សាខា​កាកបាទ​ក្រហម​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប​បាន​ផ្តល់​អំណោយ​ជា​ជែល​លាងដៃ​ជូន​ដល់​មន្ទីរ-​អង្គភាព​ទាំង​ ៤៦ ក្នុង​ខេត្ត និង​ភ្នាក់ងារ​ពាក់ព័ន្ធ ដើម្បី​ប្រើប្រាស់​សម្រាប់​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ សំដៅ​ចូលរួម​កាត់បន្ថយ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​។

អនុប្រធាន​គណៈម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​សៀមរាប លោកស្រី ទាង អេង ទៀសីហា កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ​នេះ​បាន​នាំយក​អំណោយ​សប្បុរសធម៌ ដោយ​ប្រគល់​ជែល​លាងដៃ​សរុប​ចំនួន ៥៥៤​ កេស ជូន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​អនុសាខា​កាកបាទ​ក្រហម​កម្ពុជា ក្រុង-ស្រុក​ទាំង​ ១២ នៃ​ខេត្តសៀមរាប​។

លោកស្រី​សង្ឃឹមថា ជែល​លាងដៃ​ទាំងនេះ​នឹងចូលរួម​ចំណែក​ជួយ​ការពារ និង​កាត់បន្ថយ​ការឆ្លង​នៃ​ជំងឺ​កូវីដ ​១៩ ខណៈ​លោកស្រី​ជំរុញ​ដល់​មន្ត្រី​កងកម្លាំក្នុង​អង្គភាព និង​ក្រុមគ្រួសារ​ឱ្យ​ទៅ​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា​តាម​ទីកន្លែង ដែល​សុខាភិបាល​បានកំណត់​ជូន​កុំបី​អាក់ខាន ដើម្បី​ការពារ​អាយុជីវិត និង​ត្រូវ​រស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩​។

ទន្ទឹមនេះដែរ​លោកស្រី ទាង អេង ទៀសីហា ក៏បាន​ថ្លែង​អំណរគុណ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​សុខាភិបាល​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ក្នុង​ខេត្ត​សៀមរាប ដែល​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ និង​បានចាត់ទុក​ក្រុមគ្រូពេទ្យ គឺជា​វីរជន​ជួរមុខ​ក្នុង​ការរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការទប់ស្កាត់​ការចម្លង​មេរោគ​កូវីដ​ ១៩ ​នៅ​មូលដ្ឋាន​នៃ​ខេត្តសៀមរាប​៕