យ៉ាងហោចណាស់​កម្មករ​រោងចក្រ ប្រមាណ ៣០ នាក់ រង​របួស​ធ្ងន់ និង​ស្រាល ដោយសារ​រថយន្ត​ដឹក​កម្មករ​នោះ​ដាច់​ចង្កូត ខណៈ​ម្ចាស់រថយន្ត​រត់គេច​ខ្លួន​បាត់។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ឱ្យ​ដឹង​ថា ហេតុការណ៍នេះ​កើត​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី១២ ខែកុម្ភៈនេះ វេលា​ម៉ោង៦ និង​២៥​នាទីព្រឹក នៅ​ចំណុច​ភូមិ​ពង្រ ឃុំស្រង់ ស្រុក​គងសី ខេត្ត​កំពង់ស្ពឺ បង្ក​ឡើង​ដោយ​រថយន្ដ ១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 3D -1 938 បើកបរ​ដោយ​ឈ្មោះ ឯក សាម៉ន ភេទប្រុស អាយុ ៣៤ ឆ្នាំ។

ស្នងការ​ខេត្ត​បន្ត​ថា រថយន្ត​ដឹក​កម្មករ - កម្មការិនី​ខាងលើ គឺ​បើកបរ​ពី​ទិស​ខាង​លិច ទៅ​ទិស​ខាង​កើត លុះ​បើកបរ​មក​ដល់​ចំណុច​ខាង​លើ ឡាន​នោះ​ដាច់​ម៉ែត្រ​ចង្កូត បណ្ដាល​ឱ្យ​រថយន្ដ​រេ​ចង្កូត​រួច​ក៏​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ដោយ​ខ្លួនឯង។

បើតាមរបាយការណ៍​របស់​សមត្ថកិច្ច​ខេត្ត ក្នុង​ហេតុការណ៍​នេះ បង្ក​ឱ្យ​មាន​កម្មករ​រង​របួស​ធ្ងន់ ៣​នាក់ ស្រ្តី​មាន​ផ្ទៃពោះ​ម្នាក់ និង ២៨ នាក់ទៀត រង​របួស​ស្រាល។

បច្ចុប្បន្ន កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក គងពិសី និង​ជំនាញ​ខេត្ដ​បាន​ជួយ​អន្ដរាគមន៍​សម្រប​សម្រួល និង​បញ្ជូន​អ្នក​របួស​ទៅមន្ទីរពេទ្យ​សង្រ្គោះ​បន្ទាន់ និង​ចំណាត់ការ​ស្រាវជ្រាវ​រក​បុគ្គល​ជា​តៃកុងឡាន​មក​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ផងដែរ៕