ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ខេត្ត​ព្រះវិហារ​បាន​ឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​បញ្ហា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ពុំមាន​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ប្រទេស​ថៃ​ទៀត​ទេ ព្រោះ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ ២ បាន​បង្កើន​ការរឹតបន្តឹង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​រៀងៗ​ខ្លួន​។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី​វឌ្ឍនភាព​មូលដ្ឋាន ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ​នេះ អភិបាលរង​ខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី បាន​ថ្លែងថា មុនពេល​រីករាល​នៃ​ជំងឺ​កូវីដ ​១៩ ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដើម្បី​កាប់​គ្រញូង​មក​លក់​។ ប៉ុន្តែ​ដោយសារ​កូវីដ ១៩ កម្លាំង​ព្រំដែន​នៃ​ប្រទេស​ទាំង ​២ ​បាន​បង្កើន​ការការពារ​ទើប​មិនមាន​ករណីនេះ​នៅ​ខេត្តព្រះវិហារ​។

លោក​ថា​៖ «​ចំពោះ​ការ​ជួញដូរ​ឈើ​គ្រញូង សូមបញ្ជាក់ថា រយៈពេល​នេះ​ដោយ​ស្ថានភាព​កូវីដ​ខាង​ភាគី​ថៃ​គេ​មាន​ការប្រយ័ត្ន​ក្នុងការ​ចេញចូល​ឆ្លងដែន យើង​ក៏មាន​ការប្រយ័ត្ន​ក្នុង​ការចេញចូល អ៊ីចឹង​ការជួញដូរ​ឈើ​គ្រញូង មិនមាន​ទេ​»​។

លោក​ថា​៖ «​បើ​ពីមុន​មាន​មែន ដោយសារ​បញ្ហា​គ្រញូង​លក់បាន​ថ្លៃ ហើយ​ឈ្មួញ​មានការ​ទាក់ទង​ទិញ​លក់ ប៉ុន្តែ​ឥឡូវនេះ​មិនមាន​ការឆ្លង​ដែន​កាប់​ឈើ​គ្រញូង​ទៀត​ទេ​»​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នេះដែរ លោក អ៊ុង វុទ្ធី បាន​ថ្លែងថា បច្ចុប្បន្ននេះ​កម្ពុជា​មាន​កិច្ចសហការ​ល្អជា​មួយ​ប្រទេស​ជិតខាង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ហើយ​ពុំមាន​ភាពមិនប្រក្រតី​កើតឡើង​ធំដុំ​នោះទេ​។

លោក​ថា​៖ «​តាម​បណ្តាយ​ព្រំដែន​យើង​មាន​សន្តិសុខ សុវត្ថិភាព ក្រុមការងារ​ដឹកនាំ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេចតេជោ យើង​មាន​កិច្ចសហប្រតិបត្តិ​ការល្អ​រវាង​ប្រទេស​ទាំង ​២​ នោះ​តាម​ព្រំដែន គឺថា​អាជ្ញាធរខេត្ត អាជ្ញាធរ​ព្រំដែន មេបញ្ជាការ​កងពល​អន្តរាគមន៍​ធំ កងពលតូច មេបញ្ជាការ​តាម​ព្រំដែន គឺ​បាន​សហការគ្នា​ល្អ​»​។

លោក​បាន​ឱ្យដឹង​ដែរ​ថា អាជ្ញា​ពាក់ព័ន្ធ​ព្រំដែន​តែងតែ​មាន​កិច្ចប្រជុំ​រៀងរាល់ខែ ដើម្បី​ស្តាប់​របាយការណ៍ និង​រកដំណោះស្រាយ​នៅពេល​មាន​បញ្ហា​នៅតាម​ព្រំដែន​ថៃ​ និង​ឡាវ​។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិ​មនុស្សលោក មឿន តុលា ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មិន​ថា​ពលករ​ខ្មែរ​ចំណាកស្រុក​ទៅ​ថៃ​ដើម្បី​រក​ការងារ ឬ​លួច​កាប់​គ្រញូង​នៅ​ថៃ គឺ​ដោយសារ​កត្តា​ជីវភាព និង​មិនមាន​ការងារ​ច្បាស់លាស់​ក្នុងស្រុក​ជាដើម​។

លោក​បាន​ថ្លែង​ដោយ​ជំរុញ​ដល់​រដ្ឋាភិបាល​គួរ​គិតគូរ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​បន្ថែមទៀត ដូចជា​វិស័យ​កសិកម្ម​៕