ភ្នំពេញៈ សមត្ថកិច្ច​ខេត្តស្វាយរៀង​បាន​ឃាត់ខ្លួន​គ្រូពេទ្យ​ឯកជន​ម្នាក់​ និង​បាន​បញ្ចូនទៅ​តុលាការ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ បន្ទាប់ពី​គ្រូពេទ្យ​រូបនេះ​បាន​ចាក់​ថ្នាំ​បណ្តាលឱ្យ​ក្មេងប្រុស​ម្នាក់​ប្រកាច់​បែកពពុះមាត់​ស្លាប់​ភ្លាមៗ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ ឆ្នាំ​ ២០២២ ស្ថិតនៅ​ភូមិ​កណ្ដាល ឃុំ​ស្វាយចេក ស្រុក​រំដួល​។ បុរស​ជា​គ្រូពេទ្យ​រូបនេះ​មាន​ឈ្មោះ វ៉ាត់ ចន្ថន អាយុ ៣៦ ឆ្នាំ​មុខរបរ​គ្រូពេទ្យ​រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​។ ចំណែក​ក្មេងប្រុស​រងគ្រោះ​មាន​ឈ្មោះ ជៀក ណាដេត អាយុ ៧ ​ឆ្នាំ​ជា​សិស្ស​រស់នៅ ភូមិ​ថ្មី ឃុំ​ស្វាយចេក ស្រុក​រំដួល ហើយ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោយ​កើតហេតុ​ភ្លាម​។

លោក សូរ អាត អធិការរង​ទទួល​បន្ទុក​ផែន​យុត្តិធម៌ ស្រុក​រំដួល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤​ កុម្ភៈ​ថា ក្រោយ​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែង​កើតហេតុ និង​បានធ្វើ​កោសល្យវិច័យ​ក៏​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​គ្រូពេទ្យ​ខាងលើ​។ កាលពី​ថ្ងៃទី​ ១៣​ កុម្ភៈ អធិការដ្ឋាន​ស្រុក​បាន​បញ្ចូន​គ្រូពេទ្យ​រូបនេះ ទៅ​តុលាការ​ហើយ​ពាក់ព័ន្ធ​នឹង​បទល្មើស​មនុស្សឃាត​ដោយ​អចេតនា​ដែល​លោក​អះអាងថា ចំណាត់​ការបន្ត​គឺ​អាស្រ័យ​លើ​ការសម្រេច​របស់​តុលាការ​។

លោក​បញ្ជាក់ថា​៖ «​ខាងយើង​បានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូតដល់​មាន​ការឃាត់ខ្លួន​ដោយ​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​។ ចំពោះ​សំណុំ​រឿងនេះ គឺ​ខ្ញុំ​បាន​បញ្ចូនទៅ​តុលាការ​ហើយ​តាមរយៈ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​មាន​ចំណាត់​ការបន្ត​យ៉ាងណា​ទៀត​នោះ គឺ​អាស្រ័យ​លើ​តុលាការ​ជា​អ្នកសម្រេច​»​។

ជាមួយ​នឹង​ការឃាត់​នេះ​លោក សូរ អាត បាន​ឱ្យដឹងថា តាម​ការសាកសួរ​ពី​សាច់ញាតិ​ជនរងគ្រោះ​នៅពេល​មានរឿង​កើតឡើង​ជនសង្ស័យ​ឈ្មោះ វ៉ាត់ ចន្ថន បាន​ពិនិត្យ​ និង​ចាក់​ថ្នាំ​ឱ្យ​កុមារា​ឈ្មោះ ជៀក ណាដេត បន្ទាប់ពី​គ្រួសារ​បាន​នាំ​ក្មេងរងគ្រោះ​ទៅ​ពិនិត្យ​ព្យាបាល​។ នៅពេល​ដែល​ជនសង្ស័យ​រូបនោះ​បាន​ដក​ម្ជុលចាក់​រួច​ស្រាប់តែ​ក្មេងរងគ្រោះ​មាន​សភាព​ប្រកាច់​ខាំអណ្ដាត​បែកពពុះមាត់ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ ហើយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​តែម្ដង​។

លោក កែវ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤​ កុម្ភៈ​ដោយបាន​ទទួល​ស្គាល់​ថា ពិតជា​មាន​ករណីបែបនេះ​កើតឡើង​ប្រាកដ​មែន ហើយ​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏បាន​ចាត់​ឱ្យ​មន្ត្រី​ចុះទៅ​ធ្វើ​កោសល្យវិច័យ​ ដើម្បី​បញ្ជាក់​ពី​ករណី​ស្លាប់​របស់​កុមារ​រងគ្រោះ​ផងដែរ​។

បន្ថែម​ពីនេះ​លោក​បាន​បញ្ជាក់ថា​៖ «​គ្រូពេទ្យ​ដែល​បាន​ចាក់​ថ្នាំ​បណ្តាលឱ្យ​ក្មេង​ស្លាប់​នេះ​គឺ​គាត់​មានការ​ទទួលស្គាល់ និង​មាន​សញ្ញាបត្រ​ត្រឹមត្រូវ​។ ដូច្នេះ​យើង​បាន​ចាត់​ឱ្យ​ក្រុមគ្រូពេទ្យ​ និង​គណៈពេទ្យ​ខេត្ត​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ហើយ​ករណីនេះ​។ តែ​យើង​មិនអាច​សន្និដ្ឋាន​បានទេ​ថា ករណីនេះ​មកពី​កំហុស​គ្រូពេទ្យ​នោះ​ឬ​យ៉ាងណា យើង​រង់ចាំ​ការធ្វើ​ការបន្ត​សិន​»៕