កោះកុងៈ រដ្ឋបាល​ខេត្តកោះកុង​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការរៀបចំ​គម្រោង​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​ ២០២២ ដោយបាន​ដាក់​ទិសដៅ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​សំណង់ ខណៈ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​វិនិយោគិន​។

រដ្ឋបាល​ខេត្តកោះកុង​កាលពី​ថ្ងៃទី ១០ ខែកុម្ភៈ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការរៀបចំ​គម្រោង​អភិវឌ្ឍន៍​ខេត្ត​នេះ​សម្រាប់​ឆ្នាំ ២០២២ ស្របតាម​ផែនការ​វិនិយោគ ៣ ឆ្នាំ​រំកិល ដែល​ទទួលបាន​ការអនុម័ត​ពី​ក្រុមប្រឹក្សា​ខេត្ត​។

អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​នៃ​គណៈកម្មការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ខេត្តកោះកុង លោក សំឃិត វៀន ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នោះ​ថ្លែងថា ក្នុងនាម​សមាជិក​គណៈកម្មាធិការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ខេត្ត​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់ ក្នុង​ការគ្រប់គ្រង​គម្រោង ចាត់ចែង ការសិក្សា និង​រៀបចំ​គម្រោង និង​សំណើ​គម្រោង ព្រមទាំង​ពិនិត្យ​អនុម័ត​សំណើ​គម្រោង​ផងដែរ​។ កិច្ចប្រជុំ​នេះ គឺ​មាន​គោលបំណង ដើម្បី​ពិភាក្សា​ជ្រើសរើស​គម្រោង​អភិវឌ្ឍន៍ ដោយ​ប្រើ​ថវិកា​អភិវឌ្ឍន៍​ខេត្តកោះកុង ឆ្នាំ ​២០២២​។

លោក​ថា​៖ «​ចំពោះ​គម្រោង​ទាំងអស់​សម្រាប់​ឆ្នាំ ២០២២ និង​ឥណទាន​បន្ថែម​ត្រូវ​បានទទួល​ការគាំទ្រ និង​អនុម័ត​ពី​សមាជិក​គណៈកម្មការ​រៀបចំ​គម្រោង​ជា​ផែនការ​តម្រង់ទិស​សម្រាប់​អភិវឌ្ឍ​ខេត្តកោះកុង ស្របតាម​ផែនការ​វិនិយោគ ៣ ឆ្នាំ​រំកិល ដែល​បានអនុម័ត​ពី​ក្រុមប្រឹក្សា​ខេត្តកោះកុង​។

លោក​ សំឃិត វៀន ឱ្យដឹងថា សម្រាប់​ខេត្តកោះកុង​មាន​សក្តានុពល​ច្រើន​វិស័យ​ក្នុងការ​វិនិយោគ ជាពិសេស​វិស័យ​ទេសចរណ៍ ដែល​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នកទេសចរ និង​វិនិយោគិន​។

លោក​ថា​៖ «​ទី​ ១ ​វិស័យ​ទេសចរណ៍ គឺជា​សក្តានុពល​មួយ​កំពុង​តែមាន​ភាព​ទាក់ទាញ​ខ្លាំង​ទី​ ២ សក្តានុពល​លើ​វិស័យ​កសិកម្ម សម្រាប់​កិច្ចការ​បង្កបង្កើនផល និង​កសិឧស្សាហកម្ម ដែលជា​កត្តា​មួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​នៅ​ខេត្ត​»​។ ប៉ុន្តែ​លោក​ថា ដោយឡែក​ការវិនិយោគ​លើ​រោងចក្រ​នៅមាន​ចំនួន​តិច​នៅឡើយ ខណៈ​គិត​ត្រឹម​ឆ្នាំ ២០២២ ​នេះ​មាន​រោងចក្រ​ប្រហែល​ ២​ ឬ​ ៣ ​ប៉ុណ្ណោះ គឺ​រោងចក្រ​កាត់ដេរ និង​រោងចក្រ​ឧស្សាហកម្ម និង​មាន​សហគ្រាស​មួយចំនួន​។

អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូថង ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៣ ខែកុម្ភៈ​ថា ចំពោះ​ផែនការអភិវឌ្ឍន៍​ឆ្នាំ ​២០២២ ខេត្ត​ផ្តោត​សំខាន់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្លូវ​ក្រុង ស្រុក និង​តាម​បណ្តា​ភូមិ ដែលមាន​ការ​ខូចខាត​។

លោកស្រី​ថា​៖ «​ក្រៅពីនោះ មានការ​អភិឌ្ឍ​ទៅលើ​វិស័យ​សំណង់​ដែរ ព្រោះ​ក្រុមហ៊ុន​មួយចំនួន​មាន​ចំណាប់​អារម្មណ៍​នៅ​ខេត្ត​នេះ​»​។ យ៉ាងណាមិញ​សម្រាប់​ព័ត៌មាន​លម្អិត​ពី​ការអភិវឌ្ឍ​នៅក្នុង​ខេត្ត លោកស្រី មិនទាន់​អាច​ជម្រាបជូន​បានទេ​។

ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ខេត្ត​ជាប់សមុទ្រ​នេះដែរ កាលពី​ចុងឆ្នាំ​ ២០២១ អាជ្ញាធរ​ខេត្តកោះកុង​បានរៀបចំ​ទិន្នន័យ​លម្អិត​អំពី​ចំនួន​កោះ​នៅលើ​លម្ហសមុទ្រ​នៅក្នុង​ខេត្ត​នេះ​ចំនួន​ ២៣ ដើម្បី​បង្កលក្ខណៈ​ក្នុង​ការអភិវឌ្ឍ​កោះ ខណៈ​មាន​ការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវទេសចរ និង​មាន​ក្រុមហ៊ុន​ជាច្រើន បន្ត​វិនិយោគ​លើ​ដែន​កោះ​៕