅក្នុង​សហគមន៍​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ក្រើនរំឭក​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​រាជធានី​-​ភ្នំពេញ ត្រូវ​ពង្រឹង​វិធានការ​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​។

លោក ឃួង ស្រេង បន្តថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​តាមគ្រប់​រូបភាព​ដោយ​ចុះ​ណែនាំ​ដល់​ទីតាំង​ដែលមាន​ការជួបជុំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដូចជា​នៅតាម​ទីផ្សារ​នានា​ត្រូវ​ក្រើនរំឭក​ប្រធាន​ផ្សារ គណៈកម្មការ​ផ្សារ ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​តាម​មេក្រូ ដើម្បី​ដាស់តឿន​អាជីវករ អតិថិជន ចេញ-​ចូល​ផ្សារ ឱ្យ​ពាក់​ម៉ាស់ បាញ់​អាល់កុល ឬ​ជែល​លាងដៃ​វាស់​កម្ដៅ រក្សា​គម្លាត​សុវត្ថិភាព ពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​ទីតាំង​ដែល​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ដូចជា​កន្លែង​រៀបចំ​ពិធីមង្គលការ ភោជនីយដ្ឋាន ពិធី​បុណ្យទាន កន្លែង​កម្សាន្ត​ និង​ការជួបជុំ ប្រមូលផ្តុំ​ផ្សេងៗ​ដែលមាន​មនុស្ស​ច្រើន ត្រូវ​ណែនាំ​ឱ្យ​រៀបចំ​កៅអីអង្គុយ​មាន​គម្លាត​សុវត្ថិភាព ដោយ​មិនឱ្យ​លើសពី​ ៧ ​នាក់​ក្នុង​ ១ ​តុ​»​។

លោក​អភិបាល​រាជធានី​ក៏បាន​ប្រាប់​ដល់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង បើ​បុគ្គល​ណាមួយ​មិនបាន​ចាក់​វ៉ាក់សាំង ឬ ហួស​រយៈពេល ​៤ ​ខែ​ហើយ មិនបាន​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី ​៣ ឬ​ដូស​ជំរុញ​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ បុគ្គល​នោះ​មិន​អនុញ្ញាត​ឱ្យចូល​ទីតាំង ឬ​កន្លែង​ប្រារព្ធ​ពិធី​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​ក្នុងករណី​រកឃើញ​បុគ្គល​ណាមួយ​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្ដី​ណែនាំ​នេះ ហើយ​ប្រព្រឹត្តល្មើស​នឹង​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ បុគ្គល​នោះ​នឹងត្រូវ​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់​ស្របតាម​ច្បាប់ និង​បញ្ញត្តិ​នានា​»​។

តាមរយៈ​សេចក្តីណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ ត្រូវ​ក្រើនរំឭក​ដល់​មន្ត្រី បុគ្គលិក សិស្ស និស្សិត និង​កៀរគរ​ប្រជាពលរដ្ឋ​ឱ្យទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ទាំង​ដូស​មូលដ្ឋាន និង​ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បង្កើន​ភាពរឹងមាំ​ក្នុង​សហគមន៍ និង​ចៀសវាង​នូវ​មហន្តរាយ​សុខភាព​សាធារណៈ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​សង្គម​។

ជាមួយ​គ្នានេះ អភិបាលខេត្ត​កំពង់ស្ពឺ លោក ​វ៉ី សំណាង នៅ​ថ្ងៃទី ​៩ កុម្ភៈ ក៏​បានចេញ​សេចក្តី​ណែនាំ​ជាបន្ទាន់​ដល់​អភិបាលក្រុង ស្រុក និង​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​មន្ត្រីរាជការ​នៅតាម​បណ្តា​អង្គភាព បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ឃុំ សង្កាត់ ឱ្យ​កាត់បន្ថយ​ការជួបជុំ​ផឹកស៊ី កម្សាន្ត​សប្បាយ និង​សកម្មភាព​ជួបជុំ​ផ្សេងៗ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ក្នុង​សហគមន៍​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​លោក ក្រុស សារ៉ាត់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី ​១០ ខែកុម្ភៈ ថា ពាក់ព័ន្ធ​វីរុស​អូមីក្រុង ក្នុង​ខេត្តសៀមរាប មិនទាន់មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ មានតែ​លើ​អ្នកដំណើរ​បរទេស​។ ទោះយ៉ាងណា លោក​បញ្ជាក់ថា ដោយសារ​វីរុស​ប្រភេទ​ថ្មី​តួលេខ​បន្ត​កើនឡើង​ក្នុង​នាម​លោក​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​បន្ត​ពង្រឹង និង​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​វិធានការ​ការពារ ព្រមទាំង​ណែនាំ​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​ដូស​ជំរុញ​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​៖ «​យើង​នៅតែ​អនុវត្ត​វិធាន​សុខាភិបាល ៣ ​ការពារ ៣ ​កុំ ព្រោះ​ករណីនេះ​ជា​រឿង​ចាស់​ទេ​។ យើង​ក៏​ធ្លាប់​អប់រំ​ផ្សព្វផ្សាយ​ជា​ហូរហែ​មក​ដែរ សំខាន់​យើង​ត្រូវ​ប្រតិបត្តិ​ទាំងអស់​គ្នា​ពី​គ្រប់ភាគី​»​។

របាយការណ៍​ប្រចាំថ្ងៃ​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១០ ខែកុម្ភៈ ថា កម្ពុជា​បន្ត​រកឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មី ប្រភេទ​អូមីក្រុង រហូតដល់ ២៦២ ​នាក់ ក្នុងនោះ​ឆ្លង​ក្នុង​សហគមន៍​ចំនួន​ ២២៦​ នាក់ និង​អ្នកដំណើរ​មកពី​បរទេស​ចំនួន ៣៦​ នាក់​៕

វីដេអូ៖