ភ្នំពេញៈ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ស្តីពី​វឌ្ឍនភាព​មូលដ្ឋាន ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្ត​ព្រះវិហារ​នា​ថ្ងៃទី​ ១៥ ​កុម្ភៈ ក្រុមប្រឹក្សា​ខេត្តព្រះវិហារ ដាក់​ទិសដៅ​ឱ្យ​មន្ត្រី​ចុះ​ដល់​មូលដ្ឋាន ដើម្បី​ប្រមូល​សំណូមពរ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ហើយក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន យកចិត្ត​ទុកដាក់​ក្នុង​ការផ្តល់​សេវាសាធារណៈ និង​ត្រូវខិតខំ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។

ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ លោក​ ឡុង សុវណ្ណ ថ្លែង​ក្នុង​សន្និសីទ​នោះ​ថា ជាក់ស្តែង​កន្លងមក​ក្រុមប្រឹក្សា​ខេត្ត​បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច និង​ការងារ របស់ខ្លួន​ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​។ ក្នុង​នោះបាន​បែងចែក​តួនាទី​ភារកិច្ច​ជូន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ឱ្យ​ចុះ​សហការ​ជាមួយ​រដ្ឋបាល​ក្រុង ស្រុក ក្នុង​ការប្រមូល​ព័ត៌មាន សំណើ និង​សំណូមពរ​នានា ដើម្បី​រៀបចំ​របាយការណ៍​សម្រាប់​ដាក់​ចូលក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ដើម្បី​ដោះស្រាយ និង​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

លោក​ថា ក្រុមប្រឹក្សា​ខេត្ត​បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅតាម​ក្រុង​ស្រុក​ដោយ​ក្នុង​ឆ្នាំ ​២០១៩ បានទទួល​សំណើ និង​សំណូមពរ​ចំនួន ៥៣ ​ករណី និង​បានធ្វើការ​ដោះស្រាយបាន​ ៤៥ ​ករណី​។ ប៉ុន្តែ​ក្នុង​ឆ្នាំ​ ២០២០ និង​ ២០២១ ក្រុមប្រឹក្សា​ខេត្ត​មិនបាន​រៀបចំ​វេទិកា​នោះទេ ដោយសារ​បញ្ហា​កូវីដ​ ១៩​។

លោក​បញ្ជាក់ថា​៖ «​ទោះបី​មិនបាន​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់ ប៉ុន្តែ​បានផ្តល់​ការបណ្តុះបណ្តាល​អភិវឌ្ឍន៍​សមត្ថភាព​សមាជិក​ជា​បន្តបន្ទាប់ ដើម្បី​មានចំណេះដឹង​ និង​ជំនាញ និង​មាន​ឥរិយាបថ​ល្អ​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ​»​។

ទន្ទឹមនឹង​ការរីកចម្រើន​ក្នុង​ខេត្ត លោក​ ឡុង សុវណ្ណ ក៏បាន​លើក​ពី​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​សំណូមពរ និង​កង្វល់​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ពុំទាន់​ដោះស្រាយ​បាន​ទាន់ពេលវេលា​នៅឡើយ ដូចជា​ផ្លូវ ថ្នល់ ស្ពាន​។​ល​។ តភ្ជាប់​ពី​ភូមិ​ ១ ទៅ​ភូមិ​ ១ ហើយ​ភូមិ​ខ្លះ នៅមាន​ការលំបាក ដោយសារ​មិនមាន​ថវិកា​ដើម្បី​សាងសង់​។

ទោះយ៉ាងណា ដើម្បី​អភិវឌ្ឍ​ខេត្ត ក្រុមប្រឹក្សា​ខេត្ត​បានដាក់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០២២ ដោយ​បន្ត​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោល់​របស់​ក្រុមប្រឹក្សា​ខេត្ត និង​បន្ត​ចុះ​គាំទ្រ​ដល់​មូលដ្ឋាន ដើម្បី​ប្រមូល​ព័ត៌មាន​ចំហ​ពី​ប្រជាពលរដ្ឋ និង​ប្រមូល​សំណូមពរ ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា​។ បន្ត​ពង្រឹង និង​គាំទ្រ​ដល់​យន្តការ​សម្រុះសម្រួល និង​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ តាមរយៈ​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​។ បន្ត​ពង្រឹង​គោលនយោបាយ​រៀបចំ ផែនការអភិវឌ្ឍន៍ និង​ការកសាង​កម្មវិធី​វិនិយោគ​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ និង​ការរៀបចំ​យុទ្ធសាស្ត្រ​ថវិកា ដើម្បី​ស្របទៅនឹង​តម្រូវការ​ការអភិវឌ្ឍ​។

មេឃុំ​ទឹក​ក្រហម លោក​ វ៉ន សារ៉ុម លើកឡើងថា ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​របស់​ឃុំ​ក្នុង​អាណត្តិ​មុន និង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ក៏ដូចជា​បច្ចុប្បន្ន​មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្លូវថ្នល់​ខ្វាត់ខ្វែង​គ្រប់​ភូមិ ដែល​បានប្រែក្លាយ​ពី​ផ្លូវ​ក្រាល​ដីស​ទៅ​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​បានរៀបចំ​ផ្សារ​សម្រាប់​ដោះដូរ​ទំនិញ​គ្រប់​ប្រភេទ​ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​ជូន​ប្រជាពលរដ្ឋ​។ ដោយឡែក ផ្នែក​សង្គមកិច្ច​ជា​ផ្នែក​មួយ​សំខាន់ ដោយ​លើកយក​បញ្ហា​សមភាព​យេនឌ័រ​មក​បញ្ច្រាប​ចូល​គ្រប់​សកម្មភាព​ទាំងអស់​ក្នុង​មូលដ្ឋាន ហើយ​បាន​ដោះស្រាយ​លើ​គ្រប់​វិស័យ​។ ជាពិសេស​វិស័យ​សេវាកម្ម កសិកម្ម សុខាភិបាល និង​វិស័យ​អប់រំ​។

លោក​បន្តថា សម្រាប់​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការដោះស្រាយ​វិវាទ​នៅ​ឃុំ​វិញ លោក​បាន​សម្រុះសម្រួល​បញ្ចប់​ទំនាស់​បាន​ ១៨៦ ​ករណី និង​បាន​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ និង​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការដោះស្រាយ​វិវាទ​របស់​ខ្ញុំបាទ​មិនមែន​យក​យន្តការ​ផ្លូវច្បាប់​ជាធំ​ទេ គឺ​ប្រើ​យន្តការ​សម្របសម្រួល​ជាធំ ហើយ​យើង​តាមដាន​អង្កេត​។ មានន័យថា ការដោះស្រាយ​ទំនាស់ មាន​ទំនាស់​ចំហ និង​ទំនាស់​បង្កប់​។ ​ទំនាស់​ចំហ គាត់​ជេរ​គ្នា យើង​ដឹង​រឿង ប៉ុន្តែ​ទំនាស់​បង្កប់​ទាល់តែ​យើង​ស្រាវជ្រាវ​រក​ឫសគល់​»​។

លោក​បញ្ជាក់ថា​៖ «​កាលណា​យើង​យក​យន្តការ​សម្របសម្រួល​មក​ដោះស្រាយ ពួកគាត់​សប្បាយចិត្ត​។ បើ​យើង​សម្របសម្រួល​ផ្លូវច្បាប់ គឺមាន​ឈ្នះ​មាន​ចាញ់​។ អ៊ីចឹង​យើង​ព្យាយាម​ឱ្យ​គាត់​យក​យន្តការ​សម្របសម្រួល​ឈរលើ​គោលការណ៍​ឈ្ន​ឈ្នះ​»​។

ខេត្តព្រះវិហារ​មាន​ប្រភព​ធនធាន​រ៉ែ​សំខាន់ៗ ដូចជា មាស ដែក ស្ពាន់ និង​សំណ​។​ល​។ ប៉ុន្តែ​ពុំទាន់​មានលទ្ធភាព​ទាញយកផល​បាន​នៅឡើយ​ទេ​។ ជាមួយ​គ្នានេះ ខេត្ត​ក៏​មាន​ប្រាសាទ​បុរាណ​ជាច្រើន​កន្លែង​ក្នុង​នោះ​មាន ៣​ សំខាន់ គឺ​ប្រាសាទ​ព្រះវិហារ​ស្ថិតនៅលើ​កំពូលភ្នំ​ដងរែក​ជាប់​ព្រំប្រទល់​ថៃ ប្រាសាទ​កោះកែរ និង​ប្រាសាទព្រះខ័ន​កំពង់ស្វាយ​។ រមណីយដ្ឋាន​ធម្មជាតិ ទឹកជ្រោះ ព្រះនិម្មិត ជាប់​ព្រំដែន​ប្រទេស​ឡាវ និង​ភ្នំ​ត្បែង​ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​ត្បែងមានជ័យ ស្រុក​សង្គមថ្មី ស្រុក​គូលែន ដែលមាន​សក្តានុពល​ខ្ពស់​ខាង​វិស័យ​ទេសចរណ៍​។

ជាមួយ​គ្នានេះ​រាជរដ្ឋាភិបាល​ក៏​បាននិងកំពុង​សាងសង់​ទំនប់​អាងទឹក​រក្សា​ក្នុង​ភូមិសាស្ត្រ ឃុំ​រក្សា ស្រុក​រវៀង និង​ឃុំ​ពទ្រា ស្រុក​ជ័យសែន ដោយ​បិទ​ស្ទឹងសែន ដែលមាន​សមត្ថភាព​អាច​រក្សា​ទឹក​ទុក​បាន​ប្រមាណ ២៥៦,៩ ​លាន​ម៉ែត្រគុប សម្រាប់​ផ្គត់ផ្គង់​ទាំង​វិស័យ​កសិកម្ម និង​ការប្រើប្រាស់​សព្វសារពើ​។ នេះ​បើតាម​របាយការណ៍​សង្ខេប​របស់​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​៕