ភ្នំពេញៈ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការងារ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​នា​ថ្ងៃទី​ ១៣ ​កុម្ភៈ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​ សាយ សំអាល់ អំពាវនាវ​ភាគី​ពាក់ព័ន្ធ​បន្ត​សហការ​គ្នា​ឱ្យ​កាន់តែខ្លាំង ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការការពារ​តំបន់​អភិរក្ស​ធម្មជាតិ និង​ដែនជម្រក​សត្វព្រៃ​នៅ​កម្ពុជា​។

តំបន់​ការពារ​ធម្មជាតិ ដែល​លោក សាយ សំអាល់ ដឹកនាំ​គណៈប្រតិភូ​ចុះពិនិត្យ មាន​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព និង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​។ លោក​ថ្លែងថា ការអភិរក្ស ធនធាន​ធម្មជាតិ​បាន​គង់វង្ស​ត្រូវ​ផ្សារភ្ជាប់​នឹង​ការបង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន តាមរយៈ​ការលើកស្ទួយ​ជីវភាព​សហគមន៍ ដោយ​ការជំរុញ​លើ​ការចិញ្ចឹមសត្វ ការអភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ និង​កត្តា​រួមផ្សំ​ផ្សេងៗ​។

លោក​ថ្លែងថា​៖ «​សូម​បងប្អូន​ជា​មន្ត្រី​នៃ​មន្ទីរបរិស្ថាន មន្ត្រី​ឧទ្យានុរក្ស សហគមន៍​តំបន់​ការពារ​ធម្មជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​រួម​សហការគ្នា​ឱ្យ​កាន់តែខ្លាំង​បន្ថែមទៀត​ ដើម្បី​បង្កើន​ប្រសិទ្ធភាព ក្នុង​ការការពារ និង​អភិរក្ស​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន ក៏ដូចជា តំបន់ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ចម្រុះ​របស់​កម្ពុជា​»​។

នាឱកាស​នោះ អភិបាលខេត្ត​ឧត្តរមានជ័យ លោក​ ប៉ែន កុសល ព្រមទាំង​មន្ត្រី​ឧទ្យានុរក្ស និង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​នេះ ក៏បាន​ចូលរួម​ដាំ​ដើមឈើ​ជា​អនុស្សាវរីយ៍​នៅ​សួន​ឈើ​ប្រណីត​ក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ផងដែរ​។

ប្រធាន​បណ្តាញ​ដែនជម្រក​សត្វព្រៃ​រុក្ខវ័ន លោក​ ប៊ុន សាលួត ដែល​បាន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ ២០​ ឆ្នាំ​មកនេះ និយាយ​ថា ការអំពាវនាវ​នេះ​នឹង​ជួយ​ពញ្ញាក់​ស្មារតី​ដល់​ភាគី​ពាក់ព័ន្ធ​ឱ្យមាន​ការចូលរួម​យ៉ាង​សកម្ម​បន្ថែមទៀត ក្នុងការ​ទប់ស្កាត់​បទល្មើស​នានា​នៅ​តំបន់​អភិរក្ស​។

លោក​ថា​៖ «​ការប្រកាស​នេះ ដើម្បី​ពង្រឹង​ដល់​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​សហការ​ចូលរួម​ការពារ​ធនធានធម្មជាតិ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​។ ខ្ញុំ​សង្ឃឹមថា ប្រជាជន​នឹងដាក់​ខ្លួន​ដាក់​កាយ​បន្ថែមទៀត​ក្នុង​ការចូលរួម​ការពារ​»​។ លោក​ក៏​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន​នៅតាម​ភូមិ ឃុំ ស្រុក និង​ខេត្ត​ត្រូវ​ចូលរួម​សហការ​ទាំងអស់​គ្នា​។ លោក​បង្ហាញ​នូវ​ជំនឿ​មុតមាំ​ថា នៅពេល​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ព្រៃឈើ និង​សត្វព្រៃ នឹងត្រូវ​បានការពារ​មួយកម្រិត​ទៀត​។

ទោះយ៉ាងណា លោក​ សាលួត សម្តែង​ការព្រួយបារម្ភ​ចំពោះ​សត្វព្រៃ​ជិត​ផុត​ពូជ ដែល​កំពុង​រង​ការគំរាមកំហែង ត្រូវ​បាន​ប្រទះឃើញ​ជាប់អន្ទាក់​របស់​ព្រានព្រៃ​ជា​ញឹកញាប់ ខណៈ​ឈើ​ប្រណីត​រង​ការបំផ្លាញ​ពី​សំណាក់​ឈ្មួញ ទោះបីជា​មាន​ការរឹតបន្តឹង​វិធានការ​ការពារ​ក៏ដោយ​។

លោក​ថា​៖ «​ពេលខ្លះ​យើង​ប្រទះឃើញ​សត្វព្រៃ​កម្រ​ជិត​ផុត​ពូជ ជាប់អន្ទាក់​។ គេ​ប្រើ​ឧបករណ៍​អន្ទាក់ និង​ឧបករណ៍​ឆក់​គ្រោះថ្នាក់​ណាស់ ទោះបី​សត្វ​ធំ​ក៏ងាប់​ដែរ​។ ទោះបី​សត្វ​នោះ​រើ​ចេញពី​អន្ទាក់ ប៉ុន្តែ​វា​ដំបៅ​យូរៗ​ទៅ​អាច​នឹង​ងាប់ ហើយ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ឈើ​ប្រណីត​នៅក្រៅ​តំបន់​ការពារ​អស់ហើយ​។ អ៊ីចឹង​គេ​បែរ​ទិសដៅ​មក​តំបន់​ព្រៃ​រុក្ខវ័ន​ដែល​ខ្ញុំ​ការពារ​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ដាក់​ផែនការ​ឱ្យមាន​ចាំ​ឃ្លាំមើល នៅពេល​មាន​ឈើ​ដួល​ត្រូវ​រាយការណ៍​។ បន្ទាប់មក​យើង​ស្នើសុំ​កម្លាំង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ចុះបង្ក្រាប ព្រោះ​ឈ្មួញ​ចូល​កាប់​ឈើ​ម្តងៗ​ ១០ ​នាក់​ទៅ​ ១៥​ នាក់​។ អ៊ីចឹង បើ​ចុះ​ល្បាត​ត្រូវមាន​ការចូលរួម​ពី​ទាហាន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចាប់ពី ៥​ នាក់​ឡើងទៅ​។ បើ​មិន​អ៊ីចឹង​ទេ ពួក​កាប់​ឈើ​ឃើញ​យើង​គ្នា​តិច វា​ដេញ​កាប់​យើង​ងាប់​»​។

ខេត្ត​ឧត្តរមានជ័យ​មាន​តំបន់​ការពារ​ធម្មជាតិ​ជាច្រើន​មាន​ផ្ទៃដី​សរុប​ ១៩១ ៤០៣ ​ហិកតា ក្នុងនោះ​មាន​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ផ្ទៃដី​ ៣០ ២៥៤​ ហិកតា​។ តំបន់ ការពារ​ទេសភាព​បន្ទាយឆ្មារ​មាន​ផ្ទៃដី​ទំហំ ​៣៨ ៥០៦​ ហិកតា និង​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​មាន​ផ្ទៃដី ​១២២ ៦៤៣​ ហិកតា ព្រមទាំង​របៀង​អភិរក្ស​ជីវចម្រុះ​ឧត្តរមានជ័យ​ផ្ទៃដី​ទំហំ​ ៣៧ ៦៩៦ ​ហិកតា​៕