​បន្ទាយមានជ័យៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចេញ​លិខិត​អ​ញ្ញើញ​អភិបាលស្រុក​ព្រះនេត្រព្រះ​លោក ឃូ ពៅ និង​មេឃុំ​ប្រាសាទ​លោក មាស​ហ៊ឹក ឲ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​នៅ​អំឡុង​ខែមីនា​ពាក់​ព​ន្ធ័​នឹង​ករណី​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​តំបន់ ​៣ ក្នុង​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាសាទ ​និង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

យោងតាម​លិខិតអញ្ជើញ​របស់លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចុះ​ថ្ងៃទី​ ៩ ​ខែកុម្ភៈ​ឆ្នាំ​ ២០២២ ចំនួន ​២​ ច្បាប់​ផ្សេងគ្នា បានឱ្យដឹងថា លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ​ត្រូវបាន​អញ្ជើញ​ឱ្យចូល​ខ្លួន​បំភ្លឺ​នៅ​ម៉ោង​ ២​ រសៀល​នា​ថ្ងៃទី ​២១ ​ខែមីនា​ឆ្នាំ​ ២០២២ ​ហើយ​លោក មាស ហ៊ឹក មេឃុំ​ប្រាសាទ​តម្រូវ​ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ​ ២០២២ ​វេលា​ម៉ោង ​២ ​រសៀល​។​

លិខិត​ទាំង ​២ ​នេះ មាន​ខ្លឹមសារ​ដូចគ្នា​ថា​៖ «​ការ​កោះ​អ​ញ្ញើញ​នេះ ​ដើម្បី​សាកសួរ​អំពី​ដំណើរ​អ្នក​ដែល​ពាក់ព័ន្ធ​ការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​តំបន់​ ៣ ក្នុង​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាសាទ​និង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​»​។​

លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ មិនអាច​សុំ​ការឆ្លើយតប​បានទេ កាលពី​ថ្ងៃទី ១៣ កុម្ភៈ ដោយ​លោក អះអាងថា កំពុង​រវល់ ចំណែក លោក មាស ហ៊ឹក មេឃុំ​ប្រាសាទ ក៏​មិន​ទាក់ទង​បានដែរ ដោយសារ​ទូរស័ព្ទ​ចូល មិនមាន​អ្នកទទួល​។​

លោក​ សំរិទ្ធ សុខុន​ អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៣ កុម្ភៈ​ថា​ការ​កោះ​អ​ញ្ញើញ​នេះ គឺមាន​គោលដៅ​ដើម្បី​សួរនាំ​ព័ត៌មាន​បន្ថែម​ពី​អាជ្ញាធរ​ទាំង​ ២ ​នេះ​អំពី​អ្នកពាក់ព័ន្ធ​នឹង​ករណី​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ ៣ ដោយ​ពួកគេ​ទាំង​ ២ ​នៅ​មិនទាន់មាន​ការរកឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​នោះទេ​។

លោក​បាន​ឲ្យ​ដឹងថា​ជាមួយនឹង​បទល្មើស​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ​៣ ក្នុងភូមិ​សាស្ត្រ​នេះ​គឺ​តុលាការ​បានធ្វើ​ការកោះហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ និង​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​បន្ត​បន្ទាប់ ពី​ទទួលបាន​សំណុំរឿង​ពី​រដ្ឋបាល​ព្រៃឈើ ។​

លោក​បាន​បញ្ជាក់ថា​៖ «​យើង​កំពុងធ្វើការ​ស៊ើបអង្កេត​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នេះ​ដូច្នេះ​យើង​ហៅ​គាត់ ដែលជា​អាជ្ញាធរ​មក​សួរថា​មាន​អ្នកណាខ្លះ​ដែល​ពាក់ព័ន្ធ​។ សំណុំ​រឿ​នេះ​គឺមាន​អ្នកពាក់ព័ន្ធ​ច្រើនណាស់ ចំណែក​ផ្ទៃដី​ខ្ញុំ​មិនទាន់​ដឹង​ទេ​»​។​

កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់ ចំពោះ​ការ​លួច​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក និង​វាតទី​យក​ដី​នៅតាម​បឹង​ទន្លេសាប​។ ការចេញ​បញ្ជា​នេះ​ធ្វើឡើង បន្ទាប់ពី​រាជបណ្ឌិត្យសភាកម្ពុជា បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​ពី​ការរំលោភបំពាន​ដីព្រៃ​លិច​ទឹក​រាប់ម៉ឺន​ហិកតា​យ៉ាង​អនាធិបតេយ្យ គួរឱ្យ​ព្រួយបារម្ភ ជុំវិញ​បឹង​ទន្លេសាប និង​ត្រូវមាន​ការដោះស្រាយ​ជាបន្ទាន់​។​

​ជាមួយនឹង​ការដកហូត​នេះ​សម្រាប់​ខេត្តបន្ទាយមានជ័យ​ដី​ដែលមាន​ការពាក់​ព​ន្ធ័​ និង​ការ​ឈូសឆាយ​ទន្ទ្រាន​យក​ពី​ក្រុម​ជនខិលខូច​មាន​ចំនួន​ជាង ​១២ ០០០​ ហិកតា​ក្នុងស្រុក​ចំនួន ២ គឺ​ស្រុក​ព្រះនេត្រព្រះ ​និង​ស្រុក​មង្គល​បូរី​។​

លោក ស៊ុំ ចាន់​គា មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ដោយ ជំរុញ​ឲ្យ​តុលាការ​មាន​ចំណាត់ការ​ទៅលើ​ជន​គ្រប់រូប​ឲ្យ​ស្មើភាព​គ្នា​មិន​ថា​ជា​ពលរដ្ឋ​ធម្មតា​ឬ​មន្ត្រី​នោះទេ​ឲ្យ​តែ​រកឃើញថា​មាន​បទល្មើស​គឺ​ត្រូវតែ​ទទួលទោស​ទៅតាម​ច្បាប់​។​

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ចឹ​ង​មិន​ថា​មេស្រុក​ឬ​មេឃុំ​ក៏ដោយ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​គឺ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ បើសិនជា​ក្នុង​ហ្នឹង​យើង​ឃើញថា​មានការ​ចុះហត្ថលេខា​លើ​លិខិត​នានា​ឲ្យ​មាន​ភាពស្របច្បាប់ លើដី​សាធារណៈ​របស់​រដ្ឋ​ពី​សំណាក់​អាជ្ញាធរ​នោះ​ក៏​ជា​បទល្មើស​ដែរ​ព្រោះ​ពួកគេ​ដឹង​ច្បាស់​រួចជាស្រេច​ទៅហើយ​ថា​ដី​ទាំងនោះ​ត្រូវបាន​ការពារ​»៕