អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ «​ក.ប.ប​.» បានរៀបចំ​សិក្ខាសាលា បណ្តុះបណ្តាល​ដល់​មន្ត្រី​របស់​ខ្លួន​ប្រចាំ​នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​។

ក.ប.ប. សហការ​ជាមួយ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី ​«​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើម្បី​ធានា​នូវ​វឌ្ឍនភាព​ការងារ​» កាលពី​ថ្ងៃទី​ ១១ ​ខែកុម្ភៈ​នេះ ក្រោម​អធិបតី​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. និង លោក Frank Jettke ប្រធាន​ក្រុមការងារ​អាស៊ាន​នៃ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) ក្រោម​ការសម្របសម្រួល​ដោយ​នាយកដ្ឋាន​កិច្ចការ​ប្រកួតប្រជែង និង​នាយកដ្ឋាន​កិច្ចការពារ​អ្នកប្រើប្រាស់​។

ក.ប.ប. បានឱ្យដឹងថា សិក្ខាសាលា​នេះ​មាន​គោលបំណង​ពិនិត្យ និង​តាមដាន​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង COMPETE និង PROTECT រវាង​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក.ប.ប.» និង​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) ព្រមទាំង​ពិភាក្សា​លើ​ផែនការ​ការងារ​សម្រាប់​អនុវត្ត​បន្ត​ក្រោម​គម្រោង​ទាំង​ ២ ​ខាងលើនេះ​។

ជាមួយ​គ្នានេះ ក្នុង​សិក្ខាសាលា​នេះ​ក៏មាន​បណ្ដុះបណ្ដាល​លើ​ជំនាញ​ទន់ ​(​ភាពជា​អ្នកដឹកនាំ​) ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ចូលរួម​ផងដែរ​៕