បន្ទាយមានជ័យៈ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បាន​បិទ​បញ្ចប់​ការដាំ​ដើមឈើ​ ១០០ ភាគរយ ក្នុង​តំបន់​ ៣ ​នៃ​បឹង​ទន្លេសាប​ក្នុង​នោះ​មាន​ដើមឈើ​ព្រៃ​លិចទឹក និង​ឫស្សី​ជាង ៣ ​ម៉ឺន​ដើម​គ្រាប់ ត្រូវបាន​ដាំ​រួចរាល់​លើ​ផ្ទៃដី​ប្រមាណ ១២ ០០០ ​ហិកតា​។

ជាមួយ​គ្នានេះ នីតិបុគ្គល និង​រូបវន្ត​បុគ្គល​ជិត ២០ ​នាក់-​អង្គ ទទួលបាន​បណ្ណ​សរសើរ​មេត្រី​បរិស្ថាន​ពី​ក្រសួងបរិស្ថាន ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុងការ​ការពារ​បរិស្ថាន​។

កាលពី​ថ្ងៃអាទិត្យ ទី ​១៣ ខែកុម្ភៈ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ មន្ទីរ​អង្គភាព កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់​បាន​ចូលរួម​យ៉ាង​សស្រោកសស្រាំ​ក្នុង​ការដាំ​ដើមឈើ​ឡើងវិញ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ព្រៃលិចទឹក​លើក​ទី​ ៨ ដែល​សកម្មភាព​នេះ គឺជា​ការបិទ​បញ្ចប់​នូវ​យុទ្ធនា​ការដាំ​ដើមឈើ​នៅ​តំបន់​ ៣ នៃ​ផ្ទៃដី​លិច​ទឹក​ជាប់​បឹង​ទន្លេសាប ខេត្តបន្ទាយមានជ័យ​។

ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ឱ្យដឹងថា ក្នុង​យុទ្ធនាការ​ទាំង​ ៨​ លើក​នេះ គឺមាន​ឫស្សី ដើម​រាំង​ទឹក និង​គ្រាប់ត្នោត​ជាង ៣ ​ម៉ឺន​ដើម-​គ្រាប់ ត្រូវបាន​ដាំ​នៅ​ដែន​ព្រៃ​លិច​ទឹក​នៅ​តំបន់​ ៣ ក្នុង​ភូមិសាស្ត្រ ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មង្គលបុរី​។

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជាក់ថា​៖ «​ការដាំ​សរុប​ទាំង​ ៨ ​លើក​មាន​ចំនួន​គុម្ព​ឫស្សី ៧ ២២០​ គុម្ព ដើម​រាំង​ទឹក ៦ ៩០០ គ្រាប់ត្នោត ១៨ ៦៦០ គ្រាប់ និង​ដើម​រំដេញ​ ៦០០ ​ដើម​»​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា ចំពោះ​ការចូលរួម​យ៉ាង​សស្រោកសស្រាំ​របស់​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ មន្ទីរ​អង្គភាព កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ យុវជន គឺជា​ការរួមចំណែក​ដាំ​ឈើ​ឡើងវិញ ការពារ​ធនធាន​ធម្មជាតិ ព្រៃ​លិច​ទឹកសាប​របស់​យើង​តាម​អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។

លោក អ៊ុំ រាត្រី បាន​គូសបញ្ជាក់ថា​៖ «​ការដាំ​កូនឈើ​ឡើងវិញ​នៅពេលនេះ គឺ​ដើម្បី​បង្ហាញ​ពី​ការចូលរួម​ទាំងអស់​គ្នា​ក្នុងការ​ចូលរួម​ទប់ស្កាត់ ការកាប់​ទន្ទ្រាន​ខុសច្បាប់​ដី​តំបន់​ ៣ ដីព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ក្នុងស្រុក ​២ ដែល​រង​ការកាប់​ទន្ទ្រាន​ខុសច្បាប់ គឺ​ព្រះនេត្រព្រះ ស្រុក​មង្គលបុរី​បានបញ្ចប់​រួចរាល់ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ទទួលខុសត្រូវ​ថែទាំ​បន្ត​»​។

ជាមួយ​នឹង​ការបិទបញ្ចប់​នៃ​ការដាំ​ដើមឈើ​នេះ ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​ ១៤ កុម្ភៈ បាន​ប្រគល់​បណ្ណ​សរសើរ​នីតិបុគ្គល និង​រូបវន្តបុគ្គល សម្រាប់​ខេត្តបន្ទាយមានជ័យ​ចំនួន​ ១៩ ​អង្គ-​នាក់​ផងដែរ បន្ទាប់ពី​ពួកគេ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការការពារ​ធនធាន​ធម្មជាតិ​នៅក្នុង​ខេត្ត​នេះ​។

លោក សូ ខនឫទ្ឋិគុណ រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន​ដែល​ដឹកនាំ​ក្រុមការងារ​ប្រគល់​បណ្ណ​សរសើរ​មេត្រី​បរិស្ថាន​ដល់​នីតិបុគ្គល និង​រូបវន្ត​បុគ្គល​នេះ​បាន​និយាយថា ការផ្តល់​បណ្ណ​សរសើរ​មេត្រី​បរិស្ថាន គឺ​ផ្តោតលើ​លក្ខណៈវិនិច្ឆ័យ​ចំនួន​ ៧ ដែល​ពួកគេ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការការពារ​សម្បត្តិ​ធម្មជាតិ​។

លោក​បន្តថា លក្ខណៈវិនិច្ឆ័យ​ចំនួន​ ៧ ដែល​ក្រសួង​ជ្រើសរើស គឺ​រួមមាន​លក្ខណសម្បត្តិ​របស់​បុគ្គល​ចំណេះដឹង​អំពី​បរិស្ថាន ការចែករំលែក​ចំណេះដឹង និង​បទពិសោធ ការប្រតិបត្តិ​មេត្រី​បរិស្ថាន បទពិសោធ​ការងារ និង​ទេពកោសល្យ​បរិស្ថាន​ប្រតិបត្តិផល និង​គុណផល ការងារ​មេត្រី​បរិស្ថាន រួមទាំង​ការប្រតិបត្តិ​តាម​បទប្បញ្ញត្តិ​ទាក់ទង​នឹង​បរិស្ថាន​។

លោក​បញ្ជាក់ថា​៖ «​ចូលរួម​អបអរសាទរ ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​ចូលរួម​ថែរក្សា​បរិស្ថាន​រហូត​បាន​ទទួល​នូវ​បណ្ណ​សរសើរ​មេត្រី​បរិស្ថាន​នាពេលនេះ​។ សូមបញ្ជាក់ថា នៅ​ឆ្នាំ​ ២០២១ ​នេះ ការផ្តល់​បណ្ណ​សរសើរ​នីតិបុគ្គល និង​រូបវន្តបុគ្គល ខេត្ត​បន្ទាយមានជ័យ​មាន​ចំនួន​ ១៩ ​អង្គ-​នាក់​»​។

លោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ កុម្ភៈ​ថា ការប្រគល់​បណ្ណ​សរសើរ​មេត្រី​បរិស្ថាន​ដល់​នីតិបុគ្គល និង​រូបវន្តបុគ្គល​នៅក្នុង​ខេត្ត​នេះ គឺជា​ការលើកទឹកចិត្ត​មួយ​ទៅដល់​មន្ត្រី និង​វិស័យ​ឯកជន​ដែល​បាន​ប្រឹងប្រែង​ចូលរួម​ធ្វើឱ្យ​បរិស្ថាន​បៃតង​មាន​ភាពប្រសើរ​ឡើងវិញ​។ ក្នុងនាម​រដ្ឋបាលខេត្ត លោក​បញ្ជាក់ថា នឹង​បន្ត​ជំរុញ​បន្ថែមទៀត​ឱ្យ​មាន​ការចូលរួម​ពី​បណ្តា​សាធារណជន មន្ត្រី និង​វិស័យ​ឯកជន ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​នៅ​ទូទាំង​ខេត្ត​។ លោក​បាន​បញ្ជាក់ថា​៖ «​យើង​នឹង​បន្ត​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​យើង​យល់​ពី​ផលប៉ះពាល់​បរិស្ថាន និង​បញ្ហា​ផ្សេងៗ​ដែល​ធ្វើឱ្យ​ជះឥទ្ធិពល​ទៅដល់​សុខភាព​របស់​​មនុស្ស​។ យើង​នឹងធ្វើ​យ៉ាងណា​ឱ្យ​បរិស្ថាន​របស់​យើង​ក្លាយ​ទៅជា​បរិស្ថាន​បៃតង ដែល​អាច​ធ្វើឱ្យ​ធនធាន​ធម្មជាតិ​ល្អប្រសើរ​ឡើងវិញ សម្រាប់​ជិវីតសត្វ និង​មនុស្ស​»៕