ព្រះសីហនុៈ បុរស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រង​​របួសធ្ងន់​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​កាល​ពីថ្ងៃ​ទី ១៤ កុម្ភៈ ​រវាង​រថយន្ត​ធុន​ធំ៣គ្រឿង​បុក​បន្ត​គ្នា ​ស្ថិតក្នុងភូមិ បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះ​សីហនុ ខណៈ​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅទូទាំង​ប្រទេស​ កើតឡើង​នៅថ្ងៃទី ១៤​ កុម្ភៈ បាន​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់៦ នាក់ និង​រង​របួស​ធ្ងន់​ចំនួន ១៤​នាក់(ស្រី៧នាក់)។ នេះ​បើតាម​ ​អគ្គស្ន​ង​ការ​ដ្ឋាន​នគរបាលជាតិ

លោក ញ៉ែម រស្មី អធិការរង​ ទទួល​ផែន​ការងារ​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​ នគរបាល​ស្រុក​កំពង់​សិលា ប្រាប់​នៅ​ថ្ងៃទី១៥ កុម្ភៈ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បានធ្វើឱ្យ​បុរស​ជា​អ្នកបើកបរ​ម្នាក់​ឈ្មោះ មិន សុភា ភេទ​ប្រុស អាយុ២៩ឆ្នាំ​រស់នៅ​ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ស្លាប់ នៅ​កន្លែងកើតហេតុ។

រីឯ​ឈ្មោះ ចាន់ សៀង​ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ព្រូឡាន មាន​ទីលំនៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​បាន​រងរបួស​ធ្ងន់។

លោក​ថ្លែងថា៖«ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ សុទ្ធតែ​រថយន្ត​ធុន​ធំ ហើយ​ពេលភ្លាមៗនោះ​ មាន​កម្លាំង​សមត្ថកិច្ច​យើង និង​កងរាជ​អាវុធ​ហត្ថ​អន្ត​រាគមន៍​សម្រួល​ចរា​ចរណ៍»។

បើតាម​លោក រស្មី គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កើត​ឡើង​នៅ​ព្រលប់​ថ្ងៃទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០២២ នៅ​ចន្លោះ​​គីឡូ​ម៉ែត្រ​លេខ ១៣៦-១៣៧ ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះសីហនុ រវាង​រថយន្ត​ម៉ាក​ INTERNATIONAL ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3C 8353 បើក​ទិសដៅ​ពី​ភ្នំពេញ​ទៅខេត្ត​ព្រះសីហនុ​ជា​រថយន្ត​ដឹក​ប្រេង។

រីឯ​រថយន្ត​១គ្រឿង​ទៀត​ម៉ាក​ FUSO សណ្តោង​រ៉ឺម៉ក ​ពណ៌​បៃតង ពាក់​ផ្លាកលេខ​ភ្នំពេញ 3F 9367 ជា​រថយន្ត​ដឹក​ទំនិញ​។

បើ​យោង​តាម​​​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២២ បណ្តាលឱ្យ​មនុស្ស​ស្លាប់​៦​នាក់ របួសធ្ងន់​ចំនួន ១៤នាក់(ស្រី៧នាក់) និង​របួស​ស្រាល ៣នាក់​(ស្រី២​នាក់) ។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី ថ្លែង​នៅ​ថ្ងៃទី១៥កុម្ភៈ​ថា បញ្ហា​នេះ​លោក​មើលឃើញថា​នៅពេលដែល​ប្រទេស​វិល​មក​រក​​ប្រក្រតី​ឡើងវិញ(ធូរស្រាល​ពី​ជំងឺ​កូ​វីដ)គឺ​មាន​អ្នក​ដំណើរ​ច្រើន​នៅលើ​ដងផ្លូវ​ទើប​ធ្វើ​ឱ្យ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ឡើងជា​ញឹកញាប់។

លោក​ថ្លែងថា៖«បើ​និយាយ​ពី​មូលហេតុ​គ្រោះថ្នាក់ ​គឺមាន​កត្តា៤ចំបង ​គឺ​កត្តា​មនុស្ស ​បើកបរ​លើស​ល្បឿន​កំណត់ ការបើក​បរជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ការ​ពិសា​រគ្រឿង​ស្រវឹង​ហើយ​បើកបរ​ ពិសេស​អ្នក​ដែល​​មិន​គោរព​សិទ្ធិ​អាទិភាព​ ​និង​​អ្នក​ដែល​ចេញពី​ផ្លូវលំតូចៗ ចូលមក​លើផ្លូវ​ជាតិ​ដោយ​ពុំមានការ​ប្រុង​ប្រយ័ត្ន​»៕