ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ថ្លែងថា បច្ចុប្បន្ន​បញ្ហា​គ្រឿងញៀន​កំពុង​វាយលុក​ចូលមក​កម្ពុជា​ខ្លាំង ដែល​អគ្គស្នងការ​នគរបាលជាតិ ស្នងការដ្ឋាន​នគរបាល និង​អភិបាល រាជធានី-​ខេត្ដ ត្រូវ​បន្ត​យក​ចិត្ដ​ទុកដាក់​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តទៅទៀត​តាម​គោលការណ៍​ដែលមាន​ស្រាប់​។

លោក ស ខេង ថ្លែង​បែបនេះ​នៅក្នុង​ពេល​ធ្វើជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ​២០២២​ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ.ស.ច.គ​) កាលពី​ថ្ងៃទី​ ៩ កុម្ភៈ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក​ថ្លែងថា​៖ «​នៅទីនេះ​ខ្ញុំ​ចង់​លើកឡើង​នូវ​បញ្ហា​មួយ​ជាពិសេស​ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​។ បញ្ហា​គ្រឿងញៀន​នេះ​ដែល​កំពុង​វាយលុក​មក​កម្ពុជា​យើង​ខ្លាំង​ដែល​សមត្ថកិច្ច​យើង​កំពុងតែ​បង្ក្រាប​»​។

លោក​បាន​ថ្លែង​កោតសរសើរ ចំពោះ​អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា អភិបាល​រាជធានី-​ខេត្ដ និង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ដ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ដ​បង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀន​នេះ​នាពេល​កន្លងមក​។

លោក​ថ្លែងថា​៖ «​សូម​បន្តធ្វើ​ការងារ​នេះ​បន្តទៀត​ដើម្បី​រួមគ្នា​ការពារ​សង្គម​របស់​យើង សុវត្ថិភាព​សង្គម​របស់​យើង​កុំឱ្យ​គ្រឿងញៀន​វា​វាយលុក​បំផ្លាញ​សុខភាព​សាធារណៈ​ដូចនឹង​កូវីដ​ ១៩ ​ដែរ​»​។

លោក ស ខេង លើកឡើងថា​បញ្ហា​កូវីដ ​១៩ ពេលណា​មួយ​នឹង​រលាយបាត់ តែ​រឿង​សុខភាព​សាធារណៈ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន គឺ​ពិបាក​លុបបំបាត់​ណាស់ ព្រោះ​រឿងនេះ​ជា​បញ្ហា​ជា​ប្រពៃណី​ដែល​ធ្លាប់​កើតមាន ដូច្នេះ​ចាំបាច់​ត្រូវយក​ចិត្ដ​ទុកដាក់​ ដើម្បី​បន្ត​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​តទៅទៀត​តាម​គោលការណ៍​ដែលមាន​ស្រាប់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ធ្លាប់មាន​យោបល់​ហើយ​ថា ក្នុងចំណោម​អ្នក​ជាប់ឃុំ ៣៨ ០០០ នាក់ មាន​ជាង ២ ​ម៉ឺន​នាក់​ស្មើនឹង ៥៤,៥២ ភាគរយ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ អ៊ីចឹង​! តើ​យើង​ត្រូវធ្វើ​ម៉េច ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។

លោក​ថា ក្នុងនោះ ទី​ ១​ ភាពចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​ហើយ​ដាក់​ដោយ​ច្របូកច្របល់​។ ទី​ ២ ការស្ដារ​នីតិសម្បទា​ពីព្រោះ​អ្នកញៀន​គ្រឿងញៀន​គឺមាន​ជនរងគ្រោះ​ជា​អ្នក​ប្រើប្រាស់ និង​មាន​ជនល្មើស​ជា​អ្នកជួញដូរ​ផង​ប្រើប្រាស់​គ្រឿងញៀន​។

លោក​បញ្ជាក់ថា​៖ «​ឥឡូវ នេះ​គឺជា​បញ្ហា​ដែល​ខ្ញុំ​កំពុង​គិត​ជាមួយ​សហការី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ថា តើ​ត្រូវធ្វើ​របៀប​ម៉េច​ដើម្បី ដោះស្រាយ​ភាពចង្អៀតណែន​ផង រក​វិធី​ដើម្បី​បន្សាប​ផង​។ យើង​មិនដឹងថា បន្សាប​របៀប​ម៉េច​ទេ ប៉ុន្ដែ​យ៉ាងហោចណាស់​យើង​ក៏មាន​វិធានការ​តាមរបៀប​យើង​ដែល​អាចធ្វើ​ទៅបាន​»​។

ក្នុងនោះ​មានដូចជា​យក​អ្នកញៀន​គ្រឿងញៀន​ទៅ​ដាក់​កន្លែង​ណាមួយ រួចហើយ​ឱ្យ​ពួកគេ​ធ្វើការ​តែម្ដង ធ្វើ​ពលកម្ម​ជាប់​ជាប្រចាំ​ដែល​រឿងនេះ​គឺអាច​ធ្វើបាន ខណៈ​ប្រទេស​នានា​ក៏​ដូចគ្នា​ដែរ គឺ​ឱ្យ​ធ្វើការ​តែម្ដង​ឱ្យ​ធ្វើ​ពលកម្ម ដាំ​បន្លែ ធ្វើស្រែ​ជាដើម យ៉ាងហោចណាស់​ ១ ​ថ្ងៃ​ឱ្យធ្វើ ៨ ម៉ោង​ដែល​បច្ចុប្បន្ន​ក្រសួង​មហាផ្ទៃ​កំពុង​សាកល្បង​គិត​រឿងនេះ​។ នៅ​ពន្ធនាគារ​តាម​ខេត្ដ​មាន​ជន​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ពី​ ២០ ​ទៅ​ ៣០ ​នាក់ ឬ ៥០ នាក់​ប៉ុណ្ណោះ ដែល​អាច​យក​ពួកគេ​ទៅ​ដាក់ ​១​ កន្លែង​ឱ្យធ្វើ​ស្រែ ដាំបន្លែ ធ្វើ​ពលកម្ម​ជាប់​ជាប្រចាំ ហើយ​មាន​អ្នក​គ្រប់​គ្រង​។ នេះ​បើតាម​លោក ស ខេង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ថា វិធានការ​ប៉ុណ្ណឹង​យើង​ធ្វើបាន មិន​ពិបាក​ពេក​ទេ​។ អ៊ីចឹង​ហើយ សូម​ឯកឧត្ដម​លោកជំទាវ អភិបាល​រាជធានី ខេត្ដ ហើយ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ទាំងអស់​សូម​មើល​រឿងនេះ​ផង​រួម​ទាំងអស់គ្នា​។ រីឯ​ការស្ដារ​នីតិសម្បទា អ្នកញៀន​គ្រឿងញៀន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជា​ស្ថាប័ន​នាំមុខ​។ ប៉ុន្ដែ​ទោះបី​យ៉ាងណា​ក៏ដោយ​ត្រូវមាន​ការគាំទ្រ​ និង​ចូលរួម​ទាំងអស់គ្នា​។ អាហ្នឹង វា​អ៊ីចឹង​ហើយ​កាលណា​ពាក្យ​ថា​នាំមុខ វា​មាន​អ្នក​មុខ​ផង មាន​អ្នក​ក្រោយ​ផង​ហើយ​ទៅ​ជាមួយគ្នា ហើយ​នៅតាម​ខេត្ដ​យើង​ធ្វើ​អី​បាន​យើង​ធ្វើទៅ​សូមមេត្តា​ឱ្យ​យកចិត្ដ​ទុកដាក់​ផង​អាហ្នឹង​»​។

តាម​របាយការណ៍​ស្ដីពី​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​រយៈពេល​ ១ ​ឆ្នាំ ២០២១ បង្ហាញថា ទោះបី​ចំនួន​ករណី​គ្រឿងញៀន​សមត្ថកិច្ច​បង្ក្រាប​បាន​មានការ​ថយចុះ​ក្តី ប៉ុន្តែ​ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ធំៗ​បាន​កើនឡើង​។ ក្នុងនោះ​មាន​គ្រឿងញៀន និង​សារធាតុ​គីមី​ផ្សំ​សរុប​ប្រមាណ ៨០ តោន​រួមទាំង​ម៉ាស៊ីន​ផលិត​កែច្នៃ​ស្វ័យប្រវត្តិ​ឈុត​ធំៗ​ដ៏​គ្រោះថ្នាក់​ជាច្រើន​ទៀត​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មាន​ភូមិសាស្ត្រ​ជាប់​រាជធានី​ជាប់​ព្រំដែន​ឡាវ ថៃ និង​វៀតណាម នៅតាម​ប្រៃសណីយ៍ និង​នៅលើ​ផ្ទៃសមុទ្រ​។

របាយការណ៍​បានឱ្យដឹងថា ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ ​២០២១ ពោលគឺ​ចាប់ពី​ថ្ងៃទី​ ១ មករា ដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៦ ៣០៨ ករណី​ស្មើនឹង ៦០,៣០ ភាគរយ​ប្រៀបធៀប នឹង​ឆ្នាំ​ ២០២០ ពោលគឺ​បាន​ថយចុះ ៤ ១៥៣ ករណី​ស្មើនឹង ៣៩,៧០ ភាគរយ​៕