កម្ពុជា-ថៃ នឹងសាងសង់ច្រកព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ថ្មីមួយទៀតនៅឯខេត្តពោធិ៍សាត់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងជំរុញដល់វិស័យទេសចរណ៍នៃប្រទេសទាំង ២ បន្ថែមមួយកម្រិតទៀត។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួងពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិ ថ្មដា ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១០ ខែកុម្ភៈនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីបើកច្រកព្រំដែនអន្តរជាតិរវាង កម្ពុជា-ថៃ សំដៅបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង២។
ក្រសួងសាធារណការ បានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងនឹងបើកច្រកនេះតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំងទីលានកុងតឺន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
គម្រោង ក៏នឹងបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំង ២ ផងដែរ ខណៈច្រកព្រំដែននេះមានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ៕