ភ្នំពេញៈ តុលាការ​រាជធានីភ្នំពេញ​នៅ​ថ្ងៃទី​ ១៤ ​កុម្ភៈ​សម្រេច​ឃុំខ្លួន​លោក​ឧកញ៉ា ឌួង ងៀប ជា​អគ្គលេខាធិការរង​នៃ​ក្រសួងមហាផ្ទៃ​នៅ​ពន្ធនាគារ ​PJ បន្ទាប់ពី​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​តាម​ដីកា​ពាក់ព័ន្ធ​បទឆបោក​ប្រាក់​ក្នុង​ជំនួញ​ដីធ្លី​។

លោក​ អ៊ី រិន្ទ អ្នកនាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ ​កុម្ភៈ​ថា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៤ ​កុម្ភៈ​បានសម្រេច​ឃុំខ្លួន​លោក​ឧកញ៉ា ឌួង ងៀប នៅក្នុង​ពន្ធនាគារ​ PJ ក្នុង​រាជធានី​។

​លោក​ប្រាប់ថា​៖ «​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា ហើយ​សមត្ថកិច្ច​បាន​នាំមក​តុលាការ​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ត្រូវ​ស៊ើបសួរ​បន្ថែម​ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​គាត់​នៅ​ពន្ធនាគារ​ PJ»​។

ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​លោក​ឧកញ៉ា ឌួង ងៀប និង​ជា​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ដែលជា​អគ្គលេខាធិការរង​នៃ​ក្រសួងមហាផ្ទៃ​រូបនេះ ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ ​កុម្ភៈ​ត្រូវបាន​លោក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ចាប់ខ្លួន​លោក​ឧកញ៉ា ឌួង ងៀប នៅ​ថ្ងៃទី​ ១៤​ កុម្ភៈ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​អនុវត្តតាម​ដីកាចាប់ខ្លួន​ដែលមាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខ្ញុំ​អនុវត្ត​។ ហ្នឹងហើយ​ករណី​ខាង​ខ្ញុំ​ចាប់គាត់​»​។

តាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១០ កុម្ភៈ ឆ្នាំ​ ២០២២ ​បានសរសេរថា កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ ​ឈ្មោះ ឌួង ងៀប បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ និង​មានការ​ចែកចាយ​តៗ​គ្នា ក្រោម​ការចោទប្រកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា បាន​ចាត់ការ​សំណុំរឿង​របស់គាត់​ប្រែ​ពី​ស​ទៅ​ខ្មៅ និង​ចោទប្រកាន់​រូបគាត់​ថា​បាន​ឆបោក​ជនជាតិ​តៃវ៉ាន់​។

បើតាម​អង្គហេតុ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​កាលពី​ថ្ងៃទី​ ៤ ខែវិច្ឆិកា ឆ្នាំ​ ២០២០ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ការស៊ើបសួរ​លើ​ឈ្មោះ ឌួង ងៀប តាម​ដីកា​សន្និដ្ឋាន បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ពី​បទ​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន លើ​អង្គហេតុ​ពាក់ព័ន្ធ​នឹង​ការលក់​អចលនវត្ថុ​មួយកន្លែង​។

នៅក្នុង​សំណុំ​រឿងនេះ​មាន អ្នកទិញ​ដី​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ CHIH YU YEN និង​ឈ្មោះ YAO CHING KING បានប្រគល់​ប្រាក់​ថ្លៃ​ដី​គ្រប់​ចំនួន ៧ ៣០៥ ០០០​ ដុល្លារ​ឱ្យ​ទៅ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែ​ជន​ត្រូវ​ចោទ​ពុំមាន​ដី​នោះឡើយ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ក្នុងការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​នេះ​ឈ្មោះ ឌួង ងៀប បានចេញ​មូលប្បទានបត្រ​ចំនួន​ ៣ ​សន្លឹក​ដែល​សន្លឹក​ទី​ ១​ មានតម្លៃ ១ ៦៥០ ០០០​ ដុល្លារ​អាមេរិក សន្លឹក​ទី ​២​ មានតម្លៃ ៣ ៦៥៥ ០០០ ​ដុល្លារ​អាមេរិក និង​សន្លឹក​ទី​ ៣ មានតម្លៃ ២ ០០០ ០០០ ​ដុល្លារ​អាមេរិក​ទៅឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា បន្ទាប់មក​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​យក​មូលប្បទានបត្រ​ទាំង​ ៣​ សន្លឹក​នោះ​ទៅ​បើកប្រាក់​នៅ​ធនាគារ ប៉ុន្តែ​ខាង​ធនាគារ​បញ្ជាក់ថា មូលប្បទានបត្រ​ទាំង​ ៣ ​សន្លឹក​នោះ​គ្មាន​សាច់ប្រាក់​ទេ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ទៀតថា ក្នុង​ដំណាក់កាល​ស៊ើបសួរ​គឺ ចៅក្រម​ស៊ើបសួរ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ភ័ស្តុតាង និង​សួរចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ហើយ​បាន​សម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទេ​។ ដោយ​ជំនួស​មកវិញ​នូវ​ការដាក់​ជន​ត្រូវ​ចោទ​ឱ្យនៅ​ក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ តាមរយៈ​ដីកា​សម្រេច​ចុះ​ថ្ងៃទី​ ១៣ ខែសីហា ឆ្នាំ​ ២០២១ ដែលមាន​កាតព្វកិច្ច​តម្រូវ​ឱ្យ​ជន​ត្រូវ​ចោទ ដាក់​ប្រាក់​ធានា​មិន​ឃុំខ្លួន​នេះ​ចំនួន ៥ ៣០៥ ០០០ ​ដុល្លារ មក​តម្កល់​នៅក្នុង​គណនី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល ១​ ខែ​។ តែ​ជន​ត្រូវ​ចោទ​ពុំបាន​យកប្រាក់​ធានា​ខ្លួន​នេះ​មក​តម្កល់​តាម​ការកំណត់​ក្នុង​ដីកា​សម្រេច​នោះឡើយ​។ ដោយ​ជន​ត្រូវចោទ​ឈ្មោះ ឌួង ងៀប បានគេច​វេះ​ពី​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។ ហេតុដូច្នេះ ចៅក្រម​ស៊ើបសួរ​ក៏បាន​ចាត់វិធានការ​បន្ត​តាម​នីតិវិធី ស្របតាម​បញ្ញត្តិ​មាត្រា ២៣០ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​៕

វីដេអូ៖