
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំជាមួយតំណាងធនាគារពិភពលោក តាមរយៈប្រព័ន្ធវីដេអូអនឡាញកាលពីម្សិលមិញ។ រូបថត MLVT
ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើធនាគារពិភពលោកជួយគាំទ្របន្ថែមទៀតដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់អភិវឌ្ឍជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។
សំណើនេះត្រូវបានលើកឡើងក្នុងឱកាស រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ទទួលជួបតំណាងធនាគារពិភពលោក គឺលោក Yasser El- Gammal នាយកគ្រប់គ្រងផ្នែកគាំពារសង្គម និងការអនុវត្តការងារជាសកលប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូអនឡាញកាលពីថ្ងៃទី ១៤ ខែកុម្ភៈនេះ។
ជំនួបនេះ ដើម្បីជជែកពិភាក្សាកិច្ចការមួយចំនួនដែលធនាគារពិភពលោក (World Bank) អាចជួយគាំទ្រអ្វីខ្លះដល់ការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការនិយោជកឱ្យយុវជនទទួលបានការងារល្អៗ ដើម្បីបង្កើនចំណូលរបស់ពួកគេ និងដើម្បីចូលរួមបង្កើនផលិតភាពរបស់ប្រទេសកម្ពុជា។
លោក អ៊ិត សំហេង បានថ្លែងក្នុងកិច្ចសំណេះសំណាលនោះដោយបញ្ជាក់ថា ធនាគារពិភពលោកកន្លងមកបានជួយជ្រោមជ្រែងបញ្ជូនអ្នកជំនាញការផ្តល់នូវការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពក្នុងការចូលរួមកសាងសង្គមជាតិ និងបានជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ជាតិយ៉ាងច្រើន ដែលសមិទ្ធផលអស់ទាំងនេះជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងការពន្លឿន និងជំរុញកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ទន្ទឹមនេះ លោកបានស្នើដល់ធនាគារពិភពលោកតាមរយៈលោក Yasser El- Gammal ជួយគាំទ្របន្ថែមនូវសកម្មភាពមួយចំនួនទៀតដូចជា ពង្រឹងគុណភាព TVET ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ពង្រីកដល់ការចុះឈ្មោះចូលរៀនលើកកម្ពស់ការចូលរួមពីវិស័យឯកជន និងធ្វើឱ្យប្រសើរឡើងអភិបាលកិច្ច។
លោកបន្តថា៖ «សូមស្នើសុំបន្ថែមវិស័យសំខាន់ៗមួយចំនួនដែលគាំទ្រដល់ការអនុវត្តគោលនយោបាយ និងផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថាន TVET និងការគាំទ្រលើភាសាបរទេស ជំនាញឌីជីថល ព័ត៌មានវិទ្យា និងជំនាញទន់ ដែលជំនាញទាំងនេះគឺជាជំនាញដ៏សំខាន់ដែលត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សា និងគ្រប់កម្រិតនៃវគ្គបណ្តុះបណា្តល»។
លោក Yasser El- Gammal បានថ្លែងដោយបង្ហាញ សុទិដ្ឋិនិយម ចំពោះការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាហើយលោកពេញចិត្តបង្កើនកិច្ចសហប្រតិបត្តិការទាំងស្ថាប័នឯកជន និងស្ថាប័នរបស់រដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង លើការបណ្តុះបណ្តាលសមត្ថភាព និងអភិវឌ្ឍន៍ជំនាញរបស់យុវជន ឱ្យដណ្តើមបានឱកាសការងារដ៏ល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។
ឆ្លើយតបនឹងសំណើនោះលោក Yasser El- Gammal បានគាំទ្រនូវសំណើ ហើយលោកបានបញ្ជាក់បន្ថែមថា ធនាគារពិភពលោក ប្តេជ្ញាធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំគម្រោងនេះឱ្យបាននៅចុងឆ្នាំ ២០២២ ខាងមុខនេះ។ ពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្សនេះដែរ ក្រសួងការងារបានចុះកិច្ចព្រមព្រៀង ជាមួយនឹងក្រុមអ្នកជំនាញនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) នៅក្នុងគម្រោងអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) មានគោលបំណង ដើម្បីកែលម្អគុណភាពអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ កម្ពុជាកំពុងផ្តោតលើវិស័យជំនាញអាទិភាពចំនួន ៣ ដូចជា ពង្រឹងគុណភាព និងភាពឆ្លើយតបនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតសញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្ររងបច្ចេកទេស និងឯកទេស លើកកម្ពស់ការបណ្តុះបណ្តាលនៅកន្លែងការងារតាមរយៈការចាប់ដៃគូជាមួយឧស្សាហកម្ម និងពង្រីកយន្តការហិរញ្ញវត្ថុ៕