ភ្នំពេញៈ កម្ពុជា​កំពុង​សិក្សា​ពី​គម្រោង​សាងសង់​ប្រព័ន្ធ​ខ្សែកាប​អុបទិក ក្រោម​បាតសមុទ្រ ហុងកុង​-​ព្រះសីហនុ ដែលមាន​ប្រវែង​ជាង ៣០០ ​គីឡូម៉ែត្រ ដើម្បី​ជួយ​ពង្រឹង​វិស័យ​ទូរគមនាគមន៍​របស់​កម្ពុជា និង​ប្រព័ន្ធ​អ៊ីនធឺណិត​ឱ្យ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ថែមទៀត​។

ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ឆ្នាំ​ ២០២២​ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​របាយការណ៍​វាយតម្លៃ​លើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ​ (ESIA) សម្រាប់​គម្រោង​សាងសង់​ប្រព័ន្ធ​ខ្សែកាប​អុបទិក ក្រោម​បាតសមុទ្រ ហុងកុង-​ព្រះសីហនុ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ ដែល​ឆ្លងកាត់​តាម​ដែនសមុទ្រ-កម្ពុជា​មាន​ប្រវែង​ ៣២៣,៥ ​គីឡូម៉ែត្រ រួមទាំង​ស្ថានីយ​ខ្សែកាប​អុបទិក ស្ថិត​ក្នុងភូមិសាស្ត្រ ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

ក្នុង​កិច្ចប្រជុំ​នោះ ក្រសួង​បរិស្ថាន​បានស្នើ​ដល់​ក្រុមហ៊ុន ដែល​ទទួលបន្ទុក​ក្នុងការ​សាងសង់​នេះ ត្រូវធ្វើ​យ៉ាងណា​កុំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ និង​ជីវចម្រុះ​ក្នុង​បាតសមុទ្រ​។ ក្រសួង​ក៏បាន​ស្នើ​ក្រុមហ៊ុន​ត្រូវ​ធ្វើការ​កាត់បន្ថយ​ការសាយភាយ​កករ​ល្អក់ នៅពេល​ជីកកប់​ខ្សែកាប​អុបទិក​នេះ ចៀសវាង​ប៉ះពាល់​ជីវចម្រុះ​សមុទ្រ និង​ត្រូវមាន​ផែនការ​គ្រប់គ្រង​សំណល់​រឹង និង​សំណល់​រាវ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។

ក្រសួង​បញ្ជាក់ថា ក្រុមហ៊ុន​ត្រូវ​សិក្សា​ឱ្យបាន​ច្បាស់លាស់​ទាក់ទង​នឹង​ផ្កាថ្ម​នៅ​តំបន់​គម្រោង​ក្នុង​ករណី​ពេល​ជីកកប់​ខ្សែកាប​អុបទិក​ប៉ះពាល់​ដល់​ផ្កាថ្ម ក្រុមហ៊ុន​ត្រូវ​ផ្អាក​សកម្មភាព​សាងសង់ ហើយ​ធ្វើការ​បញ្ចៀស ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​ផ្កាថ្ម​ទាំងអស់​នេះ​។ ក្រសួងបរិស្ថាន​ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​សហការ​ជាមួយ​ក្រុមហ៊ុន​ទីប្រឹក្សា​បញ្ចូល​នូវ​មតិយោបល់​វិជ្ជមាន​របស់​អង្គប្រជុំ​ទៅក្នុង​របាយការណ៍ ESIA ឱ្យបាន​ត្រឹមត្រូវ​។

អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក លីវ សុផាណារិទ្ធ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ ថា គម្រោង​នេះ​ស្ថិតក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ ដោយ​កំពុង​ប្រមូល​ធាតុចូល​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​បម្រើឱ្យ​ការសាងសង់​ប្រព្រឹត្ត​ទៅដោយ​រលូន​។

លោក​បាន​បញ្ជាក់ទៀតថា​៖ «​គម្រោង​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​សម្រាប់​ប្រទេសជាតិ​យើង ក្នុង​វិស័យ​ទូរគមនាគមន៍ ធ្វើឱ្យ​បណ្តាញ​ទូលំទូលាយ​ជាង​មុន ជួយ​ដល់​សេដ្ឋកិច្ច និង​ទាក់ទាញ​អ្នក​វិយោគ​បរទេស​ផងដែរ​»​។

ក្រសួង​បរិស្ថាន​ឱ្យដឹងថា គម្រោង​នេះ សាងសង់​ដោយក្រុមហ៊ុន​ CRCC Harbour & Channel Engineering Bureau Group Co., Ltd. ព្រមទាំង​សិក្សា និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ (ESIA) ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា Creative Green Research Co., Ltd.​។

សូមជម្រាបថា បច្ចុប្បន្ន​កម្ពុជា​មាន​ក្រុមហ៊ុន​ចំនួន​ ២ កំពុងដំណើរការ​គម្រោង​ខ្សែកាប​អុបទិក​បាតសមុទ្រ​។ ក្រុមហ៊ុន​ទី ​១ ភ្ជាប់​តាម​ប្រព័ន្ធ MCT (​ម៉ាឡេស៊ី​-​កម្ពុជា​-​ថៃ​) មាន​ប្រវែង​ ១ ៣០០ ​គីឡូម៉ែត្រ​។ រីឯ ប្រវែង​នៅ​ប្រទេស​កម្ពុជា​មាន​ ៤៧០ ​គីឡូម៉ែត្រ ដែល​ភ្ជាប់ពី​ម៉ាឡេស៊ី​មក​ក្រុងព្រះសីហនុ និង​បាន​ដាក់ឱ្យ​ដំណើរការ​នៅ​ ២០១៧​។ ក្រុមហ៊ុន​ទី​ ២ ភ្ជាប់​តាម​ប្រព័ន្ធ AAE-1 (​អាស៊ី-អាហ្វ្រិក-អឺរ៉ុប ទី​ ១) មាន​ប្រវែង​សរុប ២៥ ០០០ ​គីឡូម៉ែត្រ​ដែល​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០១៧ ដូចគ្នា​៕

វីដេអូ៖