ពោធិ៍សាត់/កោះកុងៈ ក្រុម​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) ​បាន​អះអាងថា នាពេល​បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ជួរ​ភ្នំក្រវាញ​។ មន្ត្រី​បរិស្ថាន​ថា ខ្លួន​បាននិង​កំពុង​បន្ត​សហការ​ជាមួយ​អង្គការ​ដៃគូ​ក្នុង​ការចុះបង្ក្រាប ដោយបាន​ចាប់ខ្លួន​ជនសង្ស័យ​ ២​ នាក់​បញ្ជូនទៅ​តុលាការ​ផងដែរ​។

លោក ជា ហ៊ាន​ប្រធាន​អង្គការ ACNCIPO បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ កុម្ភៈ​ថា ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​កន្លងមកនេះ លោក​ និង​ក្រុមការងារ​បាន​ចុះ​ល្បាត​ស្រាវជ្រាវ​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ជួរ​ភ្នំក្រវាញ ហើយ​បាន​ប្រទះឃើញ​មាន​ករណី​ដឹកជញ្ជូន​ឈើ​ចល័ត​តាម​គោយន្ត​ជាច្រើន​គ្រឿង​ចេញពី​ក្នុងព្រៃ​នៃ​ភូមិសាស្ត្រ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ និង​ស្រុក​ថ្មបាំង​ខេត្ត​កោះកុង​ក្នុង​ទិសដៅ​នាំយកទៅ​លក់​បន្ត​ទៅឱ្យ​ឈ្មួញ​ឈើ​ក្នុងស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​។

លោក​បញ្ជាក់ថា​៖ «​បើតាម​ចម្លើយ​របស់​ក្រុម​អ្នកដឹកឈើ​ដែល​ក្រុមការងារ​យើងខ្ញុំ​ទទួលបាន​ឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ​រាជផ្កុល ដែល​ពួកគេ​បាន​កាប់​ និង​ដឹក​ចេញពី​ក្នុងព្រៃ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្ដាល​។ ពួកគេ​បាន​ចំណាយលុយ​ទៅឱ្យ​ក្រុមមន្ត្រី​បរិស្ថាន រដ្ឋបាល​ព្រៃឈើ កម្លាំង​ប្រដាប់អាវុធ​ទាំង​ ៣​ ប្រភេទ រួមទាំង​អ្នកសារព័ត៌មាន​មួយចំនួន​ផងដែរ​សរុប​ពី​ ២០ ​ម៉ឺន​ទៅ​ ២៥ ​ម៉ឺន​រៀល​ក្នុង​ ១​ គោយន្ត ដែលមាន​បរិមាណ​ឈើ​ជិត ​១ ​គុប​»​។

លោក​ ជា ហ៊ាន ដែល​ពេលនេះ កំពុង​បន្ត​ចុះ​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​លើ​ករណីនេះ​ជាមួយ​ក្រុមការងារ​របស់​លោក​នៅក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​បាន​ថ្លែងថា​៖ «​ទោះយ៉ាងណា​វា​គ្រាន់តែ​ជាការ​អះអាង​របស់​ក្រុម​អ្នកដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​។ នៅពេលនេះ​ក្រុមការងារ​យើងខ្ញុំ​កំពុង​បន្ត​ការស្រាវជ្រាវ​លើ​ករណីនេះ​បន្ថែមទៀត​ ដើម្បី​ធ្វើ​របាយការណ៍​ជម្រាប​ជូនទៅ​ក្រសួងបរិស្ថាន​ និង​ភាគី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ពិនិត្យ និង​ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

បើតាម​លោក ជា ហ៊ាន ចាប់ពី​ថ្ងៃ​ទី​ ៩​ ដល់​ថ្ងៃទី​ ១២ ខែកុម្ភៈ ២០២២ ក្រុមការងារ​របស់លោក​បាន​ប្រទះឃើញ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចល័ត​ចេញពី​ក្នុងព្រៃ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្ដាល​នោះ​ចំនួន​ ៣​ ទីតាំង រួមមាន នៅ​ចំណុច​ក្បែរ​ស្នាក់​ការរង​បឹងថ្លុង អំពិល និង​ថ្នង​ស្រល់ ដែល​ក្នុង​ ១​ ទីតាំង​មាន​ ៨​ គោយន្ត​ និង​ក្នុង​ ១ ​គោយន្ត​មាន​ឈើ​ប្រមាណ​ជិត​ ១ ​ម៉ែត្រគុប​។

ជុំវិញ​ករណីនេះ លោក គង់ ពុទ្ធីរ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ កុម្ភៈ​ថា​ថ្មីៗ​នេះ ក្រុមមន្ត្រី​បរិស្ថាន​បាន​សហការ​ជាមួយ​ក្រុម​អង្គការ​ជា​ដៃគូ និង សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ចុះ​ល្បាត​ក្នុង​ទីតាំង​នៃ​តំបន់​ខាងលើ ហើយ​បាន​ប្រទះឃើញ​មាន​បទល្មើស​ទាំងនោះ​មែន ប៉ុន្តែ​មិនមាន​ច្រើន​គោយន្ត​នោះទេ គឺ ២-៣ គោយន្ត​ក្នុង​ ១ ​កន្លែង​តែប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​បដិសេធ​ទេ ប៉ុន្តែ​បទល្មើស​ត្រូវ​ក្រុមមន្ត្រី​បរិស្ថាន​យើង រួមទាំង​កម្លាំង​អន្តរាគមន៍​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​ក្នុងនោះ​មាន​ទាំង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែលជា​ដៃគូ​ផងដែរ​បាន​ប្រឹងប្រែង​ចុះ​ល្បាត ស្រាវជ្រាវ​ និង​បង្ក្រាប​បានជា​បន្តបន្ទាប់​។ ជាក់ស្ដែង​កាលពី​ ៣​ ថ្ងៃ​មុននេះ ក្រុមមន្ត្រី​យើង​នៅ​ស្នាក់ការ​យោក បាន​ចាប់​ឃាត់​គោយន្ត​ចំនួន​ ២ ​គ្រឿង រួមទាំង​ជនសង្ស័យ​ ២ ​នាក់ បញ្ជូនទៅ​តុលាការ​ផងដែរ​»​។

លោក​ ពុទ្ធីរ៉ា ប្រាប់ទៀតថា នៅពេល​ឃាត់ខ្លួន​បាន​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​តែងតែ​និយាយ​ដោះសា​ថា ពួកគេ​ប្រថុយ​ចូលមក​កាប់​ឈើ​ក្នុង​តំបន់​ការពារ​ និង អភិរក្ស​នេះ​គឺ​ធ្វើ​ដោយ​បង្ខំចិត្ត​ប៉ុណ្ណោះ​ដ្បិត​ជំពាក់​ប្រាក់​ធនាគារ ហើយ​ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ពួកគេ​រក​ការងារ​ផ្សេងទៀត​ធ្វើ​ពុំបាន​។

លោក​ថ្លែងថា​៖ «​យើង​យល់ថា ពួកគាត់​មាន​បញ្ហា​ប្រឈម​ក្នុង​ជីវភាព ប៉ុន្តែ​យើង​ជា​មន្ត្រី​អនុវត្ត​ច្បាប់ បើ​ឃើញ​ពួកគាត់​ប្រព្រឹត្ត​ខុស​ហើយ គឺ​ត្រូវតែ​ចាប់​ឃាត់ខ្លួន​មក​អប់រំ ផាកពិន័យ​ ឬ​បញ្ជូន​ទៅឱ្យ​តុលាការ​ផ្ដន្ទាទោស​ទៅតាម​នីតិវិធី​ច្បាប់​»​។ ជាមួយ​គ្នានេះ លោក​បាន​អំពាវនាវ​ដោយ​ជំរុញ​ឱ្យ​មន្ត្រី​ឧទ្យានុរក្ស​ទាំងអស់ ​ដែល​ចំណុះឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ បង្កើន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ព្រមទាំង​អង្គការ​ជា​ដៃគូ​ចុះ​ល្បាត​ស្រាវជ្រាវ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ទប់ស្កាត់​នូវ​រាល់​បទល្មើស​នានា​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​នៅក្នុង​ខេត្ត​នេះ​៕

វីដេអូ៖