ភ្នំពេញៈ​ ក្រសួងការបរទេស​សម្ដែង​ការខកចិត្ត​ចំពោះ​ការបន្ត​ «​បកស្រាយ​ខុស​» ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយចំនួន​អំពី​គោលបំណង​នៃ​ការបង្កើត​ច្រកទ្វារ​អ៊ិន​ធឺ​ណិ​ត​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា បើទោះបីជា​មានការ​ពន្យល់ និង​ការបំភ្លឺ​ជាច្រើន​ដងដោយ​អាជ្ញាធរ​កម្ពុជា​ក្ដី​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​នា​ថ្ងៃទី​ ១៥ ខែកុម្ភៈ ​បានបញ្ជាក់​នៅក្នុង​សេចក្តី​បំភ្លឺថា​៖ «​ចំពោះ​ការចោទប្រកាន់​ដែលថា ការបង្កើត​ច្រកទ្វារ​អ៊ិន​ធឺ​ណិ​ត​ជាតិ អនុញ្ញាតឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រួតពិនិត្យ និង​តាមដាន​រាល់​សកម្មភាព​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត ចាប់ និង​រឹតបន្តឹង​ការប្រាស្រ័យ​ទាក់ទង នានា​តាម​ប្រព័ន្ធ​ឌីជីថល ព្រមទាំង​ប្រមូល រក្សាទុក និង​ចែករំលែក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ បង្កើត​ហានិភ័យ​ដល់​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ រួមទាំង​សិទ្ធិ​ក្នុងការ​ស្វែងរក ទទួលបាន និង ចែកចាយ​ព័ត៌មាន និង​គំនិត​នានា ក៏ដូចជា​សិទ្ធិ​ឯកជន​ភាព គឺជា​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​»​។

អ្នកនាំពាក្យ​អះអាងថា​រដ្ឋាភិបាល​គោរព​សិទ្ធិ​ឯកជន​ភាព និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់បុ​គ្គល និង ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន ដែល​ទាំងអស់នេះ​មានចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ សន្ធិសញ្ញា​ស្តីពី​សិទ្ធិ មនុស្ស​អន្តរជាតិ​ដែល​បានផ្តល់​សច្ចាប័ន​រួច ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្តីពី​ទូរគមនាគមន៍​។​

កាលពី​ឆ្នាំ​២០១៩​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិកា​រ​អន្តរក្រសួង​មួយ ស្តីពី​ការបង្កើត​ច្រកទ្វារ​អ៊ិន​ធឺ​ណិ​ត​ជាតិ ដើម្បី​សិក្សា និង​រិះរក​វី​ធី​សាស្ត្រ​នានា សម្រាប់​ការបង្កើត​យន្តការ​ក្នុង​គោលបំណង​សម្រួល និង​គ្រប់គ្រង​ការតភ្ជាប់​អ៊ិន​ធឺ​ណិ​ត និង​ពង្រឹង​សន្តិសុខ​ជាតិ និង​ការប្រមូល​ពន្ធ ក៏ដូចជា​ថែរក្សា​សណ្តាប់ធ្នាប់​សង្គម និង​ការពារ​វប្បធម៌​ជាតិ​។​

គណៈកម្មាធិការ​នេះ តាមរយៈ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែលជា​ស្ថាប័ន​ជំនាញ បាន ចាប់ផ្តើម​ការសិក្សា​អំពី​គំរូ​ហេដ្ឋារចនាសម្ព័ន្ធ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក និង​បាន​ពិនិត្យឃើញថា ប្រទេស​ស្ទើរតែ​ទាំងអស់​សុទ្ធ​តែមាន​ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត និង​បទ​ប្បញ្ញត្តិ ដោយឡែក​ពីគ្នា​។

អ្នកនាំពាក្យ​អះអាងថា​អនុក្រឹត្យ​ស្តីពី​ច្រកទ្វារ​អ៊ិន​ធឺ​ណិ​ត​ជាតិ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រូវ បានរៀបចំ​ឡើង​ដោយ​តម្លាភាព ហើយ​ការពិគ្រោះ​យោបល់​នានា​ត្រូវបាន​ធ្វើឡើង​ជាមួយ​អ្នកជំនាញ ជាច្រើន​នៅក្នុង​វិស័យនេះ ប្រតិបត្តិ​ករ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ជាច្រើនលើក​ច្រើនសា​។

អ្នកនាំពាក្យ​បន្តថា​ការបង្កើត​ច្រកទ្វារ​អ៊ិន​ធឺ​ណិ​ត​ជាតិ ដែលមាន​ជាទូទៅ​ស្ទើរ​គ្រប់​ប្រទេស​ជុំវិញ​ពិភព​លោភ ដើរតួ​ជា​ឧបករណ៍​មួយ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​បង្កើន​ការប្រមូល​ចំណូល​ជាតិ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព សមភាព និង​ស្មោះត្រង់​រវាង​រដ្ឋ និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​។

ប្រភព​ដដែល​បញ្ជាក់ថា វា​រួមចំណែក​ដល់​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​តាម​អ៊ិន​ធឺ​ណិ​ត ដូចជា​ការប្រើប្រាស់​ដោយ ខុសច្បាប់​នូវ​ការតភ្ជាប់​បណ្តាញ​ឆ្លងដែន ការលេង​ល្បែង​អន​ឡាញ​ខុសច្បាប់ ការបោកប្រាស់​តាម អ៊ិន​ធឺ​ណិ​ត ជាដើម​។ យន្តការ​នេះ​មិនមាន​បទ​ប្បញ្ញត្តិ​ណាមួយ​ដូចដែល​ត្រូវបាន​ចោទប្រកាន់ថា អនុញ្ញាតឱ្យ​មានការ​ប្រមូល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ និង​ការ​រឹតបន្ដឹង​សេរីភាព​នៃ​ការបញ្ចេញមតិ នោះទេ​។

គួរ​បញ្ជាក់ថា ​រដ្ឋាភិបាល​នឹង​រៀបចំ​ដាច់ដោយឡែក​នូវ​ច្បាប់​ស្តីពី​ការការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន នៅពេលដែល​សេចក្តីព្រាងច្បាប់​ស្តីពី​សន្តិសុខ​តាម​អឺ​ន​ធឺ​ណិ​ត​ត្រូវ​បានបញ្ចប់​៕

វីដេអូ៖