ស្ទឹងត្រែងៈ សត្វ​ផ្សោត​ដែល​នៅសល់តែ​ ១ ​គត់​នៅ​អន្លង់​ឈើទាល ខេត្តស្ទឹងត្រែង​ត្រូវ​បាន​ប្រទះឃើញ​អណ្តែត​ស្លាប់​កាលពី​ថ្ងៃទី​ ១៥ ​កុម្ភៈ ដែល​មន្ត្រី​ជំនាញ​សន្និដ្ឋាន​បឋម​ថា ការស្លាប់​សត្វផ្សោត​នេះ​អាច​បណ្តាល​មកពី​ស្នាមរបួស​នៅ​ផ្នែក​កន្ទុយ​របស់​វា ដោយសារ​កំណាត់​សរសៃ​មង​រុំ​ជាប់​។

អស់​រយៈពេល​ជាង​ ១​ ខែ​ហើយ ដែល​សត្វ​ផ្សោត​ឯកា​ ១​ ក្បាល​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ស្គមរីងរៃ ដោយសារ​តែ​របួស​បង្ក​ជា​ដំបៅ ព្រោះតែ​កន្ទុយ​របស់​វា​ត្រូវបាន​រុំ​ជាប់​ដោយ​កំណាត់​សរសៃ​មង​។ បន្ទាប់ពី​មាន​ករណី​ប្រទះឃើញ​សត្វ​ផ្សោត ១ ​ក្បាល​ចុងក្រោយ​នៅ​តំបន់​អន្លង់​ឈើទាល​បាន​រងរបួស ដោយមាន​កំណាត់​មង​រុំ​ជាប់​កន្ទុយ​នោះ ក្រុម​ជំនាញការ​ថ្នាក់ជាតិ​នៃ​រដ្ឋបាល​ជលផល ព្រមទាំង​អង្គការ WWF-Cambodia ដែលជា​ដៃគូ​បានរួម​គ្នា​រក​មធ្យោបាយ​ជួយ​ដល់​សត្វ​ផ្សោត​នោះ​ដើម្បី​កាត់​កំណាត់​មង​ដែល​ជាប់​កន្ទុយ​ផ្សោត​នោះដែរ​។

ប៉ុន្តែ​ដោយសារ​គ្មាន​ឧបករណ៍ និង​បច្ចេកទេស​គ្រប់គ្រាន់​ក្នុងការ​ដង​ចាប់​វា ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​បាន​ត្រឹម​តាមឃ្លាំមើល​សត្វ​ផ្សោត​នោះ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ការពារ​វា​ពី​ការយាយី​ពី​ក្រុម​អ្នកនេសាទ​អនាធិបតេយ្យ​។ នេះ​បើតាម​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​។

លោកស្រី សំ វិចិត្រ ប្រធាន​ផ្នែក​ជលផល​ខេត្តស្ទឹងត្រែង​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ កុម្ភៈ ថា សត្វ​ផ្សោត​នេះ​ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅក្បែរ​ច្រាំង​នៅ​ជិត​កន្លែង​វា​រស់នៅ​។ តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​សត្វ​ផ្សោត​នេះ​អាច​ស្លាប់​ដោយសារ​មិនអាច​ទ្រាំទ្រ​នឹង​ស្នាមរបួស​ដែល​ជាប់​មង​បាន ព្រោះ​ចាប់ពី​មាន​របួស​នោះមក វា​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​។

លោក​ថា​៖ «​ឃើញ​ស្លាប់​នៅក្បែរ អន្លង់​ផ្សោត​ហ្នឹង​តែម្តង​។ យើង​សន្និដ្ឋាន​ថា សត្វ​ផ្សោត​នេះ​អាច​ស្លាប់​ដោយសារ​តែ​ស្នាមរបួស​ដែល​ជាប់​មង​នេះ​។ ជំនាញ​យើង​កំពុងធ្វើការ ដូច្នេះ​យើង​មិនទាន់​សម្រេច​នឹង​នាំយក​សត្វ​ផ្សោត​ដែល​បាន​ស្លាប់​នេះ​ទៅណា​នោះទេ ចាំ​ពិនិត្យ​ឱ្យ​បាន​ចប់សព្វគ្រប់​សិន​»​។

ចំណែក​លោក ​ម៉ែន គង់ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា មន្ត្រីជំនាញ​កំពុង​បន្ត​ត្រួតពិនិត្យ​ការស្លាប់​របស់​សត្វ​ផ្សោត​ឯកា​នេះ​។ ការបាត់បង់​របស់​សត្វ​ផ្សោត​ដែល​សល់​តែ​ ១​ គត់​នៅ​តំបន់​អន្លង់​ឈើទាល​នៃ​អន្តរ​ព្រំប្រទល់​ដែនទឹក​រវាង​ប្រទេស​កម្ពុជា​-​ឡាវ នេះ គឺជា​រឿង​ដែល​សោកស្តាយ​បំផុត​។

លោក​បញ្ជាក់ថា​៖ «​នេះ​ជា​រឿង​សោកស្តាយ​ណាស់ ព្រោះ​អីយើង ខិតខំ​អភិរក្ស​វា​យូរហើយ ដែល​ដឹង​ថា​សត្វ​ផ្សោត​មាន​ឧបនិស្ស័យ​ខុសពី​មច្ឆជាតិ​ផ្សេងៗ​ទៀត ដែល​ការបាត់បង់​នេះ គឺ​ការបាត់បង់​នូវ​ធនធាន​ធម្មជាតិ​មួយ​នៅក្នុង​តំបន់​អភិរក្ស​របស់​យើង​»​។

ការបាត់បង់​សត្វ​ផ្សោត​ចុងក្រោយ​នេះ លោក​ ម៉ែន គង់ និយាយ​ថា រដ្ឋបាលខេត្ត​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ចំពោះ​ការស្វែងរក​ប្រភេទ​សត្វ​ផ្សោត​ដទៃទៀត ដើម្បី​យកមក​អភិរក្ស​ក្នុង​តំបន់​នេះ​។ ប៉ុន្តែ​លោក​ថា ក្នុង​នាម​រដ្ឋបាលខេត្ត​នឹង​គាំទ្រ​ចំពោះ​ការសម្រេច​របស់​អ្នកជំនាញ បើ​អាច​សិក្សា​បាន​ថា អាចមាន​សត្វ​ផ្សោត ប្រភេទ​ផ្សេង​ដែល​អាច​រស់នៅក្នុង​តំបន់​អភិរក្ស អន្លង់​ឈើទាល​បាន​ជំនួស​សត្វផ្សោត​ដែល​បាត់បង់​ទាំងនេះ​។

ការបាត់បង់​ពូជ​ផ្សោត​ក្នុង​តំបន់​អន្លង់​ឈើទាល កើតឡើង​តាំងពី​ឆ្នាំ​ ២០១៨ បន្ទាប់ពី​មានការ​ស្លាប់​បាត់បង់​ជា​បន្តបន្ទាប់ ដោយសារ​ករណី​ជាប់​មង​ប្រជានេសាទ​។ ការសិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​ ២០១៨ រកឃើញ​សល់​ ៣ ​ក្បាល​ប៉ុណ្ណោះ ហើយ​នៅ​ឆ្នាំ​ ២០២១ នៅសល់តែ ១ ​ក្បាល ដែល​ត្រូវស្លាប់​ជា​លើក​ចុងក្រោយ​។ នេះ​បើតាម​តួលេខ​របស់​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​៕

វីដេអូ៖