ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សារលិខិត​អបអរ​ទិវា​វិទ្យុ​ពិភពលោក​ខួប​លើក​ទី​ ១១ ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដោយ​ចាត់ទុកថា ស្ថាប័ន​វិទ្យុផ្សាយ​សំឡេង​បាន​ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា​នៅ​កម្ពុជា​។

ទិវា​វិទ្យុ​ពិភពលោក​ដែល​បាន​ប្រារព្ធ​ឡើង​នា​ថ្ងៃទី​ ១៣ ខែកុម្ភៈ គឺធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន​របស់​ស្ថាប័ន​វិទ្យុ​ផ្សាយសំឡេង​ទាំងអស់​នៅលើ​សកលលោក និង​លើកកម្ពស់​សា្ថប័ន​វិទ្យុផ្សាយ​សំឡេង​ដែលជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​កាន់តែ​មាន​ប្រជាប្រិយភាព និង​ទទួលបាន​ការគាំទ្រ​ពី​សាធារណជន​ខ្លាំងក្លា​ថែមទៀត​។

ទិវា​នេះ ក៏​ដើម្បី​ចូលរួម​ជំរុញ​ឱ្យ​ស្ថាប័ន​នេះ​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​ប្រកបដោយ​សុចរិតភាព​ក្នុងការ​ផ្ដល់ព័ត៌មាន​ ដើម្បី​លើកកម្ពស់​ការយល់ដឹង ការគោរព​សិទ្ធិ​បុគ្គល​ឯកជន និង​បង្កើន​ការជឿ​ទុកចិត្ត​របស់​សាធារណជន ព្រមទាំង​លើកស្ទួយ​សិទ្ធិ សេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន​នៅលើ​សកលលោក​ផងដែរ​។

ទិវា​វិទ្យុ​ពិភពលោក ក្នុងឆ្នាំនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ប្រធានបទ​ស្ដីពី វិទ្យុ និង​ការជឿទុកចិត្ត Radio and Trust ស្រប​ពេលដែល​ពិភពលោក​កំពុង​មាន​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​មហាអំណាច​ដែល​ធ្វើឱ្យ​សភាពការណ៍​នយោបាយ មាន​ភាពតានតឹង គួបផ្សំ​នឹង​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ-១៩ ដែល​កំពុង​គំរាមកំហែង​អាយុជីវិត​របស់​មនុស្ស​ជាតិ​នៅ​ទូទាំង​សកលលោក និង​ការកើនឡើង​នៃ​ការផលិត ការចែកចាយ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។ នេះ​បើតាម​សារលិខិត​របស់​លោក​នាយករដ្ឋមន្ត្រី​។

លោក ហ៊ុន សែន បាន​លើកឡើង​នៅក្នុង​សារលិខិត​នោះ​បន្តថា ការផ្សាយ​ព័ត៌មាន​មិន​ពិត ញុះញង់ បំភ្លៃ​ការពិត គឺ​ធ្វើឱ្យ​ពិភពលោក​មាន​ភាពច្របូក​ច្របល់ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​វិទ្យុ​ផ្សាយ​សំឡេង ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​បំពេញ​ការងារ​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ មានការ​ទទួលខុសត្រូវ និង​មាន​សុចរិតភាព​ក្នុង​ការផ្តល់​ព័ត៌មាន​ពិត​ដល់​សាធារណជន​។

លោក​បន្តថា ការផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់ បំភ្លៃ​ការពិត បំប៉ោង​សភាព​ការណ៍ គឺ​ធ្វើឱ្យ​ស្ថានការណ៍​នយោបាយ​សកល​លោក​កាន់តែ​ឡើងក​ម្ដៅ ដែល​អាច​ប្រឈម​នឹង​គ្រោះមហន្តរាយ ហើយ​ធ្វើឱ្យ​សាធារណជន​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូមឱ្យ​បងប្អូន​អ្នក​សារព័ត៌មាន​ទាំងអស់ បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការចែករំលែក​ព័ត៌មាន ចំណេះដឹង និង​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ការងារ​ដើម្បី​បង្កើន​សមត្ថភាព យល់ដឹង​អំពី​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បង្កើន​កិច្ចសហប្រតិបត្តិ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយជា​សកល​ដែល​បំពុល​បរិយាកាស​សង្គម បង្ក​អសន្តិសុខ និង​ធ្វើឱ្យ​កើតមាន​អរិភាព​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​សកលលោក​»​។

ទន្ទឹមនេះ​លោក ក៏បាន​ចាត់ទុក​ថា សា្ថ​ប័ន​វិទ្យុ​ផ្សាយសំឡេង ក៏ដូចជា​សា្ថប័ន​សារព័ត៌មាន ដោយ​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា បង្កឡើង​ដោយ​ពួក​ឱកាសនិយម​ដែល​តែងតែ បង្ក​ភាពចលាចល វឹកវរ​នៅក្នុង​សង្គម​ដោយ​បាន​ធ្វើការ​ពន្យល់ និង​បកស្រាយ​យ៉ាងច្បាស់លាស់ ឱ្យ​សាធារណ​ជនជាតិ និង​អន្តរជាតិ​យល់ច្បាស់​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​បាន​ទាន់​សភាពការណ៍​។

លោក​បន្តថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់​និយាយ​ជារួម និង​និយាយ​ដោយឡែក​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​នៃ​សា្ថប័ន​វិទ្យុផ្សាយសំឡេង​ទាំងអស់ ដែល​បាន​ខិតខំ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​ក្នុង​ការបំពេញ​ភារកិច្ច​របស់ខ្លួន​នៅក្នុង​ដំណាក់កាល​ដ៏លំបាក និង​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ក្នុងការ​ផ្ដល់ព័ត៌មាន​ពី​រាជរដ្ឋាភិបាល​ទៅកាន់​ប្រជាពលរដ្ឋ និង​ពី​ប្រជាពលរដ្ឋ​មកកាន់​រាជរដ្ឋាភិបាល​វិញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង និង​ស្វែងយល់​អំពី​ការពិត និង​សភាពការណ៍​នយោបាយ​សង្គម សេដ្ឋកិច្ច​ទាំង​នៅ​កម្ពុជា និង​ទាំង​នៅលើ​សកលលោក​»​។

ជាមួយ​នឹង​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​ ៤ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ប្រជាប្រិយភាព​អស់​រយៈពេល ១១១ ​ឆ្នាំ​មកហើយ​នោះ លោក ហ៊ុន សែន ក៏​ជំរុញ​ស្ថាប័ន​ផ្សព្វផ្សាយ​ជាពិសេស​ស្ថាប័ន​វិទ្យុ បង្កើន​សមត្ថភាព​របស់​ខ្លួន​ទៅលើ​ថ្នាល​វិទ្យុ​ឌីជីថល​អនឡាញ​ដែល​អាច​ប្រើ​បាន​តាមរយៈ​ឧបករណ៍​វៃឆ្លាត​ដើម្បី​ផ្សារភ្ជាប់ និង​សម្របសម្រួល​ខ្លួន​ទៅនឹង​ការរស់នៅ ចរិត​លក្ខណៈ​របស់​មនុស្ស​ជំនាន់​ថ្មី ក្នុង​ការផ្តល់​នូវ​ជម្រើស​ជាច្រើន និង​ឆ្លើយតប​តាម​តម្រូវការ​របស់​មនុស្ស​នាពេល​បច្ចុប្បន្ន​។

លោក មាស សោភ័ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​និយាយថា ក្នុង​ពេល​បច្ចុប្បន្ន វិទ្យុ​នៅតែ​រក្សាបាន​គុណតម្លៃ និង​តួនាទី​ដ៏មាន​សារៈសំខាន់​របស់ខ្លួន​ក្នុង​ការផ្សាយ​ព័ត៌មាន​ពិត ប្រកប​ដោយ​ក្រមសីលធម៌ និង​វិជ្ញាជីវៈ​។ លោក​បន្តថា៖ «​វិទ្យុ​បាន​ដើរតួ​សំខាន់​ក្នុង​ការផ្តល់​ព័ត៌មាន​ដល់​សាធារណជន ជាពិសស នៅ​ទីជនបទ​ដែល​បាន​ចែករំលែក​ព័ត៌មាន​របស់​រដ្ឋាភិបាល​ទៅ​កាន់​ពលរដ្ឋ​ពី​ពលរដ្ឋ​មក​រដ្ឋាភិបាល​វិញ​ផងដែរ​»​។

ជាមួយ​នឹង​ការរក្សាបាន​នូវ​គុណតម្លៃ​នេះ លោក មាស សោភ័ណ ក៏​មើលឃើញ​ថា បណ្តា​ស្ថាប័ន​វិទ្យុ​ទាំងនេះ​ក៏បាន​ធ្វើ​ទំនើបកម្ម និង​ការអភិវឌ្ឍ​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​ខ្លួន​ទៅតាម​ថ្នាល​ឌីជីថល​ផងដែរ​។

លោក លៀ ស៊ីណា អ្នកយក​ព័ត៌មាន​នៅ​វិទ្យុ​បាយ័ន និយាយថា បើទោះជា​ស្ថានភាព​បច្ចុប្បន្ន​បាន​ធ្វើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ភាពសម្បូរបែប ក៏វិទ្យុ​នៅតែ​មាន​សារៈសំខាន់​ក្នុង​ការរួមចំណែក​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ពលរដ្ឋ ជាពិសេស​តំបន់​ដាច់​ស្រយាល​ដែល​មិនទាន់​មាន​ការរីកចម្រើន​ផ្នែក​ឌីជីថល​។

លោក​ថា​៖ «​ទិវា​វិទ្យុ​ពិភពលោក​ប្រារព្ធ​ឡើង​ពិតជា​រំឭក​ត្រឡប់មកវិញ​អំពី​សារៈសំខាន់​នៃ​វិទ្យុ​ថា វិទ្យុ​នៅតែ​មាន​សារៈសំខាន់​ក្នុង​ការផ្តល់​ព័ត៌មាន​។ វិទ្យុ​ងាយស្រួល​ក្នុង​ការស្តាប់ ដោយ​គាត់ មិន​ចាំបាច់​ចំណាយ​ថវិកា​បង់ថ្លៃ​អ៊ិនធឺណិត​ដូចជា​ប្រព័ន្ធ​បណ្តាញសង្គម​ផ្សេង​»​។ ប៉ុន្តែ​លោក ស៊ីណា នៅតែ​មើលឃើញ​ថា ក្នុងពេល​បច្ចុប្បន្ន​មនុស្ស​មួយចំនួន​ហាក់​ចង់​បំភ្លេចចោល​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ​នេះ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​បន្ថែមទៀត​ដើម្បី​ស្វែងរក​ការគាំទ្រ និង​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ មាន​លំនឹង និង​អាច​បន្ត​ការផ្សព្វផ្សាយ​របស់ខ្លួន​បាន​បន្តទៀត​ឱ្យបាន​ទូលំទូលាយ​។

បើតាម​តួលេខ​របស់​ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា នាពេល​បច្ចុប្បន្ន​ស្ថាប័ន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ប្រមាណ ៤ ០០០ ស្ថាប័ន ក្នុង​នោះ​ស្ថាប័ន​វិទ្យុ​មាន​ចំនួន ២២០ ​ស្ថាប័ន​៕