បាត់ដំបងៈ មនុស្ស​ចំនួន​ ៤ នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់ ​និង​ក្មេង​ម្នាក់ ​ស្លាប់​នៅ​កន្លែង​កើតហេតុ ​និង​មនុស្ស​ប្រុស​-ស្រី​ ៩ នាក់​ទៀត​របួសធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ចុះ​ចំណោត​បុក​ម៉ូតូ​ ១ គ្រឿង ​ដែល​កើតឡើង​ នៅ​ចំណុច​ទួល​ចំណោត​ភ្នំព្រឹក​ ក្នុង​ភូមិ​ថ្នល់បត់ ​ឃុំ​អូររំដួល ​ស្រុក​ភ្នំព្រឹក ​ខេត្ត​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ​កុម្ភៈ។

លោក ​ហេង បារាំង ​អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក ​ប្រាប់​នៅ​ថ្ងៃ​ទី ១៣ ​កុម្ភៈ​ ថា ​ជនរងគ្រោះ​ស្លាប់​ភាគី​ខាង​ម៉ូតូ ​ទី ១​-ឈ្មោះ​ញ៉ែម ធឿន ​ភេទស្រី ​អាយុ​ ៦២ ឆ្នាំ ​ទី ២​-ឈ្មោះ​ហែល រ៉េត ​ភេទប្រុស ​អាយុ​ ៦៣ ឆ្នាំ ​ទី ៣​-ឈ្មោះ​ ក្រៃ ភព ​ភេទប្រុស ​អាយុ​ ៣ ឆ្នាំ។ ពួកគេ​រស់នៅ​ភូមិថ្នល់​បត់ ​ឃុំ​អូររំដួល ​ស្រុក​ភ្នំព្រឹក ​ខេត្ត​បាត់ដំបង។ ចំណែក​អ្នកបើក​គោយន្ត​ឈ្មោះ​ ញ៉ាញ់ ​ពៅ​ ភេទ​ប្រុស ​អាយុ ​៣៨ ឆ្នាំ​ (របួស​ធ្ងន់)​ រស់នៅ​ភូមិ​កោះ​តូច ​ឃុំ​សំពៅ​លូន ​ស្រុក​សំពៅ​លូន ​ខេត្ត​បាត់ដំបង។ រីឯ​បុរស​ម្នាក់​ឈ្មោះ​ សុត វី ​អាយុ​ ៣៤ ឆ្នាំ ​ដែល​ជិះ​លើ​រថយន្ត ​ក៏​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​មាន​មនុស្ស​ប្រុស​-ស្រី​ ៩ នាក់​ទៀត ​ដែល​រួម​ដំណើរ​លើ​រថយន្ត​ជាមួយ​គ្នា​បាន​រងរបួស​ធ្ងន់​ស្រាល។

លោក​ថ្លែងថា​៖ «តាម​អ្នកបើក​រថយន្ត​ដែល​រងរបួស​នោះ​ គាត់​ថា​ពេល​បើក​ចុះ​ចំណោត​ភ្នំ​ព្រឹក​ គាត់​ដាក់​លេខ​មិន​ចូល។ ពេល​នោះ​រថយន្ត​មាន​ល្បឿន​លឿន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ទៅ»។

លោក​អធិការ​រៀបរាប់​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា ​នៅវេលា​ម៉ោង​ជាង ​៨ ព្រឹក​ថ្ងៃ​ទី ១៣ ​កុម្ភៈ ​មាន​រថយន្ត​កែច្នៃ​ ១ គ្រឿង​ដឹក​ដំឡូង​មី​ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ ញ៉ាញ់ ​ពៅ ​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង ​ទៅ​ត្បូង ​ធ្វើដំណើរ​ពី​ស្រុកសំពៅ​លូន​មក​ស្រុក​ភ្នំ​ព្រឹក។ លុះ​បើក​ដល់​ចំណុច​កើតហេតុ​ពេល​កំពុង​ចុះ​ចំណោត​ពី​លើ​ភ្នំព្រឹក​ ស្រាប់តែ​គេ​ឃើញ​រថយន្ត​កែច្នៃ​ ១ គ្រឿង​នោះ​រេ​ចង្កូត​ក្នុង​ល្បឿន​លឿន ​ជ្រុល​ទៅបុក​ម៉ូតូ​ ១ គ្រឿង​ទៀត​ បើកបរ​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា​ បុក​រះ​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​តែម្តង ​បន្ទាប់មក​ទើប​រថយន្ត​ក្រឡាប់។

លោក​បញ្ជាក់ថា ​ភ្លាមៗ​ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​នគ​របាល​ស្រុក​ភ្នំព្រឹក​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំព្រឹក ​និង​អ្នករបួស​ខ្លះ​ទៀត​ត្រូវបាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្សេង​ទៀត។ ចំពោះ​ការពាក់ព័ន្ធ​ផ្នែក​ផ្លូវច្បាប់​យ៉ាងណា​នោះ ​សមត្ថកិច្ច​នឹងមាន​ចំណាត់ការ​បន្តទៀត ​ព្រោះ​ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើការ​វាស់វែង​ទីតាំង​កើតហេតុ​រក​ខុសត្រូវ​ ខណៈ​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ម្នាក់​នោះ​ ក៏​កំពុង​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដែរ៕