លោក​នាយក​រដ្ឋមន្រី្ត ហ៊ុន សែន បាន​លើក​ឡើងថា “ពាន​រង្វាន់​សន្តិភាព​ស៊ុនហាក់” ឆ្នាំ ២០២២ នេះ មិនមែន​បាន​មក​ដោយ​រូប​លោកម្នាក់​ឯង​នោះ​ទេ គឺ​មាន​មនុស្ស​ជាច្រើន​រូប​ផ្សេង​ទៀត ដែល​ស័ក្តិសម​នឹង​ទទួល​បាន​នូវ​ពាន​រង្វាន់​នេះ ដោយសារ​ពួកគេ​បាន​ចូលរួម​គាំទ្រ​យ៉ាងសកម្ម​ដល់​ការ​ខិតខំ​ប្រឹងប្រែង នៅ​ក្នុង​កិច្ច​ដំណើរការ​នៃ​ការ​កសាង​សន្តិភាព​នៅ​ប្រទេស​កម្ពុជា។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក បាន​ធ្វើ​ឡើង​អំឡុង​ពេល ថ្លែង​សុន្ទរកថា ក្នុង​ឱកាស​ទទួល​ពាន​រង្វាន់ សន្តិភាព​ស៊ុនហាក់ នៅ​មជ្ឈមណ្ឌលសិល្បៈ​សកល ស្ថិត​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង នា​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ ២០២២។

នាពិធីនោះ​លោក​នាយក​រដ្ឋមន្រ្តី ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​គណៈកម្មាធិការ​ពាន​រង្វាន់​សន្តិភាព​ស៊ុន​ហាក់ ដែល​បាន​ទទួល​ស្គាល់​នូវ​ស្នាដៃរបស់​លោក ក្នុង​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល និង​ការ​កសាង​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ និង​ដ៏​យូរ​អង្វែង​នៅ​កម្ពុជា។

សមិទ្ធផល​ដែល​ទទួល​បាន​នេះ ថ្នាក់​ដឹកនាំ​កម្ពុជា បាន​ថ្លែង​ថា សម្ដែង​នូវ​ការ​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​អតីត​ព្រះមហាវីរក្សត្រ សម្តេចព្រះ​បាទ​នរោត្តម សីហនុ ព្រះ​វររាជមាតា និង​សម្តេច​ព្រះ​បាទ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ដែល​បាន​បំពេញ​តួនាទីក្នុង​ការ​លើក​កម្ពស់​នូវ​ស្មារតី​នៃ​សាមគ្គី​ភាព​ជាតិ​រវាង​ប្រជាជន​កម្ពុជា ក្នុង​ឋានៈជា​មហា​គ្រួសារ​តែ​មួយ។

លោក​បាន​ថ្លែង​អំណរ​គុណ​ដល់មេដឹកនាំ និង​សមាជិក​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេង​ទៀត ព្រម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ពីគ្រប់​ភាគី ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​កសាង និង​លើក​កម្ពស់​សន្តិភាព។

លោក​ក៏​បាន​ថ្លែង​ការ​ដឹង​គុណ​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត និង​សហគមន៍​អន្តរជាតិនានា​ដែល​បាន​ផ្តល់​ជំនួយ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ស្វែងរកសន្តិភាព​សម្រាប់​កម្ពុជា និង​ការ​កសាង​ប្រទេស​ឡើង​វិញ ក្រោយ​សង្គ្រាម និង ថ្លែង​អំណរគុណ​ចំពោះ​ជន​រួមជាតិ​កម្ពុជា ដែល​តែងតែ​បាន​គាំទ្រ និង​សាទរ​ចំពោះ គោល​នយោបាយ​ឈ្នះ-ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​នូវ​បរិយាកាស​អំណោយផល សម្រាប់​ការជំរុញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​សន្តិភាព​ដ៏​រឹងមាំ​មួយ​នៅ​កម្ពុជា។

លោក​នាយក​រដ្ឋ​មន្រ្តី បាន​គូស​បញ្ជាក់​ថា ៖«សម្រាប់​ខ្ញុំ សន្តិភាព​មាន​តម្លៃ​ជាង​អ្វីៗ​ទាំងអស់ សន្តិភាព គឺជា​អ្វី​ដែល​ស្រស់​ស្អាត​បំផុត សន្តិភាព​ផ្ដល់​នូវ​ក្តី​សង្ឃឹម និង​ស្នាម​ញញឹម​ដល់​មនុស្ស​គ្រប់​រូប»។

ជាមួយគ្នានេះ លោក​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​បន្ត​ការពារ និង​លើក​ស្ទួយ​សន្តិភាព​បន្ថែម​ទៀត តាម​រយៈបទ​ពិសោធន៍​របស់​កម្ពុជា ដែល​បាន​ឆ្លងកាត់​សង្គ្រាម និង​ការ​កសាង​សន្តិភាព ដោយ​បាន​សង្កត់​ធ្ងន់​ថា «គ្មាន សន្តិភាព គ្មាន​ក្តី​សង្ឃឹម, គ្មាន​សន្តិភាព គ្មាន​ការ​អភិវឌ្ឍ, គ្មាន​សន្តិភាព គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​គ្មាន​លទ្ធិប្រជាធិបតេយ្យ»។

លោក​បាន​បន្ត​ទៀត​ថា ដើម្បី​សន្តិភាព​ក្នុង​តំបន់ និង​ពិភព​លោក ទោះ​បី​ជា​ កម្ពុជា​ជា​ប្រទេស​តូចក្តី ប៉ុន្តែ​កម្ពុជា​បាន​បញ្ជូន​កងទ័ព​កម្ពុជា​រាប់ពាន់​នាក់ ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព និង​បោស​សម្អាត​មីន​របស់​អង្គការ​សហប្រជាជាតិ នៅ​អាហ្វ្រិក និង​មជ្ឈិមបូព៌ា ដោយសង្ឃឹម​ថា នឹង​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ស្ដារសន្តិភាព​នៅ​បណ្តា​តំបន់​ទាំង​នោះ៕