ក្រុមការងារ​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ត​រៀបចំ​ដាំ​ស្មៅ​នៅ​បរិវេណ​មុខ​ប្រាសាទ​អង្គរវត្ត​ឱ្យ​មាន​ភាពបៃតង ដើម្បី​លើកកម្ពស់​សោភណ្ឌភាព និង​តម្លៃ​ប្រវត្តិសាស្ត្រ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

កម្មករ​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​ ១២ ខែកុម្ភៈ​នេះ​កំពុង​មមាញឹក​ជីកដី រៀបចំ​ដាំ​ស្មៅ​នៅ​បរិវេណ​មុខ​ប្រាសាទ​អង្គរវត្ត ដើម្បី​លើកកម្ពស់​សោភណ្ឌភាព ទេសភាព​បៃតង​ក្នុង​រមណីយដ្ឋាន​អង្គរ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ឱ្យ​កាន់តែ​ស្រស់បំព្រង​មួយកម្រិត​ទៀត​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល ធ្លាប់​ថ្លែងថា ទោះបី​ក្នុង​បរិបទ​កូវីដ ១៩ ប៉ុន្តែ​ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ និង​សោភណ្ឌភាព​ជុំវិញ​ប្រាសាទ​នោះ​គឺជា​រឿង​ចាំបាច់ ដែល​ត្រូវផ្តោត​ការយកចិត្ត​ទុកដាក់​ខ្ពស់​។ លោក​បន្តថា កន្លងមក​ក្រុមការងារ​ជំនាញ​បាន​បន្ត​ការយកចិត្ត​ទៅតាម​ផ្នែក​រៀងៗ​ខ្លួន ដែល​ក្នុង​នោះ​ការថែរក្សា​បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និង​ការជួសជុល​ប្រាសាទ​នានា​ដែល​ទ្រុឌទ្រោម​ជាដើម​៕