មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក.ប.ប.) បាន​ចុះបង្ក្រាប​ទំនិញ​ប្រភេទ​សាច់​បង្កក​ជិត ៤ តោន នៅ​រាជធានី​ភ្នំពេញ ដែល​ពុំមាន​ឯកសារ​បញ្ជាក់​ពី​ប្រភព​ច្បាស់លាស់ និង​ឃាត់ទុក​សាច់​ទាំងនោះ​ជា​បណ្តោះអាសន្ន​។

យោងតាម​ការចុះផ្សាយ​របស់ ក.ប.ប. បានឱ្យដឹងថា នៅ​ទី​ ១១ ខែកុម្ភៈ ឆ្នាំ​ ២០២២ មន្ត្រី​សាខា ក.ប.ប. រាជធានី​ភ្នំពេញ បាន​ចុះ​អង្កេត​តាមដាន និង​រកឃើញ​នូវ​មុខសញ្ញា​ផលិតផល​សាច់​បង្កក ដូចជា​ប្រភេទ​ជើងមាន់ ជើងទា ប្រហិត​សាច់ និង​គ្រឿង​សមុទ្រ​។​ល​។ ដែល​ពុំមាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ផលិត សុពលភាព បិទ​ស្ទីកឃ័រ​ក្រដាស​បន្លំ​លើ​បាកូដ មិនមាន​ឯកសារ និង​ប្រភព​មិន​ច្បាស់លាស់​ប្រមាណ ៣,៦ ​តោន​។

ក.ប.ប. បាន​បន្តថា ទំនិញ​ទាំងនេះ​ត្រូវបាន​មន្ត្រី​សាខា ក.ប.ប. រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ទុក​បណ្តោះអាសន្ន​នៅ​ទីតាំង​ស្តុក​ចែកចាយ​នោះ និង​បញ្ជូន​គំរូ​មួយចំនួន​មក​នាយកដ្ឋាន​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បី​ធ្វើតេស្ត​វិភាគ​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​នានា​។

ក្នុង​ប្រតិបត្តិការ​នេះដែរ មន្ត្រី​ជំនាញ​បាន​រកឃើញ និង​ដកហូត​បង្គា​មាន​ចាក់​សារធាតុ​ចាហ៊ួយ (CMC) នៅលើ​ក្បាល​បង្គា​ចំនួន​ ៤៧,៥ ​គីឡូក្រាម នៅ​ទីតាំង​ដដែល ចំណែកឯ​ម្ចាស់​ទីតាំង​ត្រូវបាន​អញ្ជើញ​មក​បំភ្លឺ​នៅ​សាខា ក.ប.ប. រាជធានី​ភ្នំពេញ​៕