ស្ទឹងត្រែងៈ បុរស​ជនជាតិ​ឡាវ​ម្នាក់ និង​គ្រឿងញៀន​ប្រមាណ​ ១០ ​គីឡូក្រាម ត្រូវបាន​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​បង្ក្រាប​គ្រឿងញៀន​ខេត្ត​ស្ទឹងត្រែង​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ ខណៈ​កំពុង​ដឹកជញ្ជូន​ចូលមកក្នុង​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​។ នេះ​បើតាម មន្ត្រី​នគរបាល​ខេត្តស្ទឹងត្រែង​។

លោក​ ចែម ផានិត ប្រធាន​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ កុម្ភៈ ថា បុរស​ជនជាតិ​ឡាវ ឈ្មោះ​ ភីបម៉ាន់ ចាន់កាន់ អាយុ​ ២៤ ​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ថាកាំង ស្រុក​មួន ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី ​១៣ ​កុម្ភៈ ឆ្នាំ​ ២០២២ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​គ្រឿងញៀន​ចូលមកក្នុង​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​មួយ​ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​បុរីអូរស្វាយ​សែនជ័យ ខេត្តស្ទឹងត្រែង​។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្ដែង ខណៈ​កំពុង​ធ្វើ​សកម្មភាព ស្ពាយ​គ្រឿងញៀន​ប្រភេទ Ice-Methamphetamine ចំនួន​ ១០ ​កញ្ចប់​ធំ មាន​ទម្ងន់​សរុប​ជាង​ ៩,៨៦ ​គីឡូក្រាម ចូលមក​ក្នុង​ប្រទេស​កម្ពុជា​យើង​តាម​ច្រករបៀង​មួយ ស្ថិតក្នុង​ស្រុក​បុរីអូរស្វាយ​សែនជ័យ​»​។

បើតាម​លោក​ ផានិត មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ កម្លាំង​បង្កប់​នៅតាម​ជួរ​ព្រំដែន​កម្ពុជា​-​ឡាវ បាន​រាយការណ៍​ថា មាន​ពលរដ្ឋ​ឡាវ​ដ៏គួរឱ្យ​សង្ស័យ​ ១​ ក្រុម​បាននាំគ្នា​ដើរ​លុក​ចូលមក​ក្នុងព្រៃ​នៃ​តំបន់​ព្រំដែន​ឡាវ​-​កម្ពុជា​។ បុរស​ម្នាក់​ក្នុងចំណោម​គ្នា​ ៤​ នាក់​បាន​ស្ពាយ​ការុង​ពណ៌​ខៀវ​មួយ​ដោយ​មាន​ផ្ទុក​វត្ថុ​គួរឱ្យ​សង្ស័យ​នៅក្នុង​នោះ បាន​ដើរគេចវេះ​ពី​គេ ហើយ​បាន​លួច​ឆ្លង​ចូល​មក​ក្នុងប្រទេស​កម្ពុជា​តាម​ច្រក​របៀង​ដោយ​ខុសច្បាប់​។

បន្ទាប់ពី​ទទួលបាន​សេចក្ដី​រាយការណ៍​នោះ​កម្លាំង​របស់លោក​បាន​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​លើ​ករណីនេះ ហើយ​បាន​ប្រទះឃើញ​បុរស​ជនជាតិ​ឡាវ ដែល​គួរឱ្យ​សង្ស័យ​នោះ ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន ហើយ​ឆែក​ឆេរ​រកឃើញ​វត្ថុតាង​គ្រឿងញៀន​ចំនួន​ ១០ ​កញ្ចប់​ធំ​។

លោក​បន្ថែមថា​៖ «​ក្រោយពី​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ស្ពាយ​ទំនិញ​ឆ្លងកាត់​ព្រំដែន​ឱ្យគេ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន ជនសង្ស័យ​ និង​វត្ថុតាង​គ្រឿងញៀន​ជិត​ ១០ ​គីឡូក្រាម​នោះ ត្រូវបាន​សមត្ថកិច្ច​យើង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​»​។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​គ្រឿងញៀន​ឆ្លងដែន​ពី​ប្រទេស​ឡាវ​នេះ​លោក​ ឈុំ ស៊ាងហាក់ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សំណុំរឿង​គ្រឿងញៀន និង​ជនសង្ស័យ​ជនជាតិ​ឡាវ​នោះ បាន​បញ្ជូន​មកដល់​តុលាការ​ហើយ​កាលពី​រសៀល​ថ្ងៃទី​ ១៤ ខែកុម្ភៈ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិតក្រោម​នីតិវិធី​ស៊ើបសួរ​ចម្លើយ ដោយ​តំណាងអយ្យការ​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​»​។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បទល្មើស​គ្រឿងញៀន​បាន​ផ្ទុះឡើង​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​បង្កឱ្យមាន​ក្ដី​ព្រួយ​កង្វល់​យ៉ាងខ្លាំង​ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​។ នេះ​បើតាម​ការលើកឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​៕