ភ្នំពេញៈ ក្រុមការងារ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (​គសចគ​) បាន​បញ្ចប់​ការរៀបចំ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​គ្រោង​បញ្ចប់​ឱ្យបាន​សព្វគ្រប់​ដាក់ឱ្យ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​ ២០២២ ​នេះ ដែល​ការរៀបចំ​ច្បាប់​នេះ​ជាថ្មី​ឡើងវិញ គឺ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការ​អនុវត្ដ​ច្បាប់ និង​អ្នកប្រើប្រាស់​ផ្លូវ​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ​។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ ស៊ុន ចាន់ថុល ថ្លែង​បែបនេះ​ក្នុង​នាម​ជា​អនុប្រធាន​អចិន្រៃ្តយ៍ នៃ គ.ស.ច.គ. ពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​ ២០២១ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ ក្រោម​អធិបតីភាព​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី​ ៩ កុម្ភៈ នៅ​ទីស្ដីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក​ថ្លែងថា​៖ «​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​បានធ្វើ​ចប់សព្វគ្រប់​ហើយ ប៉ុន្ដែ​ដោយសារ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ វា​លើសពី​ ៥០​ ភាគរយ ដូច្នេះ​អនុវត្ដ​តាម​អនុសាសន៍​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ដូច្នេះ​ក៏​សម្រេច​ធ្វើ​ច្បាប់​ថ្មី​តែម្ដង​»​។

លោក​បាន​បន្តថា​៖ «​ពេលនេះ​យើង​បានធ្វើ​ចប់សព្វគ្រប់​ហើយ និង​បាន​គោរព​ដាក់ជូនទៅ​សម្ដេច​ក្រឡាហោម ស ខេង ដែលជា​ប្រធាន គ.ស.ច.គ. ដើម្បី​ពិនិត្យ​ចុងក្រោយ មុនពេល​ដាក់ជូនទៅ​គណៈរដ្ឋមន្ដ្រី​។ ឆ្នាំនេះ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​បញ្ចប់​ការងារ​ [​រៀបចំ​ច្បាប់​] ​ចរាចរណ៍​ផ្លូវគោក​ ដាក់​ទៅ​គណៈរដ្ឋមន្ដ្រី ដាក់​បញ្ជូនទៅ​រដ្ឋសភា និង​ព្រឹទ្ធសភា ដើម្បី​បញ្ចប់​សព្វគ្រប់​»​។

លោក​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា ទាក់ទង​នឹង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ពិន័យ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការដក​ពិន្ទុ​លើ​បណ្ណបើកបរ​ថ្ងៃទី​ ៧ កុម្ភៈ ២០២២ នឹង​បន្ត​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​នៅតាម​រាជធានី-​ខេត្ត​បន្ថែមទៀត​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា ក្រសួង​នឹង​បន្ត​យុទ្ធនាការ​ចែក​ស្ទីកឃ័រ​ចំណាំង​ប្លាត និង​មួកសុវត្ថិភាព​បន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បន្តការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតាម​រាជធានី-​ខេត្ត​។ ជំរុញ​ការអនុវត្ត​ការដក​ពិន្ទុ​លើ​បណ្ណ​បើកបរ​លើ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ជំរុញ​ការត្រួតពិនិត្យ​ការបំពាក់​ស្លាកសញ្ញា​ចរាចរណ៍​ផងដែរ​។

លោក​បញ្ជាក់ថា ជា​ទិសដៅ​ក្រសួង​បន្ត​ជំរុញ​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គការ ក្រុមហ៊ុន​ឯកជន ដើម្បី​បណ្តុះបណ្តាល​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដល់​បុគ្គលិក​ក្រុមហ៊ុន​។ ការផលិត​ស្ប៉ត​អប់រំ​ស្តីពី​ការប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ក្រុងព្រះសីហនុ ការសហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់ ឆ្មក់​ចាប់​យានយន្ត ដើម្បី​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​។ បន្ត​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ និង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ការត្រួតពិនិត្យ​លើ​ការដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​។

លោក ស៊ុន ចាន់ថុល បានបង្ហាញ​អំពី​វឌ្ឍនភាព​កម្មវិធី​មុខងារ​រាយការណ៍​ផ្លូវជង្ហុក សម្បុកមាន់ ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០១៨ ដល់​ខែធ្នូ ឆ្នាំ​ ២០២១​។ ក្នុងនោះ​មាន​ចំនួន​អ្នក​ទាញយក​កម្មវិធី​នេះ​មកប្រើប្រាស់​សរុប​មាន ​២៩ ០៥៧​ នាក់​មាន​អ្នក​រាយការណ៍​សរុប​ ៥ ៤២២ ​ករណី បាន​ដោះស្រាយ​ ៣៥ ១៧ ​ករណី ស្មើនឹង ៧០%​។ បាន​ជួសជុល​ ១ ០៣៨​ ករណី ដាក់ចូល​ផែនការ​ប្រចាំឆ្នាំ ៧១៨ ​ករណី​។ បញ្ជូនទៅ​សមត្ថកិច្ច​ផ្សេង ១ ៧៦១ ​ករណី និង​រង់ចាំ​ដំណោះស្រាយ​ ១ ៦៣៤ ​ករណី​ស្មើ​ ៣០%​។

ក្នុងឱកាស​នោះ លោក ស ខេង ថ្លែង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ពិន័យ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការដក​ពិន្ទុ​លើ​បណ្ណ​បើកបរ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ដែលជា​វិធានការ​ថ្មី​ក្នុង​ការជំរុញ​ស្មារតី​គោរព​ច្បាប់ និង​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​ការកែទម្រង់​ប្រកបដោយ​តម្លាភាព​នៃ​ការគ្រប់គ្រង​អំពើ​ល្មើស និង​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​។

ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការរក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​ ២០២២ លោក ស ខេង បាន​ដាក់ចេញ​វិធានការ​ត្រូវ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់ និង​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​តាម​គ្រប់​រូបភាព​ឱ្យបាន​ទូលំទូលាយ​។ ពង្រឹង​បន្ថែម​គុណភាព​សាលាបង្រៀន​បើកបរ​យានយន្ត​បន្ត​បំពាក់​ភ្លើងស្តុប ស្លាក​សញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍​ឱ្យបាន​គ្រប់គ្រាន់​។ បន្ត​រិះរក​វិធានការ​ថ្មីៗ​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ដែល​កំពុងតែ​កើតមានឡើង​នៅ​តំបន់​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ​។ បន្ត​ធ្វើការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ទប់ស្កាត់​ការដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​និរន្តរភាព និង​វិធាន​ការសំខាន់ៗ​ជាច្រើន​ទៀតផង​ដែរ​។

តាម​របាយការណ៍​របស់ គ.ស.ច.គ. ឆ្នាំ​ ២០២១ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានកើត​ឡើង​ ២ ៦៧០ ​ករណី បណ្តាលឱ្យ​ស្លាប់​ ១ ៤៩៧ ​នាក់ និង​របួស​ ៣៦១៥​ នាក់​។ ក្នុងនោះ​របួស​ធ្ងន់ធ្ងរ​ ២ ២៤៦ ​នាក់ ប្រៀប​នឹង​ឆ្នាំ​ ២០២០ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​ថយចុះ​ ៥០៩​ លើក ស្មើនឹង​ ១៦%​។ អ្នកស្លាប់​បាន​ថយចុះ​ ១៤៩ ​នាក់ ស្មើនឹង​ ៩% និង​អ្នករបួស​បាន​ថយចុះ​ ១ ០៧១​ នាក់ ស្មើនឹង ២៣%​។ មូលហេតុ​បង្កឱ្យមាន​គ្រោះថ្នាក់​ភាគច្រើន គឺ​ការបើកបរ​ហួសល្បឿន​កំណត់​ដោយ​ច្បាប់​៕