កោះកុងៈ បុរស​វ័យ​ ៤២ ​ឆ្នាំ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មួយ​ស្រី​របស់ខ្លួន​ចំនួន​ ២ ​នាក់ ដែលមាន​អាយុ​ក្រោម​ ១៥​ ឆ្នាំ​។ យោងតាម​មន្ត្រីនគរបាល​មូលដ្ឋាន​។

លោក សៀ ហ៊ អធិការ​ស្រុក​កោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ​ថា ជនសង្ស័យ​ឈ្មោះ​ ស៊ិន ធឿន​ត្រូវបាន​ប្អូនប្រុស​បង្កើត​របស់គាត់​ឈ្មោះ ស៊ិន ទឿន អាយុ ​៣៦ ​ឆ្នាំ នាំខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ក្រោយពី​កុមារី​រងគ្រោះ​ ២ ​នាក់ ដែលជា​កូនបង្កើត​របស់​ប្អូនប្រុស​គាត់​បានសម្រេច​ចិត្ត​ប្រាប់​ឪពុកម្ដាយ​ពួកគេ​ថា​អ៊ំ​ប្រុស​ជា​ជនសង្ស័យ​បាន​ចាប់រំលោភ​ពួកគេ​ក្នុង​ម្នាក់ៗ​បានសម្រេច​ចំនួន​ ២ ​លើក​។

លោក​ថា​៖ «​គាត់​បាន​សារភាពថា គាត់​ពិតជា​បានរួម​ភេទ​ជាមួយ​ក្មួយ​ស្រី​ទាំង​ ២ ​នោះ ពិតប្រាកដ​មែន​។ ប៉ុន្តែ​មិនបាន​បង្ខំ ឬ​គំរាមកំហែង​លើ​កុមារី​ទាំង​ ២​ នោះទេ​»​។

លោក សៀក ហ៊ ថ្លែងថា​៖ «​ប៉ុន្តែ​កុមារី​រងគ្រោះ​ទាំង ២ បាន​អះអាង​ថា ក្រោយ​ការចាប់​រំលោភ​ពួកគេ​រួច អ៊ំ​ប្រុស​តែងតែ​គំរាម​ពួកគេ​កុំឱ្យ​ប្រាប់​អ្នកណា​ឱ្យសោះ រួមទាំង​ឪពុកម្ដាយ​ពួកនាង បើ​ពុំនោះ​ពេល​គាត់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​បាន​រួចខ្លួន​មកវិញ គាត់​នឹង​សម្លាប់​ពួកនាង និង​ឪពុកម្ដាយ​រួមទាំង​ប្អូនៗ​របស់​ពួកនាង​ទាំងអស់​»​។

លោក​ថា យោងតាម​ការអះអាង​របស់​កុមារី​រងគ្រោះ​ទាំង​ ២ ជនសង្ស័យ​បាន​ចាប់​រំលោភ​ពួកគេ​ម្ដងម្នាក់​តាំងពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ ​មក ដល់​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២២ ​នេះ មាន​ចំនួន​សរុប ​៤ ​លើក ដោយ​កុមារី​ជា​បង អាយុ​ ១៣​ ឆ្នាំ​ត្រូវបាន​ជនសង្ស័យ​រំលោភ​បានសម្រេច​ ២ ​លើក និង កុមារី​ជា​ប្អូន​អាយុ​ ១២ ​ឆ្នាំ​ត្រូវបាន​ជនសង្ស័យ​ចាប់រំលោភ​បានសម្រេច​ ២​ លើក​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង កសាង​សំណុំរឿង​ក្នុង​បទល្មើស «​រំលោភ​សេពសន្ថវៈ​លើ​កុមារី​ជា​អនីតិជន ដោយមាន​ការគំរាមកំហែង​ថា​នឹង​សម្លាប់​» និង បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ដើម្បី​មាន​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ស្រី ថុច នាយការិយាល័យ ប្រឆាំង​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន ជនសង្ស័យ និង​សំណុំរឿង​បទល្មើស​ដ៏អាស្រូវ​នេះ​ត្រូវបាន​បញ្ជូន​មកដល់​ដៃ​របស់លោក​ហើយ​។ ជនសង្ស័យ​កំពុង​ត្រូវបាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​បន្ត​នីតិវិធី​ស៊ើបសួរ​ចម្លើយ​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​នឹង​ត្រូវ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​ ១៥ ខែកុម្ភៈ​៕