ភ្នំពេញៈ កម្ពុជា និង​សិង្ហបុរី ប្តេជ្ញា​បន្ត​រឹតចំណង​សាមគ្គីភាព​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ដោយ​ផ្តោត​សំខាន់​លើ​ការស្វែងយល់​ពី​តម្រូវការ​របស់​ប្រជាជន​វ័យក្មេង ដែលជា​កម្លាំង​ស្នូល​ដ៏សំខាន់​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​។

ការប្តេជ្ញា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​ប្រធាន​គណៈកម្មការ​ទី​ ៧ នៃ​រដ្ឋសភា​លោក ហ៊ុន ម៉ានី បានទទួល​ជួប​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​សិង្ហបុរី​លោក វីវៀន បាឡាគ្រីស្សស្នាន នាឱកាស​ដែល​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ ឆ្នាំ ២០២២​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋសភា​បាន​ឱ្យដឹងថា ក្នុងជំនួប​នោះ​ភាគី​ទាំង​ ២ បាន​ពិភាក្សា​បន្ត​ស្មារតី​នៃ​ទំនាក់ទំនង​ល្អ​ដែល​បាន​ចាក់ឫស​រឹងមាំ​រវាង​មេដឹកនាំ​ទាំង ​២ រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Lee Hsien Loong អតីត​នាយករដ្ឋមន្ត្រី​សិង្ហបុរី ដែល​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​រីកចម្រើន​បន្តទៅ​ដល់​ជំនាន់ក្រោយ​។ ភាគី​ទាំង​ ២ ក៏បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​អំពី​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ ២​ ដែល​ក្នុងនាម​ជា​ប្រទេស​រួម​សហគមន៍​អាស៊ាន​តែមួយ​ផងដែរ​។

​នៅក្នុង​ជំនួប​នោះ ភាគី​ទាំង ​២ បានធ្វើការ​ពិភាក្សា​ដោយ​ផ្តោត​សំខាន់​លើ​ការបន្ត​រឹតចំណង​មិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន និង​ការស្វែងយល់​ពី​តម្រូវការ​របស់​ប្រជាជន​វ័យក្មេង​នៃ​ប្រទេស​ទាំង​ ២ ផងដែរ​។

រដ្ឋសភា​បន្តថា៖ «​ភាគី​ទាំង​ ២ បាន​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​បទពិសោធ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការងារ​យុវជន​របស់​ប្រទេស​ទាំង ​២ និង​បានបង្ហាញ​ជំហរ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​យុវជន​នៃ​ប្រទេស​ទាំង​ ២ ក្នុង​ការ​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​កាន់តែច្រើន តាមរយៈ​ការបង្កើន​ការផ្លាស់ប្តូរ​ឱកាស​ជំនួប និង​គម្រោង​ការងារ​រវាង​យុវជន​អ្នក​បន្តវេន​ជំនាន់​ក្រោយ​»​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក វីវៀន បាឡាគ្រីស្សស្នាន ក៏​ចូលជួប​សវនាការ សម្តែង​ការគួរសម​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ នៅក្នុង​ថ្ងៃ​ដដែល​នោះ​។

សូមជម្រាបថា លោក វីវៀន បាឡាគ្រីស្សស្នាន ធ្លាប់បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ម្តង​រួចហើយ កាលពី​ខែតុលា ឆ្នាំ​ ២០១៧​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​សិង្ហបុរី ស្តីពី​ការពិគ្រោះ​យោបល់​ផ្នែក​នយោបាយ​។

ក្រសួងការបរទេស​កម្ពុជា​បានឱ្យដឹង​ដែរ​ថា ចាប់តាំងពី​ការភ្ជាប់​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​ ១៩៦៥ រវាង​ប្រទេស​ទាំង​ ២ ​មក គឺមាន​កិច្ច​សហប្រតិបត្តិការ​ល្អប្រសើរ ដូចដែល​បានឃើញ​តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ និង​កំណើន​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក​ប្រចាំឆ្នាំ​គួរឱ្យ​កត់សម្គាល់​៕