សៀមរាបៈ អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​សម្របសម្រួល​ធ្វើការ​ដោះស្រាយ​បញ្ចប់ ការតវ៉ា​របស់​កម្មករ​ជិត​ ៣០ ​នាក់ ដែលជា​កម្មករ​ចូលរួម​ធ្វើ​ផ្លូវ​ ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប បន្ទាប់ពី​កម្មករ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា ខណៈ​ដែល​មេការ​មិនបាន​បើក​ប្រាក់ខែ​ជាច្រើន​ខែ​ដល់​ពួកគេ​។

កាលពី​ថ្ងៃទី​ ១២​ កុម្ភៈ​ឆ្នាំ​ ២០២២ កម្មករ​ធ្វើ​ផ្លូវ​ ៣៨​ ខ្សែ​ក្នុង​ក្រុង​សៀមរាប​ប្រមាណ​ជិត ៣០ នាក់​បាន​នាំគ្នា​ប្រមូលផ្តុំ​តវ៉ា​ទាមទារ​បើកប្រាក់​ខែ​ពី​មេការ​ម្នាក់​ឈ្មោះ សេង ពេជ្រ ដែល​ទទួលបាន​សិទ្ធិ​សាងសង់​បន្ត​ពី​រដ្ឋ​ក្នុង​ការសាងសង់​ផ្លូវ ៣៨ ខ្សែ​ក្នុង​ក្រុម​សៀមរាប​។

លោក​ សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៤ កុម្ភៈ ថា ករណីនេះ​គឺ​កើតឡើង បន្ទាប់ពី​មេការ​ដែល​ទទួលបាន​សិទ្ធិ​សាងសង់​បន្ត​ក្នុង​ការសាងសង់​ផ្លូវ​នេះ មិន​ព្រម​បើក​ប្រាក់ខែ​ជូន​កម្មករ​របស់ខ្លួន ហើយ​កម្មករ​គ្មាន​ជម្រើស​ក៏មក​ប្រមូលផ្តុំ​គ្នា​តវ៉ា​។

ក្រោយ​ការតវ៉ា​ដោយ​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ការតវ៉ា​នេះ​ក៏ត្រូវ​បានបញ្ចប់​ដោយ​មាន​ការសម្របសម្រួល​ក្នុង​ការផ្តល់​ប្រាក់​ទៅឱ្យ​កម្មករ ហើយ​មន្ត្រី​ជំនាញ​នឹង​បន្ត​ចរចា​បន្តទៀត​ជាមួយ​មេការ​ឈ្មោះ​ សេង ពេជ្រ​។ លោក​បញ្ជាក់ថា​៖ «​រឿងនេះ មកពី​អ្នកម៉ៅការ គាត់​បើក​លុយ​គ្រប់​ចំនួន​ពី​ក្រុមហ៊ុន​ហើយ ប៉ុន្តែ​គាត់​មិនបាន​បើក​ឱ្យ​កម្មករ ព្រោះ​ជាធម្មតា កម្មករ​គាត់​មាន​មេការ​របស់គាត់​ជា​អ្នកទទួល​ខុសត្រូវ តែ​មេការ​យកលុយ​ហើយ​មិន​បើក​ឱ្យ​កម្មករ​។ យ៉ាងណា​រឿងនេះ​គេ​បាន​ហៅ​មក​សម្របសម្រួល​អស់ហើយ​»​។

កម្មករ​ដែល​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា តែ​មិនបាន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​ ១២ ​កុម្ភៈ​ថា​៖ «​ក្រុម​ខ្ញុំ​មាន​គ្នា​ជិត​ ៣០ ​នាក់ ទទួលបន្ទុក​ធ្វើ​ផ្លូវ​ ៥​ ខ្សែ​នៅ​ជុំវិញ​ផ្សារ​ចាស់​ក្នុង​ភូមិ​មណ្ឌល​ ១​ សង្កាត់​ស្វាយដង្គំ​។ កន្លងមក​លោក សេង ពេជ្រ ជា​មេការ​មិនដែល​បើកប្រាក់​ខែ​ឱ្យ​ទេ គាត់​តែង​ឱ្យ​កម្មករ​ខ្ចីលុយ អ្នកខ្លះ​ខ្ចី​បាន​ ៤០​ ម៉ឺន​រៀល ឬ​ ៦០ ​ម៉ឺន ឬ​ ១​ លាន​រៀល​តាមចិត្ត​ដែល​គាត់​ឱ្យ​ខ្ចី​។ ឥឡូវនេះ​ពួក​ខ្ញុំ​បានធ្វើ​ផ្លូវ​រួចរាល់​ហើយ ប៉ុន្តែ​ឈ្មោះ សេង ពេជ្រ មិន​បើក​លុយ​ឱ្យ​ទេ​ហើយ​ថា ខាង​ក្រុមហ៊ុន​មិន​ទម្លាក់​លុយ​ឱ្យ​»​។

ការមិន​បើក​ប្រាក់ខែ​នេះ​គឺមាន​កម្មករ​ខ្លះ​បាន​បាត់​ប្រាក់ខែ ៣ ខែ និង​ខ្លះទៀត​ដល់​ទៅ ៥ ​ខែ ហើយ​ក្នុង​ ១​ ខែ ចន្លោះ​ពី​ ៣០០$ ​ទៅ​ ៥០០$​។ នេះ​បើតាម​ការអះអាង​របស់​កម្មករ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភព ដើម្បី​ទាក់ទង​លោក​ សេង ពេជ្រ ជា​មេការ​ដែល​ទទួលបាន​សិទ្ធិ​សាងសង់​ផ្លូវ ៥ ខ្សែ​នៅ​ជុំវិញ​ផ្សារ​ចាស់​នេះ​បានទេ​កាលពី​ថ្ងៃទី​ ១៤ កុម្ភៈ​។

​លោក​ហាយ យង់ ប្រធាន​ការិយាល័យ សាធារណ​ការដឹក​ជញ្ចូន អនាម័យ​បរិស្ថាន​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជម្លោះ​នេះ​គឺ​មិនមែន​កើតឡើង​ជាមួយ​ក្រុមហ៊ុន​ណា​នោះទេ​គឺ​កម្មករ​ទាំងនោះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​មេការ ដែល​ទទួល​កិច្ចការ​បន្ត​ពី​កងវិស្វកម្ម​ក្នុង​ការសាងសង់​ផ្លូវ​ ៣៨ ​ខ្សែ​។ ក្រោយ​មាន​តវ៉ា​នេះ អាជ្ញាធរ​បានសម្រេច​ផ្តល់​ថវិកា​ដែល​មេការ​មិន​ព្រម​ផ្តល់ឱ្យ​កម្មករ​គ្រប់​ចំនួន ហើយ​កម្មករ​ក៏បាន​យល់ព្រម​ និង​បញ្ឈប់​ការតវ៉ា​ដែរ​។

លោក​បញ្ជាក់ថា​៖ «​កម្មករ​ទាំងនេះ​គឺ​សុទ្ធតែជា​ក្រុម​ជាង​ដែល​ទទួល​ការងារ​ពី​កងវិស្វកម្ម ព្រោះ​ការសាងសង់​ផ្លូវ​នេះ​គឺមាន​ក្រុម​វិស្វកម្ម​មួយៗ​ទទួល​ខុសត្រូវ​ពី​ក្រសួង​ដើម្បី​យកទៅ​អនុវត្ត ហើយ​ករណី​មិន​បើកប្រាក់​ជូន​កម្មករ​នេះ​ក៏​ព្រោះ​មាន​កម្មករ​មួយចំនួន គាត់​ធ្វើ​ឈប់ៗ ហើយ​គេ​ក៏​មិនបាន​បើក​ឱ្យ​គាត់ តែ​ដល់ពេលនេះ​យើង​សម្របសម្រួល​ដោះស្រាយ​ចប់​ហើយ​»៕