ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា និង​អគ្គលេខាធិការ​អាស៊ាន​សន្យា​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​នៅ​ប្រទេស​ទីម័រ​ខាងកើត​នៅក្នុង​ត្រីមាស​ទី ​១ នៃ​ឆ្នាំនេះ​ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​បាន​ចូល​ជា​សមាជិក​អាស៊ាន​ ខណៈ​ភាគី​ទាំង​ ២ ក៏បាន​ជំរុញ​ឱ្យ​បញ្ចប់​អំពើហិង្សា​នៅ​មីយ៉ាន់ម៉ា​ផងដែរ ដើម្បី​សន្តិភាព​។

ការប្រកាស​សន្យា​នេះ​ធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោក លឹម ចុក ហ៊ុយ (LimJock Hoi) អគ្គលេខាធិការ​អាស៊ាន​នា​ថ្ងៃទី​ ១៤ ​ខែកុម្ភៈ​ដែល​ធ្វើឡើង​មុន​ ១​ ថ្ងៃ​នៃ​ការចាប់​ផ្តើម​ដំណើរការ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចាប់ពី​ថ្ងៃទី​ ១៥-១៧ ខែកុម្ភៈ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​នៅ​ឆ្នាំ​ ២០២២​។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ១៤ ខែកុម្ភៈ ថា​៖ «​អំពី​ការស្នើ​សុំចូល​ជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទីម័រ​ឡេស្តេ ខណៈ​ដែល​មានការ​ទទួល​ការលំបាក​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម​អគ្គលេខាធិការ [​លឹម ចុក ហ៊ុយ​] បាន​ប្តេជ្ញា​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម-​វប្បធម៌​អាស៊ាន នៅក្នុង​ត្រីមាស​ទី​ ១​ នៃ​ឆ្នាំនេះ ដូច្នេះ​ប្រទេស​សមាជិក​អាស៊ាន​អាច​ចាប់ផ្តើម​ពិភាក្សា​លើ​ផែនទី​ចង្អុល​ផ្លូវ​ និង​ពេលវេលា​សម្រាប់​ទីម័រឡេស្តេ ដើម្បី​ចូល​ជា​សមាជិក​អាស៊ាន​»​។

លោក ហេង គីមគង់ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៥ ខែកុម្ភៈ​ថា វា​ពិតជា​ល្អ​ណាស់ ដែល​កម្ពុជា​មាន​ភាពសកម្ម​ក្នុងការ​ជំរុញ​ឱ្យមាន​សមាជិក​ភាព​ថ្មី​របស់​ទីម័រ​ខាងកើត​ក្នុង​អាស៊ាន​។ ការ​សកម្ម​ក្នុងការ​ជំរុញ​បែបនេះ​ជួយ​លើកមុខ​មាត់​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន និង​ជា​រដ្ឋ​សមាជិក​អាស៊ាន​ដែល​ចេះ​ជួយ​ជ្រោមជ្រែង​គ្នា​។

លោក​ថ្លែង​ថា​៖ «​កម្ពុជា​គឺជា​សមាជិក​ថ្មី​បំផុត​របស់​អាស៊ាន ដូច្នេះ​ការជួយ​ទីម័រ​ខាងកើត​ឱ្យចូល​ជា​សមាជិក​អាស៊ាន គឺជា​សកម្មភាព​ដ៏សំខាន់​ដែល​បង្ហាញ​ពី​របៀប​ដែល​កម្ពុជា​យកចិត្ត​ទុកដាក់​ចំពោះ​ឯកភាព និង​បរិយាប័ន្ន​នៅក្នុង​តំបន់​»​។

ដោយឡែក ភាគី​ទាំង​ ២ ​ក៏បាន​ពិភាក្សាគ្នា​អំពី​ស្ថានភាព​នៃ​វិបត្តិ​នយោបាយ​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ផលប៉ះពាល់​ទៅលើ​ការងារ​នានា​របស់​អាស៊ាន​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​ឯកឧត្តម​អគ្គលេខាធិការ​បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ការបញ្ចប់​អំពើហិង្សា និង​ការកសាង​ទំនុកចិត្ត និង​ភាពជឿជាក់ ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ចូលរួម​ក្នុង​កិច្ចសន្ទនា​មួយ​ប្រកប​ដោយ​បរិយាប័ន្ន​សំដៅ​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​»​។

លោក ប្រាក់ សុខុន ក្នុងឋានៈ​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ឆ្នាំ ​២០២២ ក៏បាន​លើកឡើង​អំពី​អាទិភាព​នានា​របស់លោក​រួមទាំង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​នាពេល​ខាងមុខ ខណៈ​លោក​ លឹម ចុក ហ៊ុយ បានបង្ហាញ​ការត្រៀម​លក្ខណៈ​រួចរាល់​របស់​លេខាធិការដ្ឋាន​អាស៊ាន ដើម្បី​គាំទ្រ ជាពិសេស​ការ​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​ជាទីបំផុត​នៅ​មីយ៉ាន់ម៉ា​។

លើសពីនេះ ភាគី​ទាំង​ ២ ក៏បាន​ពិភាក្សា​អំពី​តួនាទី​ដ៏សំខាន់​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ (TAC) ក្នុង​ដំណើរការ​កសាង​សហគមន៍​អាស៊ាន និង​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ប្រទេស​ជាច្រើន​កំពុង​ស្នើសុំ​ក្លាយជា​ដៃគូ​សន្ទនា​ដៃគូ​តាម​វិស័យ និង​ដៃគូ​អភិវឌ្ឍន៍​របស់​អាស៊ាន​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ចំពោះ​ដំណើរ​ឆ្ពោះ​ទៅមុខ អាស៊ាន​នឹង​បន្ត​ពង្រឹង​សមត្ថភាព និង​លទ្ធភាព​របស់ខ្លួន ដើម្បី​អាច​ចូលរួមចំណែក​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ភាពរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ដៃគូ​ខ្លួន​សម្រាប់​ផលប្រយោជន៍​ទៅវិញ​ទៅមក​។

ជាមួយ​គ្នានេះ លោក ប្រាក់ សុខុន បាន​កោតសរសើរ​ចំពោះ​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ និង​រាល់​ការគាំទ្រ​នានា​ដែល​ផ្តល់​ដោយ​លេខាធិការដ្ឋាន​អាស៊ាន ចាប់តាំងពី​ការចាប់ផ្តើម​នៃ​អាណត្តិ​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។

ប្រភព​ដដែល​បន្តថា លោក លឹម ចុក ហ៊ុយ បាន​អះអាង​ជាថ្មី​នូវ​ការត្រៀមខ្លួន និង​ការប្តេជ្ញាចិត្ត​របស់​លេខាធិការដ្ឋាន​អាស៊ាន​ ដើម្បី​ធ្វើឱ្យ​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ឆ្នាំ​ ២០២២ នេះ​ទទួលបាន​ជោគជ័យ​៕