ភ្នំពេញៈ សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ និង​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ស្ដីពី​ឧកញ៉ា​អាច​បញ្ចប់​នៅ​ឆ្នាំ​ ២០២២​ នេះ ហើយ​ដែល​ឧកញ៉ា​មួយចំនួន​បង្ហាញ​ការគាំទ្រ​សេចក្តី​ព្រាង​នេះ​ដោយ​ចាត់ទុក​ថា នឹង​ជួយ​លើក​តម្លៃ​ឧកញ៉ា​ឡើងវិញ ស្របពេល​ឧកញ៉ា​ខ្លះ​បាន​យក​គោរមងារ​ទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​។

នាឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីពិសា​អាហារ សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ សមាគម​មូលនិធិ «​សម្ដេចតេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​» នា​ថ្ងៃទី​ ១០ កុម្ភៈ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឱ្យដឹងថា លោក​កំពុង​ដឹកនាំ​រៀបចំ​សេចក្តី​ព្រាង​នេះ ហើយ​អាច​នឹង​បញ្ចប់​នៅត្រឹម​ឆ្នាំ ​២០២២​ នេះ​។ លោក​ថា ក្នុង​ដំណើរ​ការសិក្សា​រៀបចំ​សេចក្ដី​ព្រាង​នេះ ក៏​នឹង​មាន​ការជជែក​ពិភាក្សា​រវាង​តំណាង រាជរដ្ឋាភិបាល​ជាមួយ​សមាគម​ឧកញ៉ា​ផងដែរ​។ ​ ​លោក​ថ្លែងថា​៖ «​នៅក្នុង​ការរៀបចំ​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ថ្មី​អាច​នឹង​មានចែង​កំណត់​អំពី​ការផ្ដល់​គោរមងារ ការកំណត់​អំពី​កាតព្វកិច្ច​របស់​ឧកញ៉ា និង លក្ខខណ្ឌ​នៃ​ការសម្រេច​ដក​គោរមងារ​ក្នុង​ន័យ ដើម្បី​លើកតម្កើង​តម្លៃ​នៃ​គោរមងារ​ជា​ឧកញ៉ា ហើយ​បន្ទាប់ពី​រៀបចំ​ព្រះរាជក្រឹត្យ​នេះហើយ​នោះ សមាគម​ឧកញ៉ា​ក៏​ត្រៀមលក្ខណៈ​រៀបចំខ្លួន​ឱ្យបាន​សមស្រប​ទៅនឹង​ខ្លឹមសារ​ព្រះរាជក្រឹត្យ​ថ្មី​ផងដែរ​»​។

ស្ថាបនិក​ប្រធាន​ក្រុមប្រឹក្សាភិបាល និង អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ម៉េងលី ជេ. គួច អេឌ្យូខេសិន លោក​ឧកញ៉ា គួច ម៉េងលី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ១៣ កុម្ភៈ ថា​នៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ គឺមាន​ឥស្សរិយយស​មុខងារ​មួយចំនួន​ដែល​គេ​ផ្តល់​តួនាទី​ទៅឱ្យ​បុគ្គល​ក្នុង​នាម​មាន​ភាពថ្លៃថ្នូរ ដែល​បាន​ចូលរួម​ជួយ​សង្គមជាតិ​ជួយ​ប្រជាពលរដ្ឋ តាមរយៈ​ការស្ម័គ្រ​ដោយ​បរិសុទ្ធ ដែល​ប្រជាពលរដ្ឋ​ទទួលស្គាល់​។ ប៉ុន្តែ​ប្រទេស​ខ្លះ​បាន​គោរមងារ​ដោយ​បក្ខពួក ដោយ​លុយ​ធ្វើឱ្យ​បាត់​តម្លៃ​នៃ​គោរមងារ​ជា​ឧកញ៉ា​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ខ្ញុំ​គិតថា ការព្រាង​ឡើងវិញ​នេះ មិន​ថា ឧកញ៉ា អ្នកឧកញ៉ា គួរតែ​ពិចារណា ព្រោះ​ឧកញ៉ា​ខ្លះ​យក​គោរមងារ​ទៅ​ប្រព្រឹត្ត​ប្រាសចាក​ពី​ក្រមសីលធម៌​ធ្វើឱ្យ​ប្រជាជន​ក្តៅក្រហាយ​។ យើង​ដឹង​ហើយ​ថា ឧកញ៉ា​ខ្លះ​ប្រព្រឹត្ត​អំពើ​ហិង្សា ប្រព្រឹត្ត​គ្រឿងញៀន ឬ​រកស៊ី​មិន​ប្រក្រតី ប៉ះទង្គិច​ដល់​ជាតិ ការកាប់​ព្រៃឈើ​។ អ៊ីចឹង​អ្នក​កាន់​តួនាទី​នេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​ដែល​ទ្រង់​ផ្តល់​គោរមងារ​ជូន​»​។

ទោះយ៉ាងណា លោក​សង្ឃឹម​ថា នៅពេល​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ចូល​ជា​ធរមាន​នឹង​ជួយ​លើក​តម្លៃ​កិត្តិយស​អ្នកទទួល​បាន​គោរមងារ​ឧកញ៉ា​ពិតប្រាកដ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក​ឧកញ៉ា លឹម ហេង គាំទ្រ​សេចក្តី​ព្រាង​នេះ ដើម្បី​រៀបចំ​ក្រមសីលធម៌​របស់​ឧកញ៉ា​ឱ្យ​ប្រព្រឹត្តទៅ​មានតម្លៃ​ក្នុងសង្គម​។

លោក​ថ្លែងថា​៖ «​ធម្មតា​ទេ​មនុស្ស​តែងមាន​ល្អ មាន​អាក្រក់ មិនមែន​តែ​ឧកញ៉ា​ទេ ឯកឧត្តម​មួយ​ចំនួន​គាត់​ល្អ មួយ​ចំនួន​ក៏​មិន​ល្អ​ដែរ​។ ឧកញ៉ា​ដូចគ្នា​ឱ្យតែ​មនុស្ស​តែងមាន​កំហុស ប៉ុន្តែ​ភាគច្រើន​ឧកញ៉ា​គឺ​ធ្វើ​ល្អ ព្រោះ​ឧកញ៉ា​មិន​បានទទួល​ប្រាក់បៀវត្សរ៍​ពី​រាជការ​ទេ មាន​តែ​ជួយឧបត្ថម្ភ​សង្គម​»​។

លោក​ថា​៖ «​សម្រាប់​ទស្សនៈ​ខ្ញុំ ឧកញ៉ា​កាន់តែ​ច្រើន កាន់តែ​ល្អ​សម្រាប់​សង្គមជាតិ​ក្នុង​ការអភិវឌ្ឍ​សង្គម​។ គ្រាន់តែ​ថាឱ្យ​មាន​ក្រមសីលធម៌​នៃ​ឧកញ៉ា ខ្លួនឯង​ជា​ឧកញ៉ា​ហើយ​ត្រូវមាន​ក្រមសីលធម៌​»​។ លោក​បន្តថា ពាក្យ​ថា ឧកញ៉ា​ ១ ​ម៉ាត់​មិនមែន​សំដៅលើ​អ្នកមាន​នោះទេ គឺ​សំដៅ​លើ​អ្នក​ដែល​ជួយ​សង្គមជាតិ ជួយ​ទាំង​ចំណេះ ជំនាញ និង​ថវិកា ដូច្នេះ​ការធ្វើ​សេចក្តីព្រាង​នេះ​ជា​រឿង​ល្អ ដើម្បី​រៀបចំ​ឱ្យ​មាន​សណ្តាប់ធ្នាប់ និង​ក្រមសីលធម៌​។

ក្រុមការងារ​អន្តរក្រសួង​ត្រូវបាន​រាជរដ្ឋាភិបាល​បង្កើត​នា​ថ្ងៃទី​ ៩ មេសា ២០២១ ដើម្បី​សិក្សា ផ្តួចផ្តើម រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត សម្រាប់​គ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា ការដកហូត​គោរមងារ​ឧកញ៉ា និង​សិក្សា​ស្រាវជ្រាវ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​នានា​៕