រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះទៅ​កាន់​មូលដ្ឋាន​ប្រជាពលរដ្ឋ ជាពិសេស​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា ដោយ​គ្មាន​ការលាក់លៀម និង​ត្រូវ​បន្ត​ផ្តល់​សេវាសាធារណៈ​ឱ្យមាន​ប្រសិទ្ធភាព ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។

ការណែនាំ​នេះ ត្រូវបានធ្វើ​ឡើង​ខណៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង និង​បាត់ដំបង​បាន​អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​បូកសរុប​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​ ២០២១ លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​គណៈកម្មាធិការ​គណបក្ស​ខេត្តព្រៃវែង ប្រារព្ធ​នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ​នេះ​។

នាឱកាស​នោះ​លោក​បាន​ណែនាំ​ថា​៖ «​កិច្ចការ​បន្ត​ចាប់ពីពេលនេះ​ទៅ​ការប្រមូល​ផ្ដុំគ្នា​ចុះទៅ​កាន់​មូលដ្ឋាន​ប្រជាពលរដ្ឋ ជាពិសេស​ចូលរួម​ផ្ដល់​ការគាំទ្រ​ដល់​បេក្ខជន បេក្ខនារី​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​ឱ្យធ្វើ​សកម្មភាព​នានា​នៅ​មូលដ្ឋាន​គឺជា​អាទិភាព ហើយ​ទន្ទឹមនឹងនេះ​ត្រូវ​រួមគ្នា​ប្រមូល​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​មក​ដោះស្រាយ ដោយ​គ្មាន​ការលាក់លៀម ខិតខំ​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ល្អ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ធ្វើអំពើ​ល្អ​ដោយ​ការមិន​រំលោភ​អំណាច មិន​បំពាន​សិទ្ធិ សេរីភាព​ប្រជាពលរដ្ឋ និង​ត្រូវ​ពង្រឹងគុណភាព​សមាជិក​មាន​ស្រាប់ ព្រមទាំង​ពង្រីក​សមាជិក​ថ្មី​បន្ថែម​»​។

លោក​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ឱ្យ​អនុវត្ត​ផែនការ​គោលនយោបាយ​ដែលមាន​ស្រាប់ រួមមាន​ត្រូវ​បន្ត​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន រួមទាំង​ការស្ដារ​នីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​។

ជាពិសេស​នោះ លោក ស ខេង ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​បង្កើន​ការយកចិត្តទុកដាក់​បញ្ហា​គ្រឿងញៀន ហើយ​ឪពុកម្ដាយ អាណាព្យាបាល​ត្រូវ​ជួយ​ទប់ស្កាត់​ក្រុមគ្រួសារ​កុំឱ្យ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​៕