ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង រហូតដល់ ៣០០ នាក់ ដែលក្នុងនោះភាគច្រើនឆ្លងក្នុងសហគមន៍ រីឯអ្នកដំណើរមកពីក្រៅប្រទេសឆ្លងត្រឹមតែ ៥ នាក់ ប៉ុណ្ណោះ ហើយក៏គ្មានអ្នកស្លាប់ដោយសារជំងឺនេះទេ ក្នុងរយៈពេល៣៩ ថ្ងៃមកនេះ។
ក្រសួងសុខាភិបាលបានឱ្យដឹងនៅព្រឹកថ្ងៃទី ១២ កុម្ភៈនេះថា ក្រសួងបានរកឃើញមនុស្សចំនួន ៣០០ នាក់បន្ថែមទៀត មានឆ្លងមេរោគកូវីដ១៩ ប្រភេទអូមីក្រុងទាំងអស់។ ការរកឃើញនេះមានករណីឆ្លងក្នុងសហគមន៍ចំនួន ២៩៥ នាក់ និងអ្នកដំណើរមកពីបរទេសចំនួន ៥ នាក់។ ចំណែកអ្នកជំងឺកូវីដ ដែលបានជាសះស្បើយថ្មីទៀត គឺមានចំនួន ១៣៥ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២៣ ០៤២ នាក់ អ្នកជាសះស្បើយសរុបមានចំនួន ១១៨ ៦៦០ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០១៥ នាក់៕