កម្ពុជា កំពុងសិក្សាពីគម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ ប្រវែងជាង ៣០០ គីឡូម៉ែត្រ ដើម្បីជួយពង្រឹង វិស័យទូរគមនាគមន៍កម្ពុជា និងប្រព័ន្ធអ៊ីនធឺណិតឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ក្រសួងបរិស្ថាន កាលពីថ្ងៃទី១០ ខែកុម្ភៈបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ពេញលេញ (ESIA) សម្រាប់គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលឆ្លងកាត់ដែនសមុទ្រកម្ពុជាមានប្រវែង ៣២៣,៥គីឡូម៉ែត្រ រួមទាំងស្ថានីយ ខ្សែកាប្លិ៍អុបទិក ស្ថិតនៅក្នុង ភូមិសាស្រ្ត ភូមិគគីរ ឃុំបិតត្រាំង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។
នាកិច្ចប្រជុំនោះ ក្រសួងបរិស្ថាន បានស្នើដល់ក្រុមហ៊ុនដែលទទួលបន្ទុកសាងសង់នេះត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ និងជីវៈចម្រុះក្នុងបាតសមុទ្រ។
ក្រសួងបានស្នើថា ក្រុមហ៊ុនត្រូវធ្វើការកាត់បន្ថយការសាយភាយកករល្អក់នៅពេលជីកកប់ខ្សែកាប្លិ៍អុបទិកនេះ ចៀសវាងប៉ះពាល់ជីវៈចម្រុះសមុទ្រ និង ត្រូវមានផែនការគ្រប់គ្រងសំណល់រឹង និង សំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ក្រុមហ៊ុនត្រូវសិក្សាឱ្យបានច្បាស់លាល់ទាក់ទងនឹងផ្កាថ្មនៅតំបន់គម្រោង ក្នុងករណីពេលជីកកប់ខ្សែកាប្លិ៍អុបទិកប៉ះពាល់ ផ្កាថ្ម ក្រុមហ៊ុនត្រូវផ្អាកសកម្មភាពសាងសង់ ហើយធ្វើការបញ្ចៀស ដើម្បីកាត់បន្ថយការប៉ះពាល់ផ្កាថ្មទាំងអស់នេះ។
ក្រសួង ក៏បានស្នើឱ្យក្រុមហ៊ុនម្ចាស់គម្រោងសហការ ជាមួយក្រុមហ៊ុនទីប្រឹក្សាបញ្ចូលនូវមតិយោបល់វិជ្ជមានរបស់អង្គប្រជុំទៅក្នុងរបាយការណ៍ ESIA ឱ្យបានត្រឹមត្រូវ។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួន ២ កំពុងដំណើរការគម្រោងខ្សែកាប្លិ៍អុបទិកបាតសមុទ្រដោយក្រុមហ៊ុនទី១ ភ្ជាប់តាមប្រព័ន្ធ MCT (ម៉ាឡេស៊ី-កម្ពុជា-ថៃ) មានប្រវែង ១៣០០គីឡូម៉ែត្រ ខណៈប្រវែងនៅក្នុងប្រទេសកម្ពុជាមានចំនួន ៤៧០ គីឡូម៉ែត្រ ដែលភ្ជាប់ពីម៉ាឡេស៊ី មកក្រុងព្រះសីហនុ និងបានដាក់ឱ្យដំណើរការនៅ ២០១៧។ ក្រុមហ៊ុនទី២ ភ្ជាប់តាមប្រព័ន្ធ AAE-1 (អាស៊ី-អាហ្វ្រិក-អឺរ៉ុប ទី១) មានប្រវែងសរុប ២៥ ០០០គីឡូម៉ែត្រ ដែលដាក់ដំណើរការឆ្នាំ ២០១៧ ដូចគ្នា៕