បាត់ដំបងៈ នៅពេល​នេះ​មាន​សប្បុរសជន​មួយចំនួន​បាន​បន្ត​ផ្ដល់​អំណោយ​មនុស្សធម៌​ជា​ស្បៀង ​និង​សម្ភារ​មួយចំនួន​ដល់​ប្រជាពលរដ្ឋ​ ១០០ ​គ្រួសារ​ដែល​ឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ខណៈ​ដែល​រហូតមកដល់​ពេលនេះ​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ ៤០​ នាក់​ហើយ​បាន​ស្លាប់ ក្នុងចំណោម​អ្នក​ឆ្លង​ ២៧៥ ​នាក់​។

លោក ស៊ូ ​សានិត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ខណៈ​អ្នក​ជំងឺអេដស៍​ចំនួន​ ១០០​ គ្រួសារ​ក្នុង​ឃុំ​រកា កំពុង​មានការ​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ដែល​បណ្ដាលមកពី​ការរាតត្បាត​នៃ​ជំងឺឆ្លង​ជា​សកល​កូវីដ-១៩ សប្បុរសជន​មួយចំនួន​បាន​ចូលរួម​ផ្ដល់​អំណោយ​ជា​ស្បៀង និង​សម្ភារ​ប្រើប្រាស់​មួយចំនួន ដូចជា​ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង​អង្ករ ម៉ាស់ សាប៊ូ​សម្លៀកបំពាក់​ និង​ថវិកា​ដល់​ពួកគេ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «​អំណោយ​ដែល​សប្បុរសជន​បានផ្ដល់​សម្រាប់​ចែកជូន​ដល់​អ្នកជំងឺ​អេដស៍​ចំនួន​ ១០០ ​គ្រួសារ​ក្នុង​ឃុំ​រកា​នៅ​ថ្ងៃទី ​៩ ខែកុម្ភៈ មិន​ខុសគ្នា​ពី​អំណោយ​ដែល​បាន​ផ្ដល់ជូន​កាលពីមុនៗ​នោះទេ គឺ ក្នុង​ ១ ​គ្រួសារ​ទទួល​បាន​ត្រីខ​ ១ ​យួរ ទឹក​ស៊ីអ៊ីវ​ ១ ​យួរ ទឹកត្រី ១​ យួរ ម៉ាស់​ ១ ​ប្រអប់ សាប៊ូ​សម្លៀកបំពាក់​ថវិកា​ ១ ​ម៉ឺន​រៀល និង​អង្ករ​ ២០ ​គីឡូក្រាម​»​។

លោក​បាន​បន្តថា អំណោយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការចូលរួម​ចំណែក​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​សកម្មភាព​ឆ្លើយតប​ការងារ​អេដស៍​ក្នុង​សហគមន៍​។ គិត​មកទល់​បច្ចុប្បន្ន​នេះ បងប្អូន​រងគ្រោះ​នៅ​ឃុំ​រកា​គឺ​បានរស់នៅ​ជាមួយ​មេរោគ​អេដស៍ អស់​រយៈពេល​ ៧​ ឆ្នាំ​មកហើយ​។ ទន្ទឹមនឹងនេះ លោក​បាន​អំពាវនាវ​ដល់​គ្រួសារ​អ្នកជំងឺ​ទាំងនេះ​ត្រូវ​ធ្វើការ​ថែទាំ​សុខភាព​លេបថ្នាំ​ឱ្យបាន​ទៀងទាត់ ដើម្បី​រក្សា​ជីវិត​រស់នៅ​បន្តទៅទៀត ដោយ​អនុវត្ត​ឱ្យបាន​នូវ​វិធាន​អនាម័យ​ដើម្បី​សុខភាព និង​វិធាន​ ៣ ​កុំ ៣ ​ការពារ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក លឹម គឹមសេង មន្ត្រី​កម្មវិធី​អេដស៍​នៃ​គម្រោង EpiC នៃ​អង្គការ FHI360 និង​ជា​តំណាង​សមាជិក​ដែល​បាន​ចូលរួម​ផ្តួចផ្តើម​កម្មវិធី​សប្បុរសធម៌​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ដរាបណា​គម្រោង​នានា​របស់​អង្គការ​សង្គម​ស៊ីវិល​នៅតែ​មិនទាន់​ទទួលបាន​ថវិកា សម្រាប់​គាំទ្រ​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំងនេះ​សប្បុរសជន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​ចូលរួមចំណែក​ជួយ​ដោះស្រាយ​ភាពខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​របស់​ពួកគេ​ក្នុងអំឡុង​គ្រា​ដ៏លំបាក​នេះ​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក គ្រួសារ​អ្នកភូមិ​ដែល​មាន​ផ្ទុកមេរោគ​អេដស៍​ទាំងនោះ ជួប​ការលំបាក​ស្រាប់​ទៅហើយ​ដល់​ឥឡូវ​ថែមទាំង​មាន​ជំងឺ​កូវីដ​ ១៩ អូមីក្រុង​ទៀត​នោះ​ជីវភាព​របស់​ពួកគាត់​កាន់តែ​លំបាក​ថែមទៀត​ព្រោះ​មិនអាច​ចេញ​ទៅរក​អ្វី​បាន​។ គ្មាន​ប្រាក់ចំណូល គឺ​គ្មាន​អាហារ​គ្រប់គ្រាន់​នោះទេ អ៊ីចឹង​ពួកគាត់​ងាយ​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះតែ​ជំងឺ​ប្រចាំកាយ​របស់គាត់​»​។

កាលពី​ចុងឆ្នាំ ​២០១៤ មាន​ករណី​ផ្ទុះ​ការឆ្លង​មេរោគ​អេដស៍​ដ៏ច្រើន​នៅក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង មាន​សរុប​ចំនួន ២៧៥ ​នាក់​ក្នុង​នោះ​មាន​កុមារ​ចំនួន ៦៨ ​នាក់ ដែល​បាន​ឆ្លង​ជំងឺអេដស៍ តាមរយៈ​ការចាក់​ថ្នាំ​ព្យាបាល​ជំងឺ​ពី​គ្រូពេទ្យ​នៅក្នុង​ឃុំ ឈ្មោះ យ៉ែម ជ្រិន ក្នុងអំឡុង​ពី​ឆ្នាំ​ ១៩៩៦ ដល់​ឆ្នាំ​ ២០១៤​។ សាលាដំបូង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី ​៣ ធ្នូ ឆ្នាំ​ ២០១៥ ក៏បាន​ផ្ដន្ទាទោស​គ្រូពេទ្យ​រូបនោះ​ឱ្យ​ជាប់ពន្ធនាគារ ២៥ ​ឆ្នាំ​ក្រោម​បទ​ចោទ​ចំនួន ៣ ​ករណី គឺ​បទ​បើក​កន្លែង​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការអនុញ្ញាត​បទអំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ និង​បទចម្លង​មេរោគ​អេដស៍​ទៅ​អ្នកដទៃ​ដោយ​ចេតនា​។

បើតាម​លោកស្រី ស៊ឹម ពៅ មេឃុំ​រកា​គិត​មកទល់ពេលនេះ អ្នកជំងឺ​អេដស៍​ចំនួន​ ៤០ ​នាក់ ក្នុងចំណោម​អ្នក​ផ្ទុកមេរោគ​អេដស៍​សរុប​ ២៧៥ ​នាក់​នៅ​ឃុំ​រកា​បាន​ស្លាប់​។

លោកស្រី​បញ្ជាក់ថា​៖ «​ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ មក អាជ្ញាធរ​យើង​ពុំ​សូវ​បានផ្ដល់​ស្បៀងអាហារ​ជួយ​ដល់​ពួកគាត់​ឱ្យបាន​គ្រប់គ្រាន់​ដូច​កាលពីមុន​នោះទេ ព្រោះ​ត្រូវ​ចែករំលែក​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដោយសារ​ការរង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ ផងដែរ​»​។

យោងតាម​របាយការណ៍​ពី​អង្គការ FHI360 នៅក្នុង​ខេត្តបាត់ដំបង បច្ចុប្បន្ន​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំងចាស់​ទាំងក្មេង​ប្រមាណ ៥ ០០០ នាក់​ដោយ​ពួកគេ​តែងតែ​មក​ទទួល​សេវា​ប្រឹក្សា​ និង​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព​ទាំង ៦ របស់​ខេត្ត​។

អ្នកភូមិ​ម្នាក់​ក្នុង​ឃុំ​រការ ដែលមាន​ផ្ទុកមេរោគ​អេដស៍​អាយុ​ ៣២ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចាប់តាំងពី​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ មក ក្រុមគ្រួសារ​របស់គាត់​ក៏ដូចជា​គ្រួសារ​អ្នក​ផ្ទុក​ជំងឺអេដស៍​ទូទាំង​ឃុំ​រកា​ជួប​បញ្ហា​ប្រឈម​ជាខ្លាំង​ក្នុង​ជីវភាព​រស់នៅ​ដោយ​ពួកគាត់ មិនអាច​ទៅ​ប្រកប​មុខរបរ​អ្វី​ផ្សេងទៀត ក្រៅពី​ធ្វើស្រែ​នោះទេ ខណៈ​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្លាប់ជួយ​ឧបត្ថម្ភ​ជា​ថវិកា និង​ស្បៀង​ដល់​ពួកគាត់​ត្រូវបាន​ផ្អាក​សកម្មភាព​ហើយ​ជំនួយ​ទាំងនោះ ក៏ត្រូវ​បាន​គេ​ផ្ដាច់​ផងដែរ​។ «​ពួកយើង​ជា​អ្នក​ផ្ទុកមេរោគ​អេដស៍ បើសិន​ជា​មិន​ប្រយ័ត្ន ឆ្លង​ជំងឺ​កូវីដ ​១៩ ទៀត​នោះ គឺ​ពិតជា​មិនអាច​ព្យាបាល​ជា​នោះទេ ដូច្នេះហើយ​ទើប​ពួកយើង​មិន​ហ៊ាន​ចេញទៅ​ប្រកប​ការងារ​អ្វី​ផ្សេងទៀត ក្រៅពី​ធ្វើស្រែ​នោះទេ ហើយ​ឥឡូវ​យើង​មានការ​ខ្វះខាត​ក្នុង​ជីវភាព​»​។ អ្នកស្រី​បានឱ្យ​ដឹងថា ក្រុមគ្រួសារ​សាច់ញាតិ​របស់​គាត់ មាន​អ្នក​ផ្ទុក​ជំងឺអេដស៍ ១៩​ នាក់​ហើយ​មកដល់​ពេលនេះ​ស្លាប់​អស់ ៣ ​នាក់​ហើយ​៕