ភ្នំពេញៈ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​យកទៅ​មណ្ឌល​ចត្តាឡីស័ក ដោយសារ​រកឃើញ​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​ បន្ទាប់ពី​ចាប់ខ្លួនបាន​កាលពី​វេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​ ១៥ កុម្ភៈ ពាក់ព័ន្ធ​ករណី​វាយ​ប្លន់​ម៉ូតូ​អ្នកដំណើរ​នៅ​ភូមិ ម្ភៃបួន សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន​បក្ខពួក​ប្រមាណ​ជាង​ ១០ ​នាក់​ទៀត​។

លោក​ ជាង ហុកសែ អធិការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌដង្កោ ឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ កុម្ភៈ​ថា ជនសង្ស័យ​ឈ្មោះ​ ញឹក ចាន់ណារី ភេទ​ប្រុស អាយុ​ ២៧​ ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​របស់​លោក​យកទៅ​មណ្ឌល​ចត្តាឡីស័ក​ ដើម្បី​ព្យាបាល​រោគ​កូវីដ​សិន​។ ចំណែក​បក្ខពួក​ប្រមាណ​ជា​ ១០​ នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​។

លោក​បាន​ថ្លែងថា​៖ «​ករណីនេះ យើង​មិនទាន់​ដឹងថា បក្ខពួក​ជនសង្ស័យ​មាន​ប៉ុន្មាន​នាក់​ច្បាស់​ទេ ព្រោះ​ជន​ម្នាក់​ដែល​យើង​ចាប់បាន​មាន​កើត​ជំងឺ​កូវីដ​។ ហេតុដូច្នេះ យើង​ពិបាក​ក្នុងការ​សួរចម្លើយ និង​ធ្វើ​នីតិវិធី​»​។

លោក​បន្តថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ៤ ​ទៀបភ្លឺ​ថ្ងៃទី​ ១៥ កុម្ភៈ ជនរងគ្រោះ​ និង​មិត្តភក្តិ​មាន​គ្នា​ ៣​ នាក់ ជិះ​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក​ស៊ុយហ្ស៊ុយគីនិច ពណ៌​ស ស៊េរី​ឆ្នាំ​ ២០១៧ និង ជនរងគ្រោះ​ ២ ​នាក់​ទៀត ជិះ​ម៉ូតូ​ ១​ គ្រឿង​ម៉ាក HONDA ZOOMERX110 ពណ៌​ខៀវ ឌុប​គ្នា​ចេញពី​កន្លែង​ផឹកស្រា​ក្រឡុក​នៅ​ម្តុំ​ផ្សារ​ត្រពាំងថ្លឹង ផ្លូវ​វេងស្រេង បំណង​ត្រឡប់មក​បន្ទប់​ជួល​ស្ថិតនៅ​ភូមិ​ម្ភៃបួន សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ​។

លោក​បញ្ជាក់ថា លុះ​ពួកគេ​ជិះ​ម៉ូតូ​មកដល់​ខាងត្បូង​ស្តុប​ទួលពង្រ​ក្នុង​ភូមិសាស្ត្រ ភូមិ ម្ភៃបួន សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ​​ក៏​ឃើញ​មាន​ក្រុមមនុស្ស​ប្រមាណ​ជាង​ ១០ ​នាក់ ជិះ​ម៉ូតូ​ ៧ ​គ្រឿង​បាន​ជិះ​ម៉ូតូ​មក​ជិត​ហើយ​វាយ​ទៅលើ​ក្រុម​ជនរងគ្រោះ ថែមទាំង​កាប់​ស្លាក​លេខ​ម៉ូតូ​ ១​ គ្រឿង​ម៉ា​កនិច​ហើយ​ជនរងគ្រោះ ​២​ នាក់​បាន​ផ្តួល​ម៉ូតូ​រត់​យករួចខ្លួន​។

ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​ម៉ូតូ​ម៉ាក HONDA ZOOMERX110 ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១ ​គ្រឿង​។ ចំណែកឯ​បក្ខពួក​ជន​ល្មើស​ផ្សេងទៀត សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​។

ពាក់ព័ន្ធ​អំពើ​ល្មើស​របស់​ក្រុម​ជន​ទាំងនេះ​ត្រូវបាន​លោក សេក សុជាតិ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​ថ្លែង​នៅ​ថ្ងៃទី​ ១៥ ​កុម្ភៈ​ថា បញ្ហា​នេះ​មកពី​មានការ​អប់រំ​ផ្នែក​ផ្លូវចិត្ត និង​ផ្នត់គំនិត​ឱ្យ​វិជ្ជមាន​មិនបាន​ល្អ ឬ​មិនបាន​គ្រប់គ្រាន់​ហើយ​ក្រុមយុវជន​ទាំងនោះ ខ្វះ​ការយល់ដឹង​ពី​កាតព្វកិច្ច​ស្ដីពី​យុវជន​ល្អ ក្មេង​ល្អ ដែល​ទទួល​បាន​ការអប់រំ​ត្រឹមត្រូវ ហើយ​រួមផ្សំ​នឹង​ពួកគេ​គ្មាន​ចក្ខុវិស័យ​សម្រាប់​អនាគត​ខ្លួនឯង​។

លោក​បន្តថា​៖ «​ពួកគេ​ខ្វះ​ការត្រិះរិះ​ពិចារណា​ផ្នែក​ជំនាញ​ទន់ ធ្វើតាម​ទម្លាប់​អវិជ្ជមាន យក​គំរូ​តាម​បុគ្គល​មិនល្អ​។ ខ្វះ​ការយល់ដឹង​ពី​បញ្ហា​សង្គម មិន​ស្គាល់​ច្បាប់ ឬ​ចេះ​ច្បាប់​តិចតួច​ពេក​ពិសេស​គ្មាន​ការតម្រង់ទិស​អនាគត​ច្បាស់លាស់​»៕