កណ្តាលៈ ក្រុម​ក្មេង​ទំនើង​ចំនួន ​៨​ នាក់​ដែល​តែង​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់​អ្នកដំណើរ​តាម​ដងផ្លូវ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល​ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃទី​ ១២ កុម្ភៈ បន្ទាប់ពី​នគរបាល ស្រុក មុខកំពូល​ចាប់ខ្លួនបាន​ ១ ​ថ្ងៃ​។

លោក ឡាក់ ម៉េងធី ស្នងការរង​ទទួល​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ ខេត្តកណ្តាល​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៣ កុម្ភៈ ថា៖ «​អ្នក​ទាំង​ ៨​ នាក់​នោះ ពីថ្ងៃ​ទី​ ១១ ​កុម្ភៈ​ខាង​នគរបាល​ស្រុក​មុខកំពូល​បាន​បញ្ជូន​ពួកគេ​មក​ការិយាល័យ​ព្រហ្មទណ្ឌ​ខ្ញុំ ហើយ​នៅ​ថ្ងៃទី​ ១២ កុម្ភៈ​ខ្ញុំ​បាន​បញ្ជូន​បន្តទៅ​តុលាការ ហើយ​ត្រូវបាន​តុលាការ​ឃុំខ្លួន​ពីថ្ងៃ​ម្សិលមិញ​ (​ថ្ងៃទី​ ១២ ​កុម្ភៈ​)»​។

លោក ឃុន បូរិន អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ទទួល​ផែន​ការងារ​នគរបាល​យុត្តិធម៌​ប្រាប់​នៅ​ថ្ងៃទី​ ១៣ កុម្ភៈ​ថា មុន​មាន​ការចាប់​ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ​គឺ​កាលពី​ថ្ងៃទី​ ២៩ មករា និង​ថ្ងៃទី​ ៣ កុម្ភៈ ឆ្នាំ​ ២០២២ ​មាន​បទល្មើស​វាយ​ប្លន់​អ្នកដំណើរ​យក​ទ្រព្យសម្បត្តិ​ ២ ​ករណី​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៦ ក្នុង​ភូមិសាស្ត្រ​ស្រុក​មុខកំពូល​។

លោក​បន្តថា ដោយសារ​តែមាន​បទល្មើស​ឆក់​ប្លន់​កើតមាន​ផ្ទួនៗ​គ្នា​បែបនេះ​មក លោក​បានដាក់​កម្លាំង​យាម​ចាំ​ឃ្លាំមើល​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មុខកំពូល​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦​។

លោក​បន្តថា ស្រាប់តែ​នៅ​យប់​ថ្ងៃទី​ ៥ ​កុម្ភៈ​ក្រុម​ដដែល​នេះ​បាន​វាយ​អ្នកដំណើរ​យក​ទ្រព្យសម្បត្តិ​ម្តងទៀត ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​របស់​លោក​ដេញ​តាម​រហូតដល់​ទឹកដី​ខណ្ឌ​ជ្រោយចង្វារ និង​ចាប់បាន​ម្នាក់ និង​បន្ត​ចាប់បាន​ ៧​ នាក់​បន្ថែមទៀត​។

បើតាម​លោក ឃុន បូរិន ក្រុម​ជនសង្ស័យ​ខាងលើ​មាន​អាយុ​ចន្លោះ​ពី ​១៦​ ដល់​ ២០ ​ឆ្នាំ ហើយ​អ្នកខ្លះ​ជា​សិស្សសាលា​ និង​មាន​ស្រុកកំណើត​នៅតាម​ខេត្ត​ខ្លះ និង​នៅ​រាជធានី​ភ្នំពេញ​ខ្លះ​។ ពេលចេញ​ធ្វើ​សកម្មភាព​ម្តងៗ​ក្រុម​ជននេះ​មាន​ម៉ូតូ​ពី​ ១០​ ទៅ​ ២០ ​គ្រឿង​ធ្វើ​សកម្មភាព​ចាប់ពី​ម៉ោង​ ១០​ យប់​រហូតដល់​ម៉ោង​ ៣​ ទៅ​ ៤​ ទៀបភ្លឺ​។ ក្រុម​នេះ​តែង​ធ្វើ​សកម្មភាព​ប្លន់​នៅ​ច្រើន​ភូមិសាស្ត្រ​បើ​ប្រទះឃើញ​ជនរងគ្រោះ​ណា​ជិះ​ម៉ូតូ​ម្នាក់ឯង គឺ​ក្រុម​នេះ​ធ្វើ​សកម្មភាព​ប្លន់​តែម្តង​។

លោក​ប្រាប់​តាម​សម្តី​ក្រុម​ជនសង្ស័យ​ថា ក្រុម​ជនសង្ស័យ​បាន​ចេញ​ធ្វើ​សកម្មភាព​តាំងពី​ចុងឆ្នាំ​ ២០១៩ ​មក​ម្ល៉េះ​។ ប៉ុន្តែ​រាល់​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​គឺ​គ្មាន​ជនរងគ្រោះ​ណា​ម្នាក់​បាត់បង​ជីវិត​ទេ​តែ​គ្រាន់តែ​ធ្វើឱ្យ​ជនរងគ្រោះ​មាន​របួស​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​អំពើ​ល្មើស​របស់​ក្រុម​ជន​ទាំងនេះ​ត្រូវបាន​លោក សេក សុជាតិ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​ថ្លែង​នៅ​ថ្ងៃទី​ ១៣ កុម្ភៈ​ថា អំពើ​មិនល្អ​របស់​ក្មេង​ទំនើង ឬ​យុវជន​ទំនើង​អាច​នាំឱ្យមាន​បញ្ហា​ច្រើន​ដល់​សង្គម និង​ប្រជាពលរដ្ឋ​ធ្វើឱ្យ​សីលធម៌​សង្គម ប្រពៃណី និង​ទំនៀមទម្លាប់​ល្អៗ​របស់​ប្រជាជាតិ​នឹង​ត្រូវ​បំផ្លាញ និង​ក៏​ធ្វើឱ្យ​បាត់បង់​គុណតម្លៃ​របស់​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​សង្គម និង​ធ្វើឱ្យ​ប្រទេស​ជាតិ​ជួប​វិបត្តិ​សង្គម និង​បាត់បង់​ធនធាន​មនុស្ស នៅពេល​អនាគត​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​គួរ​ធ្វើការ​អប់រំ​ផ្នែក​សីលធម៌ និង​កាតព្វកិច្ច​របស់​យុវជន​ក្នុង​នាម​ជា​អ្នក​បន្តវេន​របស់​ជាតិ​។ គួរ​តម្រង់ទិស និង​ផ្សព្វផ្សាយ​ពី​បទល្មើស និង​ច្បាប់​ពាក់ព័ន្ធ​ដល់​យុវជន​។ ទប់ស្កាត់ ដើម្បី​ចៀសវាង និង​ទប់ស្កាត់​បញ្ហា​កុំឱ្យ​បន្ត​រីករាលដាល​កាន់តែ​ធំ​ឡើង​។ គួរ​ពង្រឹង​ការរក្សាសន្តិសុខ​នៅតាម​សហគមន៍ ជាមួយ​គ្រូបង្រៀន ឪពុកម្ដាយ ឬ​អាណាព្យាបាល​សិស្សានុសិស្ស​ឱ្យបាន​ល្អ​»៕

វីដេអូ៖