ស្ទឹងត្រែងៈ អាជ្ញាធរ និង​ប្រជាសហគមន៍​នៅ​តំបន់​ព្រះរំកិល​នៃ​ស្រុក​បុរី​អូរស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង បាន​និយាយថា សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល​កំពុង​ប្រឈម​នឹង​ការស្លាប់​ផុត​ពូជ​ក្នុងពេល​ដ៏ខ្លី​ខាងមុខនេះ ខណៈ​ស្នាមរបួស​នៅ​ផ្នែក​កន្ទុយ​របស់​វា ដែល​បណ្ដាលមកពី​កំណាត់​សរសៃ​មង​រំជាប់​កន្ទុយ​កាលពី​ជាង​ ១​ ខែ​មុននេះ​បាន​បង្ក​ជា​ដំបៅ និង​ធ្លាក់ខ្លួន​ឈឺ​ស្គមរីងរៃ​។

លោក សន ប៉ាន់ មេភូមិ​អូរស្វាយ និង​ជា​ប្រធាន​ក្រុម​ឆ្មាំទន្លេ​ក្នុង​តំបន់​អន្លង់​ឈើទាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០ ខែកុម្ភៈ​ថា សត្វ​ផ្សោត ​១​ ក្បាល​ចុងក្រោយ​នោះ​កំពុង​ធ្លាក់ខ្លួន​ឈឺ​ស្គមរីងរៃ​ ដោយសារ​ដំបៅ ដែល​បង្កឡើង​ពី​ស្នាមរបួស​នៅ​ផ្នែក​គល់​កន្ទុយ​របស់​វា ដែល​បាន​រុំ​ជាប់​ដោយ​កំណាត់​សរសៃ​មង​កាលពី​ដើម​ខែមករា​កន្លង​ទៅ​នេះ​។

លោក ប៉ាន់ ដែល​អះអាង​ថា បាន​ចុះ​ល្បាត​ឃ្លាំមើល​ផ្សោត​ដ៏កម្សត់​ ១ ​ក្បាល​ចុងក្រោយ​នោះ​ជា​រៀងរាល់ថ្ងៃ ចាប់តាំងពី​វា​បាន​ក្លាយជា​ផ្សោត​ឯកោ​ក្នុង​តំបន់​អន្លង់​ឈើទាល​នៃ​អន្តរ​ព្រំប្រទល់​ដែនទឹក​រវាង​ប្រទេស​កម្ពុជា-​ឡាវ បាន​និយាយថា​៖

«​កាលពី​មុន​មាន​ករណីនេះ​កើតឡើង ផ្សោត​ដែលមាន​ប្រវែង​ជាង​ ២ ​ម៉ែត្រ​នោះ​មាន​ទម្ងន់​ប្រមាណ​ ២០០​ គីឡូក្រាម ប៉ុន្តែ​ឥឡូវនេះ​វា​ស្គម​ខ្លាំងណាស់ គឺ​នៅសល់​ប្រមាណ​ ១០០​ គីឡូក្រាម​ ឬ​ស្រាល​ជាង​នេះ និង​មាន​ដំបៅ​នៅ​ផ្នែក​កន្ទុយ​ផងដែរ​»​។

បើតាម​លោក ប៉ាន់ កម្លាំង​ពាក់ព័ន្ធ​បាន​ប្រឹងប្រែង​រក​មធ្យោបាយ ដើម្បី​កាត់​កំណាត់​មង​ដែល​ជាប់​កន្ទុយ​ផ្សោត​នោះដែរ ប៉ុន្តែ​ពុំ​អាចជួយ​បាន ព្រោះ​គ្មាន​ឧបករណ៍ និង​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការដង​ចាប់​វា​។ យោងតាម​ស្ថានភាព​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន ផ្សោត ​១ ​ក្បាល​នោះ​នឹង​អាច​ស្លាប់​នៅក្នុងពេល​ដ៏ខ្លី​ខាងមុខនេះ ប្រសិនបើ​គ្មាន​ការជួយ​សង្គ្រោះ​ពី​ក្រុមមន្ត្រី​ជំនាញ​ថ្នាក់ជាតិ​ និង​អន្តរជាតិ​ទេនោះ​។

ចំណែក លោក ផយ វណ្ណា ​សមាជិក​សហគមន៍​អេកូទេសចរណ៍​ផ្សោត​ព្រះ​រំកិល​បាន​និយាយថា​ការធ្លាក់​ខ្លួន​ឈឺ​ស្គមរីងរៃ​របស់​សត្វ​ផ្សោត​ ១​ ក្បាល​ចុងក្រោយ​នៃ​អន្លង់​ឈើទាល​នេះ​គឺ​ដោយសារ​កំណាត់​សរសៃ​មង​រុំ​ជាប់​កន្ទុយ មិនអាច​ហែល​ចាប់​ចំណី​បាន​ និង​ថែមទាំង​មាន​ដំបៅ​ជាប់​ខ្លួន​ទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន ផ្សោត​នោះបាន​ហែល​បង្ហាញខ្លួន​នៅលើ​ផ្ទៃ​ទឹក​ក្នុង​សភាព​កម្សត់​ឯកា​តែម្នាក់ឯង ហើយ​យូរៗ​ម្ដង វា​បាន​បញ្ចេញ​សំឡេង​គួរឱ្យ​សង្វេគ ដែល​ស្ដាប់ទៅ​ហាក់ដូចជា​កំពុង​ចង់​ប្រាប់​យើង​ឱ្យជួយ​រក​មធ្យោបាយ​សង្គ្រោះ​វាពី​ភាពឈឺចាប់​ទាំងនេះ​»​។

លោក ផយ វណ្ណា ដែល​ពឹង​ផ្អែកលើ​ទូក​ទេសចរណ៍​តូច​មួយ​សម្រាប់​ដឹក​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ទស្សនា​សត្វ​ផ្សោត​តាម​ដង​ទន្លេមេគង្គ​ក្នុង​តំបន់​រមណីយដ្ឋាន​អេកូទេសចរណ៍​ព្រះរំកិល​ក្នុង​ភូមិសាស្ត្រ ស្រុក​បុរី​អូរស្វាយ​សែនជ័យ​បាន​ថ្លែងថា នៅ​តំបន់​អន្លង់​ឈើ​ទាល​នាបច្ចុប្បន្ន​សត្វ​ផ្សោត​នៅសល់​តែមួយ​ក្បាល​នេះ​ទេ​ដែលជា​ចំណី​ចក្ខុ​សម្រាប់​ភ្ញៀវទេសចរ ដែល​មកពី​តាម​បណ្ដា​រាជធានី ខេត្ត ក្នុងប្រទេស​កម្ពុជា​។

លោក​បាន​បន្ថែមថា​៖ «​បើសិនជា​បាត់បង់​សត្វ​ផ្សោត​ ១​ ក្បាល​នេះ​ទៀត​នោះ​ពិតជា​សោកស្ដាយ​ណាស់​»​។

ជាមួយ​គ្នានេះ លោក វណ្ណា បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ និង​អង្គភាព​ពាក់ព័ន្ធ ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ជួយ​រក​មធ្យោបាយ​ដើម្បី​សង្គ្រោះ​សត្វ​ផ្សោត​នេះ​។

ជុំវិញ​ករណីនេះ លោក ស្រី សមវិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​កត្តា​ភូមិសាស្ត្រ និង​វ័យ​របស់​សត្វ​ផ្សោត​ ១ ​ក្បាល​នោះ​បាន​ធ្វើឱ្យ​ក្រុមការងារ​របស់លោក និង​ក្រុមការងារ​មកពី​អង្គការ WWF-Cambodia ដែលជា​ដៃគូ មិន​អាចធ្វើ​សកម្មភាព​ណាមួយ​ដោយ​អត្តនោម័តិ​បានទេ ព្រោះ​ទីតាំង​ភូមិសាស្ត្រ​នៃ​ដង​ទន្លេមេគង្គ ដែល​ផ្សោត​នោះ​រស់នៅ គឺ​ស្ថិតក្នុង​តំបន់​អន្តរ​ព្រំ​ដែនទឹក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​។

លោក សមវិចិត្រ បាន​ថ្លែងថា​៖ «​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​តំបន់​អន្លង់​ឈើទាល មិនមែនជា​ទ្រព្យសម្បត្តិ​អច្ឆរិយ​របស់​កម្ពុជា​យើង​តែ​ម្នាក់​នោះទេ តែ​វា​ក៏​ជា​ទ្រព្យសម្បត្តិ​អច្ឆរិយ​របស់​ប្រទេស​ឡាវ​ផងដែរ ដូច្នេះ​យើង​មិនអាច​ធ្វើ​អ្វី​អត្តនោម័ត ដោយ​គ្មាន​ការយល់ព្រម​ពី​ភាគី​ឡាវ​នោះទេ​។ ម្យ៉ាងទៀត ផ្សោត​នោះ​មាន​វ័យ​ចាស់ជរា​ទៅហើយ​»​។

បើតាម​លោក សមវិចិត្រ បន្ទាប់ពី​មាន​ករណី​ប្រទះឃើញ​សត្វ​ផ្សោត​មួយ​ក្បាល​ចុងក្រោយ​នៅ​តំបន់​អន្លង់​ឈើទាល​បាន​រងរបួស ដោយមាន​កំណាត់​មង​រុំ​ជាប់​កន្ទុយ​នោះ លោក​បាន​រាយការណ៍​ប្រាប់​ទៅ​ក្រុម​ជំនាញការ​ថ្នាក់ជាតិ​នៃ​រដ្ឋបាល​ជលផល ព្រមទាំង​អង្គការ WWF-Cambodia ដែលជា​ដៃគូ ដើម្បី​រកមធ្យោបាយ​ជួយ​ដល់​សត្វ​ផ្សោត​នោះ​។ បន្ទាប់មក ក្រុម​ជំនាញការ​ជាតិ និង​អន្តរជាតិ​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​របស់លោក​ធ្វើការ​តាមឃ្លាំមើល​សត្វ​ផ្សោត​នោះ ជា​រៀងរាល់ថ្ងៃ ដើម្បី​ការពារ​វា ពី​ការយាយី​ពី​ក្រុម​អ្នកនេសាទ​អនាធិបតេយ្យ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ដង​ចាប់​វា ដើម្បី​កាត់​កំណាត់​មង​ដែល​រុំជាប់​កន្ទុយ​របស់​វា​នោះទេ ព្រោះ​អាច​បណ្ដាល​ឱ្យ​វា​ស្លាប់​បាន​។

ចំណែក​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ធនធាន​ជលផល​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យោងតាម​បទពិសោធ​ដែល​លោក​នឹង​ក្រុមការងារ​បច្ចេកទេស​ធ្លាប់បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គ្រោះ​សត្វ​ផ្សោត​សមុទ្រ ដែល​រងរបួស​ដោយ​ករណី​ជាប់​មង​អ្នកនេសាទ​នាពេល​កន្លងមក គឺមាន​ភាគរយ​តិចតួច​បំផុត ដែល​នៅមាន​ជីវិត ក្រោយ​ការ​សង្គ្រោះ​បាន​មួយរយៈ​ខ្លី​។

លោក​បាន​បន្តថា ការសង្គ្រោះ​សត្វ​ផ្សោត​ដែលមាន​ស្ថានភាព​ដូចជា​ផ្សោត​ទន្លេមេគង្គ ១ ​ក្បាល​នោះ​គឺ​ទាមទារ​នូវ​ឧបករណ៍​សម្ភារ និង បច្ចេកទេស​ខ្ពស់ ដើម្បី​ដង​ ឬ​កៀរ​ចាប់​វា​។ ក្នុងករណី​ស្ថានភាព​បាតទន្លេ​មាន​ថ្ម​ប៉ប្រះ​ទឹក​ច្រើន គឺ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​សណ្ដំ​ ដើម្បី​បាញ់​ទៅលើ​ខ្លួន​វា នៅពេល​ដែល​វា​បង្ហាញខ្លួន​នៅលើ​ផ្ទៃ​ទឹក ប៉ុន្តែ​វិធី​ទាំងនេះ គឺមាន​គ្រោះថ្នាក់​បំផុត​ដល់​សត្វ​ផ្សោត​រងគ្រោះ​នោះ​។

លោក​ថា​៖ «​មាន​កត្តា​សំខាន់ៗ​ ៤​ យ៉ាង​រួមមាន កត្តា​ភូមិសាស្ត្រ នយោបាយ បរិស្ថាន និង​កត្តា​ធម្មជាតិ ដែល​យើង​មិន​អាចជួយ​រំដោះ​កំណាត់​មង​ចេញពី​ផ្សោត​ដ៏កម្សត់​នោះបាន​»​។

លោក​បាន​ពន្យល់ថា ផ្សោត​ទន្លេមេគង្គ​ ១ ​ក្បាល​នោះ​ជា​អម្បូរ​ផ្សោត ដែល​រស់នៅ​ដាច់ស្រយាល​ពី​គេ​ក្នុង​អន្លង់​ឈើទាល ដែល​ស្ថិត​ជាប់​តំបន់​អន្តរ​ព្រំដែន​ទឹក​រវាង​ប្រទេស​កម្ពុជា និង ឡាវ​។ វា​ត្រូវបាន​ភាគី​ឡាវ ចាត់ទុក​ជា​ទ្រព្យសម្បត្តិ​អច្ឆរិយ​របស់​ជាតិ ដូចជា​កម្ពុជា​ដែរ បើទោះជា​ប្រទេស​ឡាវ​មកទល់​ពេលនេះ​នៅ​មិនទាន់​មាន​ច្បាប់​ជលផល​ក៏ដោយ​។ ដោយសារ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ជាប់​តំបន់​ល្បាក់ខោន​នៅ​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ​ក្នុងប្រទេស​ឡាវ​បាន​ធ្វើឱ្យ​មាន​ការប្រែប្រួល​យ៉ាងខ្លាំង​នៃ​បរិស្ថាន​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​អាង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម ពិសេស​ក្នុង​តំបន់​អន្លង់​ផ្សោត​ឈើទាល​។ ផ្សោត​នោះ​ជា​ផ្សោត​ឈ្មោល ដែល​មាន​លេខ​កូដ​សម្គាល់​ ៣៥ និង​មាន​អាយុប្រមាណ​ ២៥ ​ឆ្នាំ ដែលជា​ទូទៅ​សត្វ​ផ្សោត​ភាគច្រើន​ស្លាប់​ក្នុង​អាយុ​ត្រឹម​ ៣០ ​ឆ្នាំ​។

លោក​ថា​៖ «​ជារួម​យើង​បានដឹង​ពី​ដំណើរ​នៃ​ការបាត់បង់​ផុត​ពូជ​ផ្សោត​ក្នុង​តំបន់​អន្លង់​ឈើទាល​នោះ​តាំងពី​ឆ្នាំ​ ២០១៨​ មក បន្ទាប់ពី​មានការ​ស្លាប់បាត់បង់​ជា​បន្តបន្ទាប់ ដោយសារ​ករណី​ជាប់​មង​ប្រជានេសាទ​ហើយ​ការសិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​ ២០១៨ យើង​រកឃើញ​សល់​ត្រឹម​ ៣ ​ក្បាល​ប៉ុណ្ណោះ ហើយ​នៅ​ឆ្នាំ​ ២០២១ នៅសល់តែ​ ១​ ក្បាល​នេះ​»​។ បច្ចុប្បន្ន សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា មាន​ចំនួន​ ៨៩ ​ក្បាល ដែល​ចំនួន​នេះ​មិន​រាប់បញ្ចូល​នូវ​ចំនួន​ផ្សោត​ដែល​ទើប​កើត​ថ្មី​នោះទេ​។ ពួកវា​កំពុង​រស់នៅ​តាម​អន្លង់​មួយចំនួន​ចាប់ពី​អន្លង់​កាំពី​ក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ​ដល់​អន្លង់​ឈើទាល​នៃ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​៕

វីដេអូ៖