បាត់ដំបងៈ មាន​ពលករ​ខ្មែរ​ប្រុស-ស្រី​រួមទាំង​ក្មេងៗ​ជា​កូន​ពលករ​ចំនួន ២៨៣ ​នាក់​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​នៅ​ថ្ងៃទី​ ១០ ​កុម្ភៈ តាម​ច្រក​តំបន់​អូរអន្លក់​ក្នុង​ឃុំ​តាសែន ស្រុក​កំរៀង ក្នុងនោះ​មាន​ ៤៥​ នាក់​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក ដោយសារតែ​ពួកគេ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​។

លោក​វរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ ៨១៩ ប្រចាំការ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង បានឱ្យដឹង​នៅ​ថ្ងៃទី​ ១០ ​កុម្ភៈ​ថា នៅ​ថ្ងៃទី​ ១០​ កុម្ភៈ កម្លាំង​សមត្ថកិច្ច​របស់​លោក​បានទទួល​ពលករ​ប្រុស​-​ស្រី និង​ក្មេងៗ​ជា​កូន​ពលករ​ចំនួន​ ២៨៣​ នាក់​ (​ស្រី​ ១១០​ នាក់​) ​ក្នុងនោះ មាន​ក្មេងៗ​ចំនួន​ ៦១​ នាក់​ (​ក្មេងស្រី​ ២៣ ​នាក់​)​។ ចំពោះ​អ្នក​ដែល​ត្រូវ​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ស្រុក​សំពៅលូន​មាន​ចំនួន​ ៤៥​ នាក់​ (​ស្រី​ ១៥​ នាក់​បូក​ក្មេង ​៨ ​នាក់​)​ ដោយសារតែ​ពួកគេ​នៅ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​នៅឡើយ​។ លោក​បន្តថា សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ច្រក​អូរអន្លក់​ក្នុង​ឃុំ​តាសែន ស្រុក​កំរៀង រួមមាន​កម្លាំង​នគរបាល-​ប៉ុស្តិ៍​អូរ​អន្លក់ សហការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ និង​គ្រូពេទ្យ​ផង​។ ប៉ុស្តិ៍​ច្រក​អូរអន្លក់​គឺជា​ច្រក​គោលដៅ​នៅ​តំបន់​ទល់ដែន​ជាប់​ព្រំដែន​កម្ពុជា-​ថៃ​ក្នុង​ខេត្ត​បាត់ដំបង ដែលជា​ច្រក​តំបន់​ក្នុង​ការបញ្ជូន​ពលករ​កម្ពុជា​ពី​ប្រទេស​ថៃ​។

លោក​បញ្ជាក់ថា​៖ «​ពលករ​ប្រាប់​ខ្ញុំ​ថា មូលហេតុ​ដែល​ពួកគាត់​ត្រឡប់​មកផ្ទះ​វិញ​នេះ​ដោយសារ​ពួកគាត់​ទៅ​ប្រទេស​ថៃ​យូរ​ឆ្នាំ​មកហើយ ម្យ៉ាង​អស់​ការងារ​ធ្វើ​ផង​។ សមត្ថកិច្ច​របស់ខ្ញុំ និង​គ្រូពេទ្យ​តែងតែ​អប់រំ​ពួកគាត់​ពី​ជំងឺ​កូវីដ​មុននឹង​អនុញ្ញាតឱ្យ​គាត់​ត្រឡប់​ទៅ​លំនៅឋាន​វិញ​»​។

លោក​ ហាត ឡៃឡែ ស្នងការរង​ខេត្តបាត់ដំបង​ទទួល​ផែន​ការងារ​នគរបាល​ព្រំដែន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១០ ​កុម្ភៈ​ថា រយៈពេល​ដើមខែ​ក្នុងឆ្នាំនេះ ពលករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ​មាន​ចំនួន​ច្រើន​។

បើតាម​របាយការណ៍​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រក​អូរអន្លក់​ក្នុង​ឃុំ​តាសែន ស្រុក​កំរៀង និង​នៅ​ច្រក​ពោធិ៍ជ្រៃ ឃុំ​សិរីមានជ័យ ស្រុក​សំពៅលូន​បានឱ្យដឹងថា ពលករ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ​វិញ​នេះ មូលហេតុ​អស់​ការងារ​ធ្វើ ហើយ​ម្យ៉ាងទៀត​ពួកគាត់​ទៅ​ប្រទេស​ថៃ​យូរ​ឆ្នាំ​ចង់​មកលេង​ស្រុក​កំណើត​ផង​។ ពលករ​ទាំងនោះ​ភាគច្រើន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​រួចរាល់​ហើយ​។

ពលករ​ទៅ​ប្រទេស​ថៃ​ភាគច្រើន​ស៊ីឈ្នួល​ធ្វើ​ចម្ការ ឬ​បេះ​ផ្លែឈើ​ឱ្យគេ​។ ពាក់ព័ន្ធ​នឹង​តួលេខ​ចំនួន​ពលករ​ដែល​វិល​ត្រឡប់មកវិញ​ប្រចាំខែ​នីមួយៗ​នោះ​លោក ហាត ឡៃឡែ បញ្ជាក់ថា ចំនួន​តួលេខ​នេះ​លោក​មិនបាន​ចាំ​ថា មាន​ចំនួន​ពិតប្រាកដ​ប៉ុន្មាន​នាក់​នោះទេ​។

លោក​ថ្លែងថា​៖ «​វា​មាន​អ្នក​ដែល​ទើបនឹង​ទៅ​ថ្មី និង​ឥឡូវ​ក៏​អត់​ការងារ​ធ្វើ​ដែរ ហើយ​ទាហាន​ថៃ​បញ្ជូនមក​ហ្នឹង​យើង​ចែកជា​ ២​។ ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​បើ​ធ្វើតេស្ត​មិនឃើញ​មាន​កូវីដ​ទេ​យើង​ឱ្យ​គាត់​ទៅផ្ទះ​បាន​។ តែបើ​អ្នក​ដែល​អត់​បាន​ចាក់​វ៉ាក់សាំង​ទេ យើង​នឹង​យក​គាត់​ទៅធ្វើ​ចត្តាឡីស័ក​»​។

ទោះយ៉ាងណា​លោកស្រី រស់ ជីវី ស្នងការរង​ទទួល​ផែនការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​បាត់ដំបង​ប្រាប់​នៅ​ថ្ងៃទី​ ១០ ​កុម្ភៈ​ថា ចំពោះ​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ គឺ​លោកស្រី​ពុំមាន​ចំនួន​ពិតប្រាកដ​ទេ​។

ប៉ុន្តែ​បើ​គិត​ក្នុង​ខែមករា ឆ្នាំ​ ២០២២​ នេះ ចំនួន​ពលករ​មាន​ជិត​ក្បែរ​ពាន់​នាក់​ហើយ​។

លោកស្រី​ថា​៖ «​ពលករ​ទាំងនោះ​ភាគច្រើន​ចាក់​វ៉ាក់សាំង​រួចហើយ តែ​ចំពោះ​សកម្មភាព​មេខ្យល់​លួច​នាំ​ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​វិញ គឺ​ពុំ​ឃើញ​មាន​ទេ​»៕