ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បូកសរុប​ពី​សមិទ្ធផល​ដែល​ក្រសួង​នេះ​សម្រេចបាន​នៅក្នុង​រយៈពេល​ជាង​ពាក់កណ្ដាល​អាណត្តិនីតិកាល​ទី​ ៦​ នៃ​រដ្ឋសភា ក្នុង​នោះ​មានការ​ជួសជុល និង​អភិរក្ស សំណង់​បុរាណ​បាន​ចំនួន ១០ ៩ សំណង់ និង​បុរាណវត្ថុ​សិល្បៈ​សរុប​ចំនួន ៨ ២៩៦ (​រូប ដុំ បំណែក ផ្ទាំង និង​គ្រាប់​) បើទោះបី​ជា​ជួប​ការលំបាក​ដោយសារ​តែមាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​។

ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​វប្បធម៌ និង​វិចិត្រសិល្បៈ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០២២ ដែល​បាន​ប្រារព្ធ​ធ្វើឡើង នា​ថ្ងៃទី ​៩ ​ខែកុម្ភៈ​លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ថ្លែងថា ស្ទើរ​ពេញ​ ១ ​ឆ្នាំ​ ២០២១ វិបត្តិ​កូវីដ​ ១៩ បានធ្វើឱ្យ​ការបំពេញ​ការងារ​របស់​មន្ត្រី​ក្រសួង​ជួប​ការលំបាក​ជាខ្លាំង​។ ទោះជា​យ៉ាងណា ក្រសួង​ក៏​នៅតែ​បន្ត​ខិតខំ​អនុវត្ត​ការងារ​ដោយ​អនុលោម​ទៅតាម​គន្លង ប្រក្រតីភាព​ថ្មី ដូចជា​កម្មវិធី​សន្និបាត​នាពេលនេះ​ជាដើម​។

លោកស្រី​បាន​បន្តថា​៖ «​គិត​មកដល់​ថ្ងៃនេះ យើង​បាន​បំពេញ​ការងារ​អស់​រយៈពេល​ជាង​ពាក់កណ្តាល​អាណត្តិ​រួចទៅហើយ​។ ជា​លទ្ធផល យើង​សម្រេចបាន​នូវ​សមិទ្ធកម្ម​ការងារ​ជាច្រើន​គួរ​ជាទី​មោទនៈ​ក្នុងនោះ​នៅ​ឆ្នាំ​ ២០១៩ ក្រសួង​សម្រេចបាន​ការងារ​ចំនួន ៩៧ ​ភាគរយ និង​ក្នុង​ឆ្នាំ​ ២០២០ សម្រេចបាន​ចំនួន ៨២ ​ភាគរយ​»​។ បើតាម​លោកស្រី សកុណា ក្នុង​រយៈពេល​ជាង​ពាក់កណ្តាល​អាណត្តិ​នីតិកាល​ទី​ ៦​ នេះ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ និង​សហការ​អនុវត្ត​ការងារ​គ្រប់​មុខព្រួញ​ទាំងអស់​នៃ​យុទ្ធសាស្ត្រ ទាំង​ការងារ​ក្នុង​វិស័យ​វប្បធម៌ ការងារ​ក្រៅ​វិស័យ​វប្បធម៌ និង​ការងារ​អន្តរវិស័យ​។ លោកស្រី​បញ្ជាក់ថា ចំពោះ​ការងារ​អភិរក្ស​វប្បធម៌​ក្នុង​ទិសដៅ​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​បរិយាប័ន្ន ក្រសួង​សម្រេចបាន​សមិទ្ធផល​សំខាន់ៗ​មួយចំនួន រួម​មាន​បាន​ជួសជុល​ និង​អភិរក្ស​សំណង់​បុរាណ​ចំនួន​ ១០៩ ​សំណង់ បុរាណវត្ថុ​សិល្បៈ សរុប​ចំនួន ៨ ២៩៦( រូប ដុំ បំណែក ផ្ទាំង និង​គ្រាប់​) ​វត្ថុជាតិ​ពន្ធុសាស្ត្រ​ចំនួន​ ៥០៩​ មុខ និង​សាស្ត្រា​ស្លឹករឹត​ចំនួន ៣១ ០៤៦ ខ្សែ​។

លោកស្រី​មានប្រសាសន៍​បន្តថា ទន្ទឹម​គ្នានេះ ក្រសួង​បាន​រកឃើញ​ និង​ទទួលបាន​វត្ថុ​បុរាណ និង​វត្ថុ​សិល្បៈ​ពី​មជ្ឈដ្ឋាន​នានា​ចំនួន ៣១ ៤៣៤ (​វត្ថុ រូប ដុំ បំណែក ផ្ទាំង​ និង​គ្រាប់​) ​បូករួម​ទាំង​វត្ថុ​បុរាណ​ចំនួន​ជាង ១០០​ រូប​បន្ថែមទៀត ដែល​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​ពី​បរទេស ក្រោយ​បញ្ចប់​កិច្ចចរចា​ជាង​ ៣​ ឆ្នាំ​។ ក្រសួង​ក៏បាន​ចុះបញ្ជី​វត្ថុ​បុរាណ វត្ថុ​សិល្បៈ និង​វត្ថុ​ជាតិពន្ធុសាស្ត្រ​សរុប ២៣ ៥៨៧ (​វត្ថុ រូប​ដុំ បំណែក ផ្ទាំង​ និង​គ្រាប់​) ​និង​បញ្ចូល​ទិន្នន័យ​វត្ថុ​បុរាណ វត្ថុ​សិល្បៈ និង​វត្ថុ​ជាតិពន្ធុសាស្ត្រ​ទៅក្នុង​ប្រព័ន្ធ​ទិន្នន័យ Database សរុប ១២ ៣៧៥ (​វត្ថុ​រូប ដុំ បំណែក ផ្ទាំង​ និង​គ្រាប់​)​។

ដោយឡែក ចំពោះ​ការងារ​អភិវឌ្ឍ​វប្បធម៌​ជាតិ​ក្នុង​ទិសដៅ​ដើម្បី​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច តាមរយៈ​ការអភិវឌ្ឍ​ប្រភព​កំណើន​សេដ្ឋកិច្ច​គន្លឹះ​នៅក្នុង​រយៈពេល​ពាក់កណ្តាល​អាណត្តិ​ដូចគ្នា​នេះដែរ លោកស្រី សកុណា បាន​លើកឡើងថា ក្រសួង​វប្បធម៌​បាន​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​លើកកម្ពស់​សោភណភាព​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក និង​ទីតាំង​វប្បធម៌​សំខាន់ៗ ដើម្បី​បង្កើន​ភាព​ទាក់ទាញ សម្រាប់​វិស័យ​ទេសចរណ៍ និង​ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​រមណីយដ្ឋាន​អង្គរ រមណីយដ្ឋាន​ប្រាសាទព្រះវិហារ រមណីយដ្ឋាន​ប្រាសាទ សំបូរ​ព្រៃគុក សារមន្ទីរ​ជាតិ សារមនី្ទរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ និង​សារមន្ទីរ​កុលាលភាជន៍​នៅ​ភូមិ​តានី​ជាដើម​។​ល​។

បើតាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​សោភណភាព​តំបន់​អង្គរ គឺជា​គម្រោង​វិនិយោគ​ដ៏ធំ​របស់​រាជរដ្ឋាភិបាល អំឡុងពេល​កូវីដ ១៩ ដែលជា​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ចំពោះ​ដួងព្រលឹង​ជាតិ អត្តសញ្ញាណ​ជាតិ កិត្យានុភាព​ជាតិ និង​ជា​បេតិក​ភណ្ឌ​ពិភពលោក ស្រប​ពេលដែល​ទីក្រុង​សៀមរាប​ត្រូវ​បាន​ប្រកាស​ជា «​ទីក្រុង​វប្បធម៌​អាស៊ាន​» សម្រាប់​ឆ្នាំ​ ២០២១-២០២២៕