ប៉ៃលិនៈ តុលាការ​កំពូល​នៅ​ថ្ងៃទី​ ១៤ កុម្ភៈ​បាន​បើកសវនាការ ជម្រះក្ដី​គ្រូបង្រៀន​ម្នាក់​ពាក់ព័ន្ធ​នឹង​ការសរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ឆ្នាំ ​២០២០ ដោយបាន​ធ្វើការ​រិះគន់​ការសង់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ប៉ៃលិន ដែល​សំណុំ​រឿងនេះ​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១​ ឆ្នាំ​។

នៅក្នុង​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល​នៅ​ថ្ងៃទី​ ១៤ ​កុម្ភៈ លោក​ចៅក្រម ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុងចំណោម​សមាសភាព លោក​ចៅក្រម ៥ ​រូប និង​មាន​លោក អ៊ុក គឹមសិទ្ធិ ជា​តំណាង​មហា​អយ្យការ​នោះបាន​អាន​អង្គ​ហេតុថា ជនជាប់ចោទ​ឈ្មោះ យួង សូដា ភេទ ប្រុស អាយុ ២៣ ​ឆ្នាំ​ជា​គ្រូបង្រៀន​នៅ ក្រុង​ខេត្ត ប៉ៃលិន បាន​សរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក រិះគន់​ការសាងសង់​ស្តូប​កម្ពុជា​-​វៀតណាម​នៅ​ខេត្ត​ប៉ៃលិន ប្រព្រឹត្ត​កាលពី​ថ្ងៃទី​ ៦ ​កញ្ញា ឆ្នាំ​ ២០២០​។

លោក​ចៅក្រម​បន្តថា សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​បើកសវនាការ ជំនុំជម្រះ​កំបាំងមុខ​ជនជាប់ចោទ​កាលពី​ថ្ងៃទី​ ២៩ ខែ​មីនា ឆ្នាំ​ ២០២១ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ៧ ខែមេសា ឆ្នាំ​ ២០២១ ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១​ ឆ្នាំ ចោទ​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​មាត្រា​ ៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។ ដោយ​មិន​សុខចិត្ត​នឹង​សាលក្រម​នេះ ជនជាប់ចោទ​បាន​ប្តឹង​មក​សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង ហើយ​ត្រូវ​សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង​បើកសវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១០​ កញ្ញា ឆ្នាំ​ ២០២១ និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី ​២៨​ កញ្ញា ឆ្នាំ​ ២០២១ សម្រេច​តម្កល់​ទោស​ ១ ​ឆ្នាំ តាម​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន​ទុកជាបានការ​ដដែល​។

លោក​ ឈឹម ច័ន្ទសត្យានន្ទ ជា​មេធាវី ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ឈ្មោះ យួង សូដា បានធ្វើ​សេចក្តី​សន្និដ្ឋាន​នៅក្នុង​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល​នៅ​ថ្ងៃទី​ ១៤ ​កុម្ភៈ​ថា កូនក្តី​របស់លោក​ មិនត្រូវ​បានគេច​ខ្លួន​ហើយក៏​ត្រូវបាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១ ​ឆ្នាំ​។ ចំពោះ​ការចោទប្រកាន់​លើ​កូនក្តី​របស់លោក​ក្នុង​បទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​នេះ គឺ​មិន​ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ ៤១ ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ធម្មតា​គាត់​ជា​គ្រូបង្រៀន​មាន​ចំណេះដឹង​ហើយ​ការសរសេរ​របស់គាត់​ក្នុង​នាម​ប្រជាពលរដ្ឋ​សម្តែង​មតិ​ប៉ុណ្ណោះ​។ តាំងពី​គាត់​បង្ហោះ​សារ​មកដល់​ពេលនេះ មិនឃើញ​មាន​បញ្ហា​អ្វី​កើតឡើង​ផង ហើយ​ការធ្វើ​កំណត់ហេតុ​របស់​នគរបាល​យុត្តិធម៌​ខេត្ត​ប៉ៃលិន​ថា ជាការ​ញុះញង់​នោះ​គឺជា​ការបំភ្លៃ​អង្គហេតុ​»​។

បើតាម​លោក​មេធាវី ច័ន្ទសត្យានន្ទ កូនក្តី​របស់លោក​គ្មាន​ចេតនា​ញុះញង់​អ្វី​ទេ ហើយ​លោក​ស្នើសុំ​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល មេត្តា​ច្រានចោល​សាលដីកា​របស់​សាលាឧទ្ធរណ៍​បាត់ដំបង​ទុកជា​ឥត​បានការ និង​បង្វិល​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង​ជម្រះ​ឡើងវិញ​។

លោក​ អ៊ុក គឹមសិទ្ធិ តំណាង​មហា​អយ្យការ​នៃ​តុលាការ​កំពូល​បាន​សន្និដ្ឋាន ដោយ​លើកឡើងថា សារ​របស់​ជនជាប់ចោទ​ដែល​បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​នោះ​បាន​សរសេរ​ថា អ្នក​ប៉ៃលិន ទំនេរៗ​ជិះ​កាត់​ស្ពាន​តា​រាប​ហើយ​ងាក​ទៅ​ទិស​ខាងលិច​ផង​។ លោក​អាន​សារ​របស់​ជន​ជាប់ចោទ​បន្តទៀតថា​ «​ឥឡូវ​យើង​មាន​ស្តូប (​មិត្តភាព​កម្ពុជា​-​វៀតណាម​) ​សឹង​គ្រប់​ខេត្តហើយ អ៊ីចឹង​សង្ឃឹមថា ថ្ងៃ​ខាងមុខ យើង​នឹងមាន​ទង់ជាតិ​ ២ ​បង្ហូត​ក្នុងពេល​តែ​ ១ ​ដូច​ឡាវ​។ ដូច្នេះ​នេះ​ជាការ​បង្ហាញ​ពី​បទល្មើស​ហើយ ហើយ​ខ្ញុំ​ស្នើ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​បាត់ដំបង​ទុកជាបានការ​ដដែល​»​។

ក្រោយពី​បាន​ចំណាយពេល​ធ្វើការ​ជំនុំជម្រះ​រយៈពេល​ជិត​ ១​ ម៉ោង​មក លោក​ចៅក្រម​ ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែងថា សាលដីកា​នៃ​សំណុំ​រឿងនេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ២១ ​កុម្ភៈ​៕

វីដេអូ៖