ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) ប្រកាស​ផ្តល់​សុពលភាព បញ្ជី​បោះឆ្នោត​ឆ្នាំ ​២០២១ ជា​ផ្លូវការ​នូវ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​មាន​ចំនួន ៩ ២០៥ ៦៨១ ​នាក់ ស្មើនឹង ៨៧,៩៤%​ នៃ​ចំនួន​ប្រជាពលរដ្ឋ ដែលមាន​អាយុ ​១៨​ ឆ្នាំ​ឡើង ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៤ ៩០៤ ៨៣២ ​នាក់​។

លោក ឯម សូផាត សមាជិក គ.ជ.ប ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ស្តីពី​ការផ្សព្វផ្សាយ ការផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២១​ កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ ឱ្យដឹងថា បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២១ ត្រូវ​បានផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​ជូន​ប្រជាពលរដ្ឋ​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ១២ ខែកុម្ភៈ ឆ្នាំ​ ២០២២​។

លោក​បន្តថា បញ្ជី​បោះឆ្នោត​ផ្លូវការ​នេះ​ត្រូវបាន​ផលិត និង​បញ្ជូនទៅឱ្យ​គណៈកម្មការ​រៀបចំ ការបោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ និង​សាលាឃុំ សង្កាត់ សម្រាប់​រក្សាទុក និង​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​ជា PDF File) ចំនួន ១ ច្បាប់ គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ចំនួន ១ ច្បាប់ សាលាឃុំ សង្កាត់ ចំនួន ២ ​ច្បាប់ និង​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត ចំនួន ១ ​ច្បាប់​។

លោក​ថ្លែងថា​៖ «​តាម​តួលេខ​ដែលមាន​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​ ២០២១ គឺ អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​មាន​ចំនួន ៩ ២០៥ ៦៨១ នាក់ ស្មើនឹង ៨៧,៩៤%​ នៃ​ចំនួន​ប្រជាពលរដ្ឋ អាយុ​ ១៨ ឆ្នាំ​ឡើង​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៤ ៩០៤ ៨៣២ ​នាក់ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​សរុប​មាន​ចំនួន ២៣ ៦០២ ការិយាល័យ ចំណុះឱ្យ​ឃុំ សង្កាត់ ចំនួន ១ ៦៥២​ ការិយាល័យ​នៃ​រាជធានី ខេត្ត ទាំង​ ២៥​។

បើតាម​លោក ឯម សូផាត ចំពោះ​គណបក្សនយោបាយ​ដែល​ចង់បាន​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២១ គណបក្ស​នយោបាយ​អាច​ជាវ​ដោយ​បង់​ត្រឹម​តម្លៃ​ផលិត​ប៉ុណ្ណោះ​។ រីឯ​ចំនួន​ជនពិការ​ភាព​ដែលមាន​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២១ មាន​ចំនួន ២៣ ៥៩១ នាក់​។

លោក សោម សូរីដា អ្នក​នាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែកុម្ភៈ​ថា បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​ ២០២១ នេះ នឹង​យកទៅ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​៥ ខែមិថុនា ឆ្នាំ ២០២២​។ បញ្ជី​បោះឆ្នោត​ផ្លូវការ​នេះ​ក៏​នឹងត្រូវ​យកទៅ​ប្រើប្រាស់​សម្រាប់​ចុះបញ្ជី​បេក្ខជន​គណបក្សនយោបាយ ឈរ​ឈ្មោះ​បោះឆ្នោត​ផងដែរ​។

លោក​ថ្លែងថា​៖ «​លក្ខខណ្ឌ​មួយ​ក្នុងចំណោម​លក្ខខណ្ឌ​ជាច្រើន​ផ្សេងទៀត គឺ​បេក្ខជន​ត្រូវមាន​ឈ្មោះ នៅក្នុង​បញ្ជី​បោះឆ្នោត​នៃ​ឃុំ​សង្កាត់​ដែល​សាមី​ខ្លួន ដែល​ត្រូវ​ឈរឈ្មោះ​ជា​បេក្ខជន​»​។

លោក​បន្តថា បញ្ជី​បោះឆ្នោត​ផ្លូវការ​នេះ​ក៏​នឹង​ប្រើប្រាស់​សម្រាប់​ការបញ្ជាក់​អំពី​ការមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត ទាំង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត និង​ទាំង​ប្រជាពលរដ្ឋ ដែល​ពុំមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត ព្រោះ​លក្ខខណ្ឌ ​១ ​ក្នុងចំណោម​លក្ខខណ្ឌ​ ដើម្បី​ស្នើសុំ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យ​ការបោះឆ្នោត គឺ​ប្រជាពលរដ្ឋ​ត្រូវ​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​នៃ​ការិយាល័យ​នៃ​ឃុំ-សង្កាត់​ដែល​ពួកគាត់​បោះឆ្នោត​។

លោក​ថ្លែងថា​៖ «​មួយទៀត បញ្ជី​បោះឆ្នោត​ផ្លូវការ​នេះ គឺ​សម្រាប់​យកទៅ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ សង្កេតមើល​ដំណើរ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។ ដូច្នេះ ភា្នក់ងារ​គណបក្សនយោបាយ ដែល​មានបំណង​ឃ្លាំមើល​ការបោះឆ្នោត​នៅក្នុង​ការិយាល័យ​បោះឆ្នោត​នៃ​ឃុំ-សង្កាត់​ណាមួយ ក៏ត្រូវ​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​»​។

លោក សំ សុគន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​នៅ​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែកុម្ភៈ​ថា​៖ «​សម្រាប់​បញ្ជី​បោះឆ្នោត​ ២០២១ របស់​ គ.ជ.ប ដែល​ត្រូវបាន​ប្រកាស​សុពលភាព​ជា​ផ្លូវការ​នេះ ខ្ញុំ​មិនទាន់​ហ៊ាន​និយាយថា យ៉ាងម៉េច​នោះទេ ព្រោះ​ខ្ញុំ​មិនទាន់បាន​ស៊ើបអង្កេត និង​ធ្វើការ​ត្រួតពិនិត្យបាន​ពេញលេញ​»​។

លោក​ សំ សុគន្ធាមី បាន​ថ្លែង​បញ្ជាក់ទៀតថា​៖ «​យើង​មិនអាច​វាយតម្លៃ​បានទេ ចំពោះ​បញ្ជី​បោះឆ្នោត​នេះ ព្រោះ​ក្បួន​របស់​វា គឺ​គេ​ត្រូវធ្វើ​អូឌីត គេ​ហៅថា អូឌីត​បញ្ជី​បោះឆ្នោត​បាន​រកឃើញថា គួរ​ទុកចិត្ត​ប៉ុន្មាន​ភាគរយ និង​សុក្រឹត​ប៉ុន្មាន​ភាគរយ​?»៕