ភ្នំពេញៈ ចៅក្រម​សាលាឧទ្ធរណ៍​លើកឡើងថា នឹង​យក​សំណុំរឿង​អតីតមន្ត្រី​នគរបាល ខេត្តកំពង់ចាម​ម្នាក់​ទៅ​បើកសវនាការ​ជម្រះក្តី​ម្តងទៀត ដោយ​ត្រូវ​កោះហៅ​សាក្សី​មក​បំភ្លឺ​បន្ថែម​ពាក់ព័ន្ធ​ជនជាប់ចោទ​ធ្វើឱ្យ​ភ្លើង​ឆេះ​បន្ទប់​ស្លាប់​មនុស្សម្នាក់​នៅ​ក្រុង​កំពង់ចាម កាលពី​ឆ្នាំ​ ២០១៤ បន្ទាប់ពី​បើកសវនាការ​កាលពី​ថ្ងៃ​ទី​ ២៥ ​មករា​។

លោក​ចៅក្រម ស៊ិន វិសាល នៅ​ថ្ងៃទី ​១៥ ​កុម្ភៈ​បាន​ថ្លែង​នៅក្នុង​បន្ទប់​សវនាការ​ថា សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ ហេង ម៉ារ៉ែន ភេទ​ប្រុស អាយុ ៥១ ​ឆ្នាំ ហើយ​សំណុំ​រឿងនេះ​ត្រូវបាន​សាលាឧទ្ធរណ៍​ភ្នំពេញ​បើកសវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២៥ មករា​។

លោក​បន្តថា​៖ «​ប៉ុន្តែ​ក្រោយពី​បាន​ពិភាក្សាគ្នា​យ៉ាង​លម្អិត​មក​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ឯកភាពគ្នា​ថា នឹងធ្វើ​ការជំនុំជម្រះ​ ១ ​លើក​ទៀត​លើ​សំណុំរឿង​ដដែល​នេះ​ដោយ​ត្រូវការ​សាក្សី​បន្ថែមទៀត​»​។

តាម​អង្គហេតុ​កាលពី​វេលា​ម៉ោង​ប្រហែល ៨ ​យប់ ថ្ងៃទី ​៩ កុម្ភៈ ឆ្នាំ ២០១៤ ជនជាប់ចោទ​ឈ្មោះ ហេង ម៉ារ៉ែន ជា​អនុប្រធាន​ការិយាល័យ​គណនេយ្យ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពង់ចាម និង​ឈ្មោះ ធុច សាថាន ភេទ​ប្រុស អាយុ ៤៩ ​ឆ្នាំ ជា​មន្ត្រី​ធនាគារ​ជាតិ​កម្ពុជា ខេត្តកំពង់ចាម បាន​បបួលគ្នា​ផឹកស៊ី​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​ក្នុង​ភូមិសាស្ត្រ​សង្កាត់​-​ក្រុង​កំពង់ចាម​រហូតដល់​ម៉ោងជាង ១១ ​យប់​។

ក្រោយពី​បញ្ចប់​ការផឹកស៊ី​នៅ​យប់​ថ្ងៃ​ដដែល​នោះ ជនជាប់ចោទ​ឈ្មោះ ហេង ម៉ារ៉ែន បាន​ដឹក​ជនរងគ្រោះ​តាម​ម៉ូតូ​ ១​ គ្រឿង​យក​ទៅ​បន្ទប់​ជួល​របស់​ជនរងគ្រោះ​វិញ​ស្ថិត​ក្នុងភូមិ​ ៦ សង្កាត់-​ក្រុង កំពង់ចាម​។ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​គេ​ឃើញ​ភ្លើង​ឆេះ​ចេញពី​បន្ទប់​ជួល​របស់​ជនរងគ្រោះ ហើយ​គេ​ឃើញ​ជនរងគ្រោះ​ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​តែ​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ រីឯ​ជនជាប់ចោទ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង ខេត្ត​កំពង់ចាម បើកសវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ​២១ វិច្ឆិកា ឆ្នាំ ​២០១៤ ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់ពន្ធនាគារ ៣០ ​ឆ្នាំ និង​បង្គាប់​ឱ្យ​សង​ប្រាក់​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ ៤០ ​លាន​រៀល​។ ប៉ុន្តែ​ជនជាប់ចោទ​មិន​សុខ​ចិត្តបាន​ប្តឹង​មក​សាលាឧទ្ធរណ៍​ភ្នំពេញ​។

ពាក់ព័ន្ធ​ការបន្ត​បើកសវនាការ​ម្តងទៀត​នេះ ភ្នំពេញ​ប៉ុស្តិ៍ បាន​ទូរស័ព្ទ​ទាក់ទង​លោក អ៊ុំ សំអាង ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​នៅ​ថ្ងៃទី ១៥ ​កុម្ភៈ ប៉ុន្តែ​លោក​ថា លោក​មិនបាន​ចូល​ស្តាប់​ការប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ១៥ ​កុម្ភៈ​នេះ​ទេ​។ ទោះយ៉ាងណា​កាលពី​ថ្ងៃទី​ ២៥ ខែមករា ដែលជា​ថ្ងៃ​បើកសវនាការ​លោក​ សំអាង បានលើកឡើង​ប្រាប់​ចៅក្រម​ថា នៅ​យប់នោះ​ម្ចាស់​បន្ទប់​ជួល​គ្រាន់តែ​បានឃើញ​មនុស្ស​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​មក​ជាមួយ​កូនក្តី​លោក តែ​មិន​បញ្ជាក់ថា ជា​កូនក្តី​របស់លោក​ទេ​។ ដូច្នេះ​លោក​ស្នើសុំ​ក្រុមប្រឹក្សា​ដោះលែង​កូនក្តី​លោក​វិញ​៕