ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​យក​ទិវា​នៃ​ក្តីស្រឡាញ់​ថ្ងៃ​ ១៤ ​កុម្ភៈ ធ្វើការ​អប់រំ ផ្សព្វផ្សាយ​ទាក់ទង​នឹង​ការការពារ​កុំឱ្យ​ឆ្លង​មេរោគ​អេដស៍ ជំងឺអេដស៍​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ក្រុម​យុវវ័យ និង​ក្រុម​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​។

លោក អៀង ម៉ូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ថ្លែង​នា​ថ្ងៃទី ​១៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ ថា កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការទប់ស្កាត់​មិន​ឱ្យមាន​ការរីករាលដាល​នៃ​មេរោគ​អេដស៍ ហើយ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កម្ពុជា​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​ព្យាបាល​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍ បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ឥណ្ឌូនេស៊ី ចិន និង​ថៃ​។ លោក​ក៏បាន​អំពាវនាវ​ផងដែរ​ទៅ​ដល់​ក្រុម​យុវវ័យ ពិសេស​ក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​ក្នុង​ឱកាស​ទិវា​នៃ​ក្តី​ស្រឡាញ់​ត្រូវការពារ​ខ្លួន​ពី​មេរោគ​អេដស៍ ដោយសារ​និន្នាការ​សព្វថ្ងៃនេះ ចំនួន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​មានការ​កើនឡើង​ច្រើន​។ ក្នុង​ឆ្នាំ​ ២០១០ មាន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ប្រមាណ​ជា​ ៣ ទៅ​ ៤​ ម៉ឺន​នាក់ ប៉ុន្តែ​មកដល់​ពេលនេះ​មាន​ចំនួន​ជិត​ ១០ ​ម៉ឺន​នាក់​។

លោក អៀង ម៉ូលី មានប្រសាសន៍​ថា​៖ «​យើង​ត្រូវតែ​ខិតខំ​កុំ​ឱ្យមាន​ការរីក​រាលដាល​បន្តទៀត​ដោយ​ត្រូវតែ​ឱ្យមាន​ការធ្លាក់ចុះ​ជា​បន្តទៀត ហើយ​សព្វថ្ងៃនេះ យើង​នៅមាន​បាត់​អ្នក​ដែល​មិនទាន់​មក​ទទួល​យក​សេវា​ព្យាបាល​ប្រមាណ​ជាជាង​ ១ ​ម៉ឺន​នាក់​ទៀត ដែល​នេះ​ជា​ហានិភ័យ​មួយ​សម្រាប់​យើង​»​។

លោក​បាន​បន្ថែមថា​៖ «​ហានិភ័យ​នៅតែមាន ពីព្រោះ​ការឆ្លង​មេរោគ​អេដស៍​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល​បើ​មិនមាន​ការការពារ​ឱ្យបាន​ត្រឹមត្រូវ​។ អ៊ីចឹង​! នេះ​ជា​ទិវា​ដែល​យើង​រំឭក​ឡើងវិញ​ថា ត្រូវតែ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា ជាពិសេស​ក្រុម​យុវវ័យ​។ យើង​មិន​ហាមឃាត់​មិនឱ្យ​ស្រឡាញ់​គ្នា​នោះទេ តែ​ត្រូវ​ប្រឹងប្រែង​ប្រយ័ត្ន​ការពារ​ខ្លួនឯង ដោយ​បង្កើន​នូវ​សមត្ថភាព​ការពារ​ខ្លួន កុំ​ឱ្យ​មាន​ការឆ្លង​ជំងឺអេដស៍​»​។

ក្នុង​បរិបទ​នៃ​ការឆ្លង​រីករាលដាល​នៃ​វីរុស​កូវីដ​ ១៩ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ទើបតែ​ចាប់ផ្តើម​ធ្វើការងារ​នេះ​ក្នុង​ថ្ងៃ​នៃ​ក្តីស្រឡាញ់ ១៤ ​កុម្ភៈ​នៅ​ឆ្នាំនេះ ដោយសារតែ​ការឆ្លង​រាលដាល​នៃ​វីរុស​កូវីដ​ ១៩​។

លោក អៀង ម៉ូលី បាន​បន្តថា ឧបសគ្គ​មួយទៀត​សម្រាប់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​គឺ​ការចុះ​ទៅ​ធ្វើការ​អប់រំ ឃោសនា ណែនាំ​ទៅដល់​ប្រជាពលរដ្ឋ ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ពិបាកធ្វើ ហើយ​ការងារ​នេះ​ក៏​មិនអាច​ធ្វើតាម​អនឡាញ​បានដែរ​។

ចំណែក​ឧបសគ្គ ១ ​ទៀត គឺ​ការផ្តល់​ថ្នាំ​ដល់​អ្នក​ជំងឺអេដស៍​សម្រាប់​លេប​ច្រើន​ខែ ដោយសារ​អាជ្ញាធរ​ជាតិ​មិន​ចង់ឱ្យ​អ្នកជំងឺ​មក​ទទួល​ថ្នាំ​ជា​រៀងរាល់​ខែ​ឡើយ​។ វា​ជា​វិធីសាស្ត្រ​ល្អ តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​គុណភាព​ថ្នាំ​ពីព្រោះ​នៅផ្ទះ​មិនមាន​កន្លែង​ទុកដាក់​ថ្នាំ​ស្រួល​ដូច​នៅ​មន្ទីរពេទ្យ​នោះទេ ដែល​ផ្ទះ​ខ្លះ​ក្តៅ​អាច​ធ្វើឱ្យ​ខូចគុណភាព​ថ្នាំ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក អៀង ម៉ូលី​។

ជាមួយ​គ្នា​នោះដែរ លោក ទៀ ផល្លា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក៏បាន​លើកឡើង​នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ ផងដែរ​ថា សម្រាប់​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​សុំ​កុំ​រើសអើង​ខ្លួនឯង​ហើយក៏​កុំ​គិតថា អ្នកផ្សេង​ក៏​ស្អប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដែរ​។

លោក​មានប្រសាសន៍​ថា៖ «​យើង​មិន​ចង់ឱ្យ​ទិវា​នៃ​ក្តីស្រឡាញ់​ប្រែ​ទៅជា​ស្ថានភាព​មួយ​ទៅជា​ការឆ្លង​មេរោគ​អេដស៍​ហើយ​ធ្វើឱ្យ​យើង​ធ្លាក់​ទៅក្នុង​ស្ថានភាព​មួយ​ដែល​យើង​ត្រូវ​លេបថ្នាំ​ពន្យារ​ជីវិត ១ ​ជីវិត​»​។

លោក ទៀ ផល្លា បញ្ជាក់ទៀតថា ក្នុង​ ១ ​ឆ្នាំ​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ចំនួន​ ១ ១០០ ​នាក់ ដែល​ក្នុងចំណោម​អ្នក​ឆ្លង​នេះ មាន ៥៣% ​ស្ថិតក្នុង​ក្រុម​បុរស​ស្រឡាញ់​បុរស​។ លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​សូមឱ្យ​ទិវា​នៃ​សេចក្តី​ស្រឡាញ់​នេះ ក្លាយជា​ទិវា​មួយ ដែល​ជំរុញ​ឱ្យ​យើង​ចេះ​ការពារ​ខ្លួន ពិសេស​បុរស​ស្រឡាញ់​បុរស ដូចនេះ​យើង​ត្រូវ​ចូលរួមចំណែក​ធ្វើយ៉ាងណា​ឱ្យ​ទិវា​នេះ គឺជា​ដំណោះស្រាយ​មួយ​ដែល​មិនមែន​តែ​សម្រាប់​ថ្ងៃនេះ​ទេ តែ​ក៏​សម្រាប់​ថ្ងៃមុខ​ទៀតផង​ដែរ​»៕